RSS
Twitter
Facebook
Google plus
Youtube
khmer
 
event blog khmer unicode contact artsia

ព្រឹត្តិប័ត្រ និងអត្ថបទថ្មីៗបំផុត

ព្យាករណ៍ឧត្តុនិយម

យោបល់និងមតិថ្មីៗ

រូបភាពប្រចាំថ្ងៃ


by Monoroom
May 04, 2013

by Monoroom
May 04, 2013

អ្នកទស្សនា

17 user(s) are online (7 user(s) are browsing Article Newsreader)

Members: 1
Guests: 16

Monoroom, more...
ចែករំលែក
អត្ថបទនេះ

អំពីសាស្រ្តាចារ្យ ឬគ្រូបង្រៀន -​ សាកល្បងសិក្សា ពន្យល់ ពីស្ថានភាពទូទៅ

Published on Thu 10 May, 2012 at 19:17 by 19:17. | 605 views | Trackback

ទិដ្ឋភាពការងារ ជាគ្រូបង្រៀន នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននៅប្រទេសខ្លះ ត្រូវបានគេយកចិត្តទុកដាក់ខ្លាំងក្លាជា ទីបំផុត ដូចជាប្រទេស ជប៉ុន អាមេរិក អូស្ត្រាលី ស៊ុយអែត ណូវ៉ែលសឺឡង់ អាឡឺម៉ង់ អង់គ្លេស បារាំង សាំងហ្កាពួរជាដើម។ ចំណែកនៅប្រទេសខ្លះទៀតបែរជាមានការធ្លាក់ចុះ មិនត្រូវបានគេឲ្យតម្លៃទៅវិញ។ ប្រជាពលរដ្ឋ ក៏ដូចជាជាអ្នកដឹកនាំមួយ ចំនួនថែមទាំងធ្វើជាបំភ្លេច និងបានជាន់ឈ្លីការងារនេះថែមទៀតផង។

    ហេតុអ្វីបានជាមានវិសមភាពគ្នាបែបនេះទៅវិញ?
    តើលោកអ្នកយល់យ៉ាងណាដែរអំពីការងារជាគ្រូបង្រៀន?
    តើទិដ្ឋភាពនៃការវិវិត្តការងារគ្រូបង្រៀនខ្មែរនាពេលបច្ចុប្បន្នឈានដល់កម្រិតណាហើយ?

តទៅនេះ សូមអញ្ជើញលោកអ្នកតាមដាន ការបកស្រាយរបស់យើងខ្ញុំ ដូចខាងក្រោម៖

ក. តើគ្រូបង្រៀន គឺជានរណា?

  • គ្រូ ឬ គ្រូបង្រៀន មានអត្ថន័យថា ជាអ្នកដែលមានចិត្តធ្ងន់ អ្នកដែលគួរគេគោរព អ្នកបង្ហាត់បង្រៀនចំណេះវិជ្ជា សិល្ប៍សាស្ត្រផ្សេងៗដល់សិស្ស ។
  • គ្រូ ឬ គ្រូបង្រៀន ជាបុគ្គលដែលញ៉ាំងឲ្យអ្នកដទៃបានរៀនសូត្រ អ្នកប្រៀនមនុស្សឲ្យចេះដឹង អ្នកឲ្យចំណេះដោយការ បង្ហាត់បង្រៀន អ្នកបង្ហាញផ្លូវឲ្យសិស្សគុនបានចេះដឹង ។
  • ពាក្យដែលខ្មែរនិយមហៅ ៖ គ្រូ គ្រូបាចារ្យ គ្រូបាធ្យាយ គ្រូលេខ គ្រូអក្សរ គ្រូពេទ្យ គ្រូបំបួស គ្រូសូត្រ គ្រូភ្លេង គ្រូផ្សំថ្នាំបុរាណ គ្រូគុន លោកគ្រូអ្នកគ្រូ ។

ខ.​ តើមានហេតុផលអ្វីខ្លះ ដែលចាំត្រូវក្លាយជាគ្រូបង្រៀន?

ការបង្រៀន គឺជាតម្រូវការដ៏ពិសេសមួយរបស់មនុស្ស។ ប៉ុន្តែវាមិនមែនជាមុខរបរ ដែលសក្តិសមចំពោះមនុស្សគ្រប់គ្នា ឡើយ។ ជាក់ស្តែង មានគ្រូបង្រៀនថ្មីៗជាច្រើន បានសម្រេចលាឈប់ពីការងារបង្រៀនរបស់ខ្លួនក្រោយរយៈពេល ២ ទៅ ៣ ឆ្នាំ ដំបូងនៃការបង្រៀនរបស់ខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ការបង្រៀនក៏ត្រូវបានគេមើលឃើញ ពីផល តបស្នងជាច្រើនត្រលប់មកវិញដែរ នៅក្នុងពេលដំណាលគ្នានៃការប្រកបអាជីពជាគ្រូបង្រៀននេះ។ ក្មេងៗ និងមនុស្ស ទាំងអស់ នៅលើពិភពលោកមិនថាតែសិស្សសាលារដ្ឋ ឬឯកជនឡើយ តែងពឹងផ្អែកជាសំខាន់ទៅលើ អ្នកដែលមាននាទី ជាគ្រូបង្រៀន និង បណ្ណារក្ខ ។

តាមលោកយោបល់របស់លោកស្រី Laura Bush លោកស្រីបានពោលថា «ខ្ញុំយល់ច្បាស់តាំងតែពីដំបូង ពីរង្វាន់ដែល នឹងកើតចេញពីការបង្រៀន»។ មនុស្សទាំងអស់ដែលឆ្លងកាត់ប្រជាជាតិដ៏អស្ចារ្យរបស់យើង បានបង្ហាញពីចំណង់របស់ ពួកគេ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរមួយនៅសហរដ្ឋអាមេរិក ដើម្បីចែករំលែកនូវមោទនភាពរបស់ពួកគេ នៅក្នុងតម្លៃជា ប្រជាជាតិមួយ ដើម្បីកសាងអនាគតកុមាររបស់យើង ឲ្យបានកាន់តែត្រចះត្រចង់ឡើង ជាលំដាប់។ លោកស្រីបានបន្តទៀតថា នៅពេលដែលពួកគេសួរខ្ញុំពីអ្វីដែលពួកគេអាចធ្វើទៅបាន ក្នុងការរកឲ្យឃើញ ចំណង់ចំណូល ចិត្តមួយ ដែលមានលក្ខណៈឯកជន និងជាអាជីពមួយសម្រាប់ដំណើរជីវិតរបស់ពួកគេ។ ខ្ញុំបានឆ្លើយទៅពួកគេថា ក្លាយជា គ្រូបង្រៀនដ៏ល្អម្នាក់ គឺជារឿងដ៏លំបាកមួយ ជាពិសេសគឺ កិច្ចការបង្រៀន ។ ប៉ុន្តែវាមានផលតបស្នងមកវិញ សម្រាប់សង្គម របស់យើង គឺការជួយឲ្យក្មេងៗ សិស្សានុសិស្ស សិក្ខាកាម ឬនិស្សិតទាំងអស់ ឲ្យមានការកើនឡើង ខាងការយល់ដឹង ព្រមទាំង ជួយឲ្យសម្រេចនូវក្តីសុបិនរបស់ពួកគេ ថែមទៀតផង ។

ហេតុផល ឬផលប្រយោជន៍នៃការប្រកបអាជីពជាគ្រូបង្រៀន មានដូចខាងក្រោម៖

    ១. ដើម្បីជួយផ្តួចផ្តើម ឬបណ្តុះពន្លកនៃការចេះដឹងរបស់ក្មេងៗ

    ២. ដើម្បីអនុវត្តនូវគុណធម៌ដ៏មានតម្លៃបំផុតបីយ៉ាងនៅក្នុងជីវិតរបស់ពួកគេ រួមមានដូចជា សន្តានចិត្តល្អ ភាពអត់ធ្មត់ និង ការយល់ដឹង ។

    ៣. ដើម្បីទទួលនូវបទពិសោធន៍នៃភាពរីករាយដែលកើតចេញពីការឃើញក្មេងៗ រៀនអាន សរសេរ និងធ្វើកិច្ចការ ដែលគ្រូបានដាក់ឲ្យ ដូចជា គណិតវិទ្យា តែងសេចក្តី និពន្ធរឿង តែងកំណាព្យ ឬចម្រៀងជាដើម ព្រមទាំងការ តម្រែ តម្រង់ ពួកគេឲ្យស្ថិតនៅលើគន្លងមួយឆ្ពោះទៅកាន់ភាពជោគជ័យទាំងការសិក្សា និង ទាំងឆាកជីវិតរបស់ពួកគេ។

    ៤. ដើម្បីចែករំលែក នូវសេចក្តីស្រលាញ់របស់អ្នក លើការសិក្សាពីចិត្តសាស្រ្តរបស់ក្មេងៗ និង ជួយសិស្សានុសិស្ស ឲ្យរកឃើញនូវសក្តានុពលរបស់ពួកគេ ។

    ៥. ដើម្បីបានមើលឃើញពីពិភពលោកថ្មីមួយដែលកើតចេញពីការយល់ដឹងរបស់ក្មេងៗ ឬដើម្បីបានរៀននូវអ្វីដែលថ្មី ត្រលប់មកវិញ៖ នៅពេលបង្រៀន ព្រមទាំងបានរៀនអ្វីមួយមកវិញពីពួកគេទាំងនោះ។ ការបង្រៀនអ្នកដទៃ គឺធ្វើឲ្យ លោកអ្នក មានឱកាសបានរៀនសូត្រលើប្រធានបទថ្មីៗ បានយ៉ាងប្រសើរជាង កិច្ចការងារផ្សេងទៀត។ នៅពេលដែល លោកអ្នកកំពុងតែធ្វើការងារណាមួយ ហើយបន្ទាប់មកលោកអ្នកមានឱកាសបង្ហាត់បង្រៀនអ្នកដទៃ គឺមានន័យថា លោកអ្នកនឹងបានយល់កាន់តែច្បាស់ ពីកិច្ចការទាំងនោះ។ បើលោកអ្នកចង់ច្បាស់លាស់ នូវមុខវិជ្ជាដែលលោកអ្នក នឹងត្រូវរៀននៅថ្នាក់បណ្ឌិត លោកអ្នកគួរតែចំណាយពេលប្រឡូកនឹងការងារទាំងនោះ ឲ្យបានមុនយ៉ាងតិច៣ឆ្នាំ ទើបជាការប្រសើរ ។

    ៦. ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ទៅកាន់ភាពប្រសើរថ្លៃថ្លា ដូចៗគ្នា ក្នុងមួយឆាកជីវិតរបស់ក្មេងៗ ដូចដែលលោកគ្រូ អ្នកគ្រូ របស់លោកអ្នកធ្លាប់បានផ្តល់ ចំពោះលោកអ្នកកាលពីមុនមក ។

    ៧. ដើម្បីឲ្យជីវិតកាន់តែមានការអភិវឌ្ឍជាងមុន៖ ការបង្រៀន មិនត្រឹមតែធ្វើឲ្យលោកអ្នក មានការអភិវឌ្ឍ នៅថ្ងៃនេះ ប៉ុណ្ណោះទេ តែវាក៏មានសារប្រយោជន៍ខ្លាំងក្លាណាស់ដែរ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។

    ៨. ដើម្បីជួយឲ្យក្មេងៗ យល់ដឹងពីវិសាលភាពនៃវប្បធម៌ និងតម្លៃនានាដែលធ្វើឲ្យប្រទេសយើង មានសភាព កាន់តែ រឹងមាំ និងមោទនភាពជាងមុន ។

    ៩. ដើម្បីបានបម្រើក្មេងៗ មនុស្សនៅក្នុង សហគមន៍ ប្រទេសជាតិ និង ពិភពលោករបស់លោកអ្នក ។

    ១០. ដើម្បីកែប្រែសេចក្តីស្រលាញ់ នៃការរៀនសូត្ររបស់លោកអ្នក ទៅជាសេចក្តីស្រលាញ់ខាងការបង្រៀន ឬការ ចែកចាយចំណេះ ទៅវិញ ។

    ១១. ដើម្បីបានចែករំលែកនូវចំណង់ ឬសេចក្តីប៉ងប្រាថ្នារបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានចំណូលចិត្ត ចង់ឃើញក្មេងៗធំឡើង ជាមួយនឹងការចេះដឹង លោកអ្នកត្រូវតែធ្វើខ្លួនលោកអ្នក ឲ្យក្លាយទៅជា គ្រូបង្រៀនដ៏ល្អម្នាក់ នៅក្នុងថ្នាក់រៀន សហគមន៍ ឬក៏នៅក្នុងពិភពលោករបស់លោកអ្នក ។

    ១២. ជួយបង្កើនឲ្យសិស្សានុសិស្សកាន់តែមានសក្តានុពលខ្លាំងឡើង៖ បើទោះណាជាសិស្សានុសិស្ស មិនបានទទួល ភាពជោគជ័យ នៅក្នុងការសិក្សារបស់ខ្លួនទាំងអស់គ្នាក៏ដោយ ក៏គ្រូបង្រៀននៅតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ ជម្រុញឲ្យសិស្សានុសិស្ស កាន់តែមានសក្តានុពលខ្លាំងឡើង ជាងមុនជាលំដាប់ មិនថាតែ ចំណេះដឹង ការលត់ដំ អត្តចរិត សីលធម៌ ទេពកោសល្យ ឬគំនិតបង្កើតថ្មី...។ល។ ព្រោះថា សិស្សខ្លះបានទទួលជោគជ័យក្នុងជីវិត នៅកំឡុងពេលដែលកំពុងរៀនសូត្រជាមួយគ្រូ ឯសិស្សខ្លះទៀត មានភាពជោគជ័យនៅក្រោយ ពេលចេញពី សាលារៀន ឬចាកចេញពីគ្រូទៅ ដែលទ្រព្យវិជ្ជា និង ចរិយាសម្បត្តិ ទាំងប៉ុន្មានសុទ្ធតែគ្រូបង្រៀន បានផ្តល់ឲ្យ ទាំងអស់ នៅពេលដែលពួកគេកំពុងសិក្សានៅឡើយ ។

    ១៣. ដើម្បីជួយឲ្យសិស្សានុសិស្សឆាប់ទទួលបាននូវជ័យជំនះក្នុងជីវិត៖ ស្រដឿងគ្នានឹងលក្ខណៈខាងលើនេះដែរ ភាព ជោគជ័យរបស់សិស្ស គឺ កាតាលីករដែលជួយជម្រុញឲ្យលោកគ្រូអ្នកគ្រូ នៅតែមានចិត្តចង់បន្តការបង្រៀន របស់ ពួកគាត់។ សិស្សានុសិស្សដែលមិនសូវមានការយល់ដឹងពីគំនិត បញ្ញាតិ្តនេះ ពួកគេត្រូវតែរៀន សិក្សាវា ដោយខ្លួនឯង ព្រោះថា វាជាមធ្យោបាយក្នុងការជួយពន្លឿន ការយល់ដឹងរបស់ពួកគេ។ ហើយនៅពេល ដែល សិស្សានុសិស្ស ឬមនុស្សណាម្នាក់ស្ថិតក្នុងជំពូកមនុស្សដែលពិបាកអប់រំ (មិនអាចបង្រៀនបាន) រឿងនេះនឹងធ្វើឲ្យ លោកគ្រូអ្នកគ្រូ មានការឈឺក្បាលក្នុងការបង្រៀនមិនខាន ។

    ១៤. ដើម្បីទទួលបាននូវសំណើចជាប្រចាំ និងនៅតែក្មេងវ័យ៖ ការបង្រៀនសិស្ស គឺអាចធ្វើឲ្យលោកអ្នក មានឱកាស នឹងទទួលបាននូវសំណើចជាច្រើន ចេញពីការងារបង្រៀនប្រចាំ ថ្ងៃរបស់លោកអ្នក។ ពេលខ្លះលោកអ្នក អស់ សំណើច ដោយខ្លួនឯងចំពោះទង្វើរខុសឆ្គង ដោយអចេតនាណាមួយ របស់លោកអ្នកក្នុងការបង្រៀន។ ពេលខ្លះ សិស្សានុសិស្សរបស់លោកអ្នក បានចែករំលែកសំណើចជាមួយលោកអ្នក។ ជួនកាលលោកអ្នក ឬក៏សិស្សានុសិស្ស និយាយស្តី ឬចេញកាយវិកាអ្វីមួយបែបជាកំប្លុកកំប្លែង គួរឲ្យចង់សើចទាំងអស់គ្នាដោយមិនដឹងខ្លួន ។ ក្នុងនាម លោកអ្នក ជាគ្រូបង្រៀន សូមស្វែងរកឲ្យឃើញពីភាពកំប្លុកកំប្លែងទាំងនោះ ដើម្បីជីវិតស្រស់ថ្លារបស់លោកអ្នក ។

    ១៥. ដើម្បីទទួលបាននូវការឈប់សម្រាកជាក់លាក់មួយ៖ ការងារបង្រៀន គឺលោកអ្នកតែងតែ បានទទួលការឈប់ សម្រាកជាទៀងទាត់រៀងរាល់ឆ្នាំ។ ពេលបុណ្យជាតិនិងអន្តរជាតិម្តងៗ លោកអ្នកនឹងមានពេល ឈប់សម្រាក ឬរៀបចំដំណើរកម្សាន្តជាមួយនឹងគ្រួសារ ។

    ១៦. ដើម្បីទទួលការគោរពពីមនុស្សនៅក្នុងសហគមន៍៖ ការងារជាគ្រូបង្រៀន តែងតែទទួលបាន ការគោរពសរសើរ យ៉ាងច្រើនពីមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ជាពិសេសសិស្សានុសិស្ស ដែលលោកអ្នកធ្លាប់បានបង្រៀនតែម្តង។ សិស្ស ល្អគឺ ពួកគេមិនដែលរមិលគុណចំពោះលោកគ្រូអ្នកគ្រូរបស់ខ្លួនឡើយ ។

    ១៧. ដើម្បីមានឱកាសនៅជិតឯកសារ និងការអប់រំ៖ លោកអ្នកដែលស្រលាញ់ការអប់រំ ការអាន ឬការស្រាវជ្រាវ ឯកសារ អ្វីដែលសក្តិសមបំផុតសម្រាប់លោកអ្នក គឺ ការងារគ្រូបង្រៀន ។ លោកអ្នកនឹងមានឱកាស អាន ស្រាវជ្រាវ ចងក្រង ឬតែងនិពន្ធឯកសារដោយខ្លួនឯង មានឱកាសបានទទួលការបណ្តុះបណ្តាលបន្ថែម ពីសាលាលើការងារ ដែលកំពុងធ្វើ និង អាជីពថ្មីៗដែលជាប់ពាក់ព័ន្ធផ្សេងទៀត ។

    ១៨. ដើម្បីមានឱកាសតាមដាននៅជាមួយកូនៗរបស់លោកអ្នក៖ ការធ្វើជាគ្រូបង្រៀន គឺលោកអ្នកមានឱកាសច្រើន នៅជិតកូនៗរបស់លោកអ្នក ។ លោកអ្នកមានសមត្ថភាព តាមដានការសិក្សារបស់កូនៗ ហើយក៏អាចមានឱកាស បង្ហាត់បង្រៀនកូនឲ្យរៀនបានពូកែជាងអ្នកដទៃផងដែរ។

    ១៩. ដើម្បីបានធ្វើការនៅក្នុងម្លប់ប្រកបដោយផាសុកភាព៖ ការងារគ្រូបង្រៀនភាគច្រើន គឺស្ថិតនៅក្នុងម្លប់ និងស្ថិត ក្នុងទីកន្លែងមួយដែលមានផាសុកភាពល្អ ។ លោកគ្រូអ្នកគ្រូច្រើនតែមានឱកាសស្លៀកពាក់បានសមរម្យប្រកបដោយ
    អនាម័យ និង គោរពតាមឯកសណ្ឋានសាលាដើម្បីធ្វើជាគំរូល្អដល់សិស្ស ។

    ២០. ដើម្បីទទួលបានស្ថិរភាពការងារ៖ ការងារជាគ្រូបង្រៀន គឺជាមុខរបរមួយប្រភេទដែលសង្គមត្រូវចាំបាច់ជាប្រចាំ ព្រោះថាមនុស្សចាប់កំនើតឡើងជារៀងរាល់ថ្ងៃ ពួកគេត្រូវការរៀនសូត្រ និង ចង់ទទួលបានការអភិវឌ្ឍ ជាប្រចាំ តាមរយៈ ការអប់រំមួយប្រភេទនេះ។ និយោជកតែងតែចង់បាន លោកគ្រូអ្នកគ្រូទាំងឡាយណា ដែលមានបទ ពិសោធន៍ ច្រើននៅក្នុងការបង្រៀន។ ពួកគេក៏តែងតែផ្តល់ឱកាសផងដែរ ដល់អ្នកចាប់អាជីពជាគ្រូបង្រៀនក្នុងជំនាន់ ថ្មី។

    ២១. ជាជំហានទីមួយនៅក្នុងការចាប់អាជីពសំខាន់ៗទាំងឡាយក្នុងសង្គម៖ អ្នកនិពន្ធ អ្នកប្រៀនប្រដៅខាងសាសនា អ្នកនយោបាយ សិល្បៈករ អ្នកចាត់ចែងកម្មវិធី អ្នកអត្ថាធិប្បាយកម្មវិធី អ្នកកាសែត អ្នកដឹកនាំទាំងឡាយភាគច្រើន សុទ្ធតែចេញពីការងារជាគ្រូបង្រៀន ។ ឧទាហរណ៍ដូចជា ព្រះពុទ្ធលោកបានកាន់ការជាគ្រូបង្រៀន ដល់សព្វសត្វ ទាំងអស់ ក្នុងរយៈពេល ៤៥ ព្រះវស្សា ។ ឯកឧត្តម ជ័យ ចាប មុននឹងបានកាន់ការជាមន្ត្រីរាជការ ដ៏សំខាន់ មួយរូបនាពេលនេះ ក៏ព្រោះតែលោកធ្លាប់ជាគ្រូបង្រៀន ប្រកបដោយបទពិសោធន៍ ខ្ពស់អស់រយៈពេល ជាច្រើនឆ្នាំ និង ធ្លាប់ជាអ្នកល្បីល្បាញ ខាងកិច្ចការតែងនិពន្ធ ជាពិសេសចម្រៀង និង កំណាព្យ ។

    ២២. ដើម្បីជួយមនុស្សបានច្រើននានា៖ គ្រូបង្រៀន គឺជាបុគ្គលមួយរូប ដែលមានឱកាសច្រើនជាងគេ ក្នុងការជួយស្រោចស្រង់មនុស្ស បង្ហាញផ្លូវត្រូវដល់មនុស្សគ្រប់ប្រភេទ ដោយគ្មានការរើសអើង។ បើទោះណា ជា ពេលខ្លះ លោកមិនសូវជាមាន ធនធានច្រើនយ៉ាងណាក៏ដោយ ក៏លោកនៅតែមានឱកាសជួយសិស្សរបស់ខ្លួន ទៅកាន់ភាពថ្កុំថ្កើងរុងរឿងបានដែរ តាមរយៈការបង្រៀន ការផ្ទេរចំណេះដឹងរបស់ខ្លួន បានទៅដល់សិស្សានុសិស្ស គ្រប់ៗគ្នា ។

    ២៣. ដើម្បីបង្កើនកម្លាំងពលកម្មដ៏រឹងមាំរបស់ជាតិក៏ដូចជាពិភពលោកទាំងមូល៖ គ្រូបង្រៀន គឺជាមាតាបីតាទី២របស់ សិស្សានុសិស្ស ដែលមានអានុភាពខ្លាំងក្លាបំផុត ខាងការពង្រឹងសមត្ថភាពចេះដឹងរបស់សិស្ស ដើម្បីដើរឲ្យទាន់ នឹងតម្រូវការ ទីផ្សារការងាររបស់ជាតិ ក៏ដូចជាពិភពលោក ។

    ២៤. ដើម្បីបំពេញជាមនុស្សដែលមានអរិយធម៌ខ្ពស់របស់ជាតិក៏ដូចជាពិភពលោក៖ បុគ្គលដែលម្នាក់ៗ មិនដែលគេច ផុតការងារជាគ្រូបង្រៀនឡើយ ។ ព្រោះថា មនុស្សយើង គឺជាសត្វដែលមានប្រាជ្ញាខ្ពស់ជាងសត្វផ្សេងទៀត ។ មនុស្សមានសមត្ថភាព អាចផ្ទេរមត៌កអ្វីៗដែលខ្លួនធ្លាប់មាន មុនពេលខ្លួនលាចាកលោកនេះទៅ។ បើមនុស្សមិនធ្លាប់ បានដើរតួនាទីជាគ្រូបង្រៀនគេទេ នោះមនុស្សមិនទាន់បានបំពេញភារកិច្ច ជាសត្វដែលមានប្រាជ្ញា លើសគេបាន ឡើយ ។

គ. ធ្វើជាគ្រូបង្រៀន អាចនឹងទទួលបានប្រយោជន៍អ្វីខ្លះសម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិ?

ការងារជាគ្រូបង្រៀន បានផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិដូចជា៖

    ១. ជួយឲ្យខួរក្បាលខ្លួនឯងនៅតែឆ្លាតវៃជាដរាប ។
    ២. ផ្តល់ឱកាសឲ្យខ្លួនឯងនៅជិតជាមួយនឹងការអប់រំ ។
    ៣. ទទួលបានប្រាក់កម្រៃមួយសមរម្យប្រកបដោយស្ថិរភាព ។
    ៤. ទទួលបានការគោរព ស្រលាញ់ច្រើន ពីមហាជន ។
    ៥. ជួយលើកកិត្តិយសឲ្យគ្រួសារក៏ដូចជាសង្គមជាតិ ។
    ៦. ជួយបង្កើនកម្លាំងពលកម្មនៅក្នុងសហគមន៍ ក៏ដូចជាជាតិមួយទាំងមូលប្រកបដោយគុណភាព (ទាំងខាងផ្នែកចំណេះដឹងទូទៅ ទាំងខាងជំនាញ និង ទាំងខាងសីលធម៌ ឬចរិយាសម្បត្តិ)។

ឃ. ធ្វើជាគ្រូអាចនឹងត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះ?

    ១. ការមានបញ្ហាសុខភាពដោយសារតែ ការឈរ ឬការអង្គុយច្រើនពេក ការហុយធូលីដីសចូលច្រមុះ ការហិតក្លិន សារធាតុពុលចេញពីទឹកខ្មៅសរសេរលើក្តារខៀន )
    ២. ការប្រើប្រាស់ភ្នែក និង គំនិតច្រើនពេក ។
    ៣. ការជួបនឹងសិស្សដែលមិនចេះស្តាប់បង្គាប់ មិនមានវិន័យល្អនៅក្នុងថ្នាក់ ។
    ៤. ការចំណាយពេលវេលាច្រើនទៅលើការរៀបចំកិច្ចតែងការបង្រៀន ការកែលំហាត់ ការរកនឹកលំហាត់ប្លែកៗ សម្រាប់ដាក់ឲ្យសិស្សធ្វើ ។
    ៥. ការរៀនសូត្រ និង ស្រាវជ្រាវគំនិតថ្មីៗមិនដាច់ពេលសោះ ។
    ៦. ប្រាក់កម្រៃនៅមានកម្រិត។
    ៧. ការប្រឈមមុខ នឹងជំងឺរលាកបំពង់ក ឬផ្លូវដង្ហើម ។

ង. តើគ្រូដែលល្អត្រូវមានលក្ខណៈសម្គាល់អ្វីខ្លះ?

គ្រូល្អ ត្រូវប្រកបដោយលក្ខណៈសម្បត្តិមួយចំនួនដូចខាងក្រោម៖

    ១. ចេះកំប្លុកកំប្លែង និងអាចធ្វើឲ្យសិស្សទទួលបានភាពសប្បាយរីករាយនៅពេលកំពុងរៀននៅក្នុងថ្នាក់ ។

    ២. អាកប្បកិរិយាវិជ្ជមាន គឺថា គ្រូបង្រៀនត្រូវមានអាកប្បកិរិយាល្អ សំដីសំដៅត្រឹមត្រូវរាបសារ មានការបង្រៀន ម៉ត់ចត់ ....ល។

    ៣. មានការរំពឹងខ្ពស់ចំពោះលទ្ធផលសិក្សារបស់សិស្ស គឺថា គ្រូបង្រៀនតែងចេះ ជួយលើកទឹកចិត្តសិស្ស ឲ្យខិតខំ ប្រឹងប្រែងរៀនសូត្រជានិច្ច ដើម្បីឈានទៅដល់គោលដៅដ៏ខ្ពង់ខ្ពស់មួយ ដែលគ្រូចង់បាន ។

    ៤. មានកម្មវិធីជាក់លាក់ប្រកបដោយស្ថិរភាព គឺថា គ្រូបង្រៀនល្អចេះបង្កើត បរិយាកាសរៀនសូត្រមួយ ប្រកបដោយ សុវត្ថិភាព និង មានកម្មវិធីច្បាស់លាស់មួយសម្រាប់សិស្ស។ គ្រូបង្រៀនល្អ តែងបង្ហាញប្រាប់ឲ្យសិស្ស ដឹងពីក្តីសង្ឃឹម របស់ខ្លួន ពីការចង់បានរបស់ខ្លួនពីសិស្សានុសិស្ស។

    ៥. ប្រកាន់ជានិច្ចនូវភាពយុត្តិធម៌សម្រាប់សិស្ស គឺថា គ្រូបង្រៀនល្អធ្វើអ្វីមួយតែងតែមានហេតុផលល្អសម្រាប់សិស្ស និងតែងប្រកាន់ភាពយុត្តិធម៌ជានិច្ចសម្រាប់អ្នកគ្រប់គ្នា ។ ការស្រលាញ់ចូលចិត្ត ការផ្ទេរចំណេះដឹង គឺ ត្រូវបានធ្វើ ដោយស្មើភាពគ្នា ចំពោះសិស្សទូទៅដោយមិនលម្អៀង ។

    ៦. អាចសម្របខ្លួនបានតាមស្ថានការណ៍ជាក់ស្តែង គឺថា គ្រូល្អតែងយល់បានច្បាស់ជានិច្ច អំពីស្ថានការណ៍ចិត្ត គំនិត របស់សិស្ស ក៏ដូចជាសង្គម និង អាចសម្របខ្លួនបានទាន់ពេលវេលា តាមស្ថានការណ៍ទាំងនោះ ។

ច. តើមុខរបរគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា មានការវិវត្តយ៉ាងដូចម្តេច?

ស្ថានភាពបង្រៀននៅប្រទេសខ្មែរមានដំណើរវិវិត្តចំនួន ៩ ទិដ្ឋភាពគឺ៖

    ១. ឪពុកម្តាយ គឺជាគ្រូទីមួយរបស់កូនៗ៖ ក្រៅពីការចិញ្ចឹមបីបាច់កូន ឪពុកម្តាយដើរតួនាទីជាគ្រូទីមួយ របស់កូន នៅឯផ្ទះ ។ ឪពុកម្តាយបង្រៀនកូនឲ្យចេះពីរបៀបរស់នៅ ការហូបចុះ ការនិយាយស្តី ការគប់មិត្ត ជាដើម ....ល។

    ២. គ្រូបង្រៀននៅតាមព្រៃភ្នំក្រំថ្ម៖ គ្រូបង្រៀនសម័យនោះភាគច្រើន ពួកលោកច្រើនតែជាតាបស អ្នកបួសដែលធ្វើ សមាធិតាមព្រៃភ្នំក្រមថ្មជាដើម ។ អ្នកដែលចង់រៀនពីគ្រូលុះត្រាតែចូលព្រៃស្វែងរកតាបស ឥសីឲ្យជួយបង្រៀន ។ ឧទាហរណ៍ដូចជា រឿង ស័ង្ខសិល្ប៍ជ័យ រឿង សព្វសិទ្ធិ ជាដើម ។

    ៣. គ្រូបង្រៀននៅក្នុងវត្តអារាម៖ អ្នកស្រុកដែលចង់រៀនសូត្រ ត្រូវតែចូលវត្តអារាម សុំបួសរៀនពីលោកគ្រូ ដែលជា ព្រះសង្ឃ ដែលលោកគង់នៅក្នុងវត្តឲ្យជួយបង្រៀន ។

    ៤. គ្រូបង្រៀននៅក្នុងវាំង និង ក្នុងភូមិគ្រឹះមន្ត្រី ៖ អ្នកដែលអាចមានឱកាសបានរៀនសូត្រពេលនោះ ភាគច្រើន សុទ្ធតែជា កូនមន្ត្រី សេដ្ឋី ឬជាបុត្រាបុត្រីរបស់សេ្តចតែប៉ុណ្ណោះ។ ចំណែកឯប្រជារាស្ត្រ វិញមិនមានឱកាសបាន រៀនសូត្រទេ។

    ៥. គ្រូបង្រៀនតាមភូមិ ឬសហគមន៍នានា៖ គ្រូបង្រៀនប្រភេទនេះច្រើនជាព្រះសង្ឃ ឬជាប្រជាជន ដែលធ្លាប់បួស រៀន ដែលលោកមានទឹកចិត្ត ចង់បណ្តុះបណ្តាលមហាជនក្នុងភូមិ ឲ្យបានរៀនសូត្រចេះដឹងដូចខ្លួន តាមរយៈកម្មវិធី បង្រៀន បែបអក្ខរកម្ម មិនមានក្បួនខ្នាតត្រឹមត្រូវនៅឡើយទេ ។

    ៦. គ្រូបង្រៀនសម័យប៉ុលពត៖ សម័យខ្មៅងងឹតនេះ គ្រូបង្រៀនមិនមានតម្លៃអ្វីទាំងអស់ មនុស្សល្ងង់ខ្លៅ មិនចេះអ្វី សោះ ក្រៅតែពីការកាប់សម្លាប់ បែរជាបានធ្វើជាគ្រូគេទៅវិញ។ ឯអ្នកចេះដឹង ដូចជាគ្រូបង្រៀន ត្រូវបានគេកាប់ សម្លាប់ ស្ទើរផុតពូជអស់ ។ ហេតុដូច្នេះហើយបានជាធ្វើឲ្យសង្គមវឹកវរ ខ្លាំងនាសម័យនោះ ។

    ៧. គ្រូបង្រៀននៅក្នុងសាលារដ្ឋ៖ គ្រូបង្រៀនប្រភេទនេះ គឺច្រើនតែបានទទួលការបណ្តុះបណ្តាលបានត្រឹមត្រូវ ពីរដ្ឋ ឬពីស្ថាប័នឧត្ថមសិក្សាផ្សេងៗ ហើយមហាជនភាគច្រើន មានឱកាសបានចូលរៀនដូចៗគ្នា។ សាលារៀនភាគច្រើន គឺស្ថិត នៅក្នុងភូមិស្រុក ជិតឆ្ងាយតាមស្ថានភាពជាក់ស្តែង ។

    ៨. គ្រូបង្រៀនសាលាឯកជន៖ គ្រូបង្រៀនប្រភេទនេះ ទើបតែមានការរីកចម្រើនខ្លាំង នៅក្នុងសម័យបច្ចុប្បន្ននេះ ប៉ុណ្ណោះ ដោយសារតែមានការបើកចំហរទីផ្សារសេរី កាលពីឆ្នាំ ១៩៩៣ មក ។ សិស្សដែលអាចរៀនបាន គឺ មានតែ អ្នក មានប្រាក់បង់ប៉ុណ្ណោះ ។

    ៩. គ្រូបង្រៀនសាលាអង្គការ៖ ក្រោយពីសម័យ អ៊ុនតាក់ UNTAC មក ប្រទេសកម្ពុជា មានអង្គការក្រៅរដ្ឋាភិបាល ជាច្រើន បានធ្វើការស្ម័គ្រចិត្ត ជួយដល់ប្រជាជនកម្ពុជា ដោយធ្វើការបណ្តុះបណ្តាលមហាជន នូវចំណេះទូទៅ ឬជំនាញផ្សេងៗ ដោយឥតគិតថ្លៃ ។ ប្រជាពលរដ្ឋដែលចូលក្នុងលក្ខខណ្ឌ ត្រូវបានអង្គការជ្រើស ឲ្យចូលរៀន ដោយឥតគិតថ្លៃ ។

សរុបមក នាទីជាគ្រូបង្រៀន គឺគ្មាននរណាម្នាក់គេចផុតបានឡើយ ។ ការងារជាគ្រូបង្រៀន គឺពិតជាមានតម្លៃណាស់ សម្រាប់ការអភិវឌ្ឍសង្គម។ អាស្រ័យហេតុនេះ សមាជិកគ្រប់រូបទាំងឡាយក្នុងសង្គម គួរណាតែរួមគ្នាជួយលើកស្ទួយតម្លៃ គ្រូបង្រៀនឲ្យបានច្រើន។ យើងទាំងអស់គ្នាគួរតែជួយពង្រឹងជីវភាពគាត់ ឲ្យបានប្រសើរថ្លៃថ្លា ដូចជាការងារផ្សេងៗ ទៀតដែរ ។ ឯលោកគ្រូអ្នកគ្រូខ្លួនឯង គួរណាតែចេះស្គាល់តម្លៃខ្លួនឯង និង គួរតែធ្វើខ្លួនយ៉ាងណា ឲ្យសមជាអ្នកបណ្តុះពូជ នៃគំនិត របស់មនុស្ស ។

-------------------------------------------------------------------------

សិក្សាស្រាវជ្រាវ និងនិពន្ធន៍ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ
Crédit Photo : IVD Volunteers/flickr.com

ឯកសារពិគ្រោះ៖
1) សៀវភៅ វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួន ណាត
2) ប្រភពពត៌មាន ពីគេហទំព័រជាភាសាអង់គ្លេស

 

យោបល់ និងមតិ

 

អត្ថបទទាក់ទងផ្សេងទៀត


តំបន់ពិសេស
​​​​ ខ្សែរភ្ជាប់ បើកសោរចូល/ចុះឈ្មោះ

   កន្លែងភ្ជាប់ចូល៖

   
   
     ចងចាំខ្ញុំ  

   » ភ្លេចពាក្យសម្ងាត់ឬ?
   » ចុះឈ្មោះជាសមាជិក
ទូរសារអេឡិចត្រូនិក