RSS

ម៉ម សូណង់ដូ៖ បុព្វហេតុ​ដើម្បី​ប្រទេស​កម្ពជា គ្មាន​អំណាច​ផ្ដាច់​ការ

| Updated on Fri 31 May, 2013 at 17:15 | 24852 views
អ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្សលោក ម៉ម សូណង់ដូ ដែលទើបនឹងចេញពីពន្ធនាគារកាលពីពាក់កណ្ដាលខែមិនាមុន បានថ្លែងថា លោកនឹងបន្តបុព្វហេតុតស៊ូមតិ របស់លោកជាបន្តទៅទៀត។ ក្នុងដំណើរបេសកកម្ម​ ដែលលោកបានធ្វើនៅ​សហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា លោកបានបញ្ជាក់ថា ប្រទេសរបស់លោក កំពុងដឹកនាំដោយជនផ្ដាច់ការម្នាក់។
ម៉ម សូណង់ដូ៖ បុព្វហេតុ​ដើម្បី​ប្រទេស​កម្ពជា គ្មាន​អំណាច​ផ្ដាច់​ការ
ចែករំលែក
អត្ថបទនេះ

អ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្សលោក ម៉ម សូណង់ដូ ដែលទើបនឹងចេញពីពន្ធនាគារកាលពីពាក់កណ្ដាលខែមិនាមុន បានថ្លែងថា លោកនឹងបន្តបុព្វហេតុតស៊ូមតិ របស់លោកជាបន្តទៅទៀត។ ក្នុងដំណើរបេសកកម្ម​ ដែលលោកបានធ្វើនៅ​សហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា លោកបានបញ្ជាក់ថា ប្រទេសរបស់លោក កំពុងដឹកនាំដោយជនផ្ដាច់ការម្នាក់។


ក្រុមអ្នកគាំទ្រ លើកផ្លាកអោយដោះលែងលោកម៉ម សូណង់ដូ នៅខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info Photo/ O. Vary។

«បើមនុស្សម្នាក់នេះធ្វើអ្វីស្រេចតែនឹងចិត្ត មិនគិតពីច្បាប់ទម្លាប់ មិនខ្វល់ពីសម្លេងរបស់ប្រជាពលរដ្ឋ ហើយធ្វើអ្វីៗគ្រប់បែប​យ៉ាងដើម្បីរក្សាអំណាច ខ្ញុំហៅមនុស្សម្នាក់នេះថា ជាជនផ្ដាច់ការ» នេះជាការលើកឡើងរបស់លោកម៉ម សូណង់ដូ នៅក្នុង​កិច្ចសម្ភាសមួយជាមួយអ្នកកាសែត នៃវិទ្យុកាណាដា។

ពាក្យសម្ដីរបស់លោក ទំនងជាសំដៅទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចតាំងពីជាង២៧ឆ្នាំមកហើយ។ ក្រុមអង្គការសិទ្ធិមនុស្ស បានចាត់ទុកលោកហ៊ុន សែន ដែលមានអាយុ៦០ឆ្នាំរូបនេះ ទៅក្នុងចំណោមមេដឹកនាំទាំង១០នាក់​ក្នុងពិភពលោក ដែលកាន់អំណាចបានយូរជាងគេបង្អស់។

លោកម៉ម សូណង់ដូ បានបង្កើតវិទ្យុសម្បុកឃ្មុំរបស់លោក នៅឆ្នាំ១៩៩៣ ហើយជាមួយនឹងវោហារស័ព្ទ​មិនសំចៃមាត់របស់​លោក បានធ្វើឲ្យលោកជាប់ពន្ធនាគារ ចំនួនបីលើករួចមកហើយ។ សម្រាប់លើកចុងក្រោយ ការបង្ខាំងខ្លួនរបស់លោក​ក្នុង​ពន្ធនាគារព្រៃសរ បានបង្កើតឲ្យមានប្រតិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និង​អន្តរជាតិ និងក៏មានមេដឹកនាំធំៗក្នុងពិភពលោកដែរ ដូចជាលោកបារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​អាមេរិក និងលោកហ្សង់ ម៉ាក អារ៉ូល៍ (Jean-Marc Ayrault) នាយករដ្ឋមន្ត្រីបារាំងនោះជាដើម។

បើទោះជាលោកបាននិយាយសំដៅក្នុងករណីខ្លះ ទៅលើបុរសខ្លាំងម្នាក់ ដែលនៅកាន់អំណាចសព្វថ្ងៃនោះក៏ដោយ តែ​លោកក៏នៅតែបាននិយាយដល់ ទៅក្រុមអ្នកនយោបាយផ្សេងទៀតដូចគ្នាដែរ ដែលកំពុងត្រៀមចូលរួម​ក្នុងការបោះឆ្នោត​នាថ្ងៃទី២៨ខែកក្កដាខាងមុខ។

«បញ្ហាវាមកពីពួកគណបក្សប្រឆាំងដូចគ្នា ដែលគ្មានការកំណត់ឲ្យបានច្បាស់លាស់ ពីការបម្រើប្រទេសជាតិ និងពីផល​ប្រយោជន៍ជាតិ។ ពួកគេគិតតែពីអំណាច។» នេះជាការបរិហាឡើង របស់លោកនៅក្នុងកិច្ចប្រជុំមួយ ជាមួយបណ្ដាជន​កាណាដា ដែលភាគច្រើនមានដើមកំណើតខ្មែរ។

អំពាវនាវកុំចូលរួមការបោះឆ្នោត

បើតាមលោកម៉ម សូណង់ដូ គណកម្មាធិការរៀបចំការបោះឆ្នោត ឬគ.ជ.ប. សព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រងចាត់ចែង​របស់ គណបក្សកាន់អំណាច។ ក្រុមគណបក្សប្រឆាំង ក៏ដឹងពីរឿងនេះដែរ ហើយបានលើកពីបញ្ហានេះ ដើម្បីទាក់ទាញអ្នក​ទៅបោះឆ្នោតឲ្យចាប់អារម្មណ៍ និងបន្ទាប់មកបានធ្វើយុទ្ធនាការ ស្រែកបំពងសម្លេងឲ្យគេឮ។ តែទីបផុតទៅ គឺគណបក្ស​ប្រឆាំងនេះខ្លួនឯង ដែលនៅតែចូលរួម ការបោះឆ្នោត«លួចបន្លំ»នេះដដែល។

លោកផ្ដល់ជាគំនិតថា «បើគ.ជ.ប មិនមានការផ្លាស់ប្ដូរទេ គណបក្សប្រឆាំងត្រូវបដិសេធ កុំចូលរូមការបោះឆ្នោតនេះ»។

តែខ្លួនលោកផ្ទាល់ លោកបានអះអាងថា ចង់បន្តបុព្វហេតុរបស់លោក ដើម្បីឲ្យប្រទេសកម្ពុជាមួយក្លាយជានិតិរដ្ឋ តាម​រយៈវិជ្ជាជីវះរបស់លោក ជាអ្នកកាសែត ជៀសជាងធ្វើជាអ្នកនយោបាយ។ លោកថ្លែងថា «រឿងអំណាច ខ្ញុំមិនខ្វល់ជា​មួយទេ។ ផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ខ្ញុំមិនរវល់ដែរ។ ខ្ញុំគ្រាន់តែចង់សាកល្បង ពន្យល់ប្រជាពលរដ្ឋកម្ពុជា ឲ្យស្គាល់ពី​សិទ្ធិ​របស់ពួកគាត់។ បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ពី៣០ទៅ៤០% មិនចេះអក្សរ។ ពួកគាត់ភ័យនឹងការគម្រាម ហើយរដ្ឋាភិបាលបានធ្វើអាជីវកម្ម ពីលើភាពល្ងង់ខ្លៅរបស់ពួគគាត់។»

«មនុស្សដែលភ័យខ្លាចជាងខ្ញុំ»

ទាក់ទងនឹងបញ្ហាពន្ធនាគារដែលសព្វថ្ងៃ លោកស្ថិតជាទណ្ឌិតដោយការព្យួរទោស នោះនៅឡើយ លោកម៉ម សូណង់ដូ បាននិយាយថា «ខ្ញុំមិនភ័យនឹងគុកច្រវ៉ាក់ទេ។ មិនមានន័យថា ខ្ញុំចង់នោះទេ។ តែបើខ្ញុំមិនមានធ្វើអ្វីខុសទាល់តែសោះ ហើយគេចាប់ខ្ញុំដាក់គុក គឺមនុស្សដែលចាប់ខ្ញុំដាក់គុកនោះទៅវិញទេ ដែលភ័យខ្លាចជាងខ្ញុំទៅទៀត។» លោកបានបន្ថែម យ៉ាងមុតមាំថា «បើខ្ញុំភ័យ រីខ្ញុំបិតមាត់ គឺខ្ញុំក្បត់វិជ្ជាជីវះរបស់ខ្ញុំ ជាអ្នកសារព័ត៌មានហើយ»។

នៅពេលឆ្លើយនឹងសំនួរ ស្ដីពីក្ដីសង្ឃឹមក្នុងបុព្វហេតុ ម្ចាស់វិទ្យុរូបនេះបានថ្លែងប្រកបដោយសុទិដ្ឋិនិយមថា «នៅពេលគេ​កាត់ឈើខ្លឹម វាពិបាកកាត់ណាស់។ តែបើឈើវាពុកហើយស្អុយនោះ ត្រឹមតែដាក់មួយកាំបិត វានឹងដាច់អស់ជាមិនខាន។ ហើយខ្ញុំរងចាំពេលវេលានេះមកដល់៕»

---------------------------------------------------------
ដោយៈ សុបិន្ត - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ



Agregar a BlinkList.com! Add to Del.icio.us! Digg It! Add to FaceBook! Add to Furl! Agregar a Reddit! Agregar a StumbleUpon! Tweet on Twitter Share on Linked In Add to Google Bookmarks Add to Yahoo! Bookmarks Share on Tuenti
 

យោបល់ និងមតិ