​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​​ទី​​៥ឆ្នាំ​២០១៣ នៅ​កម្ពុជា (LIVE)

នេះជាទំព័រផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ថ្ងៃទី២៨ខែកក្កដា នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទីប្រាំ នៅកម្ពុជា ឆ្នាំ២០១៣។ សូមអញ្ជើញត្រឡប់​ចូល​មកអាន នៅក្នុងទំព័រដដែលនេះវិញ ឬប្រសិនបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នក​គ្រាន់តែចុចលើប៊ូតុង «ធ្វើ​បច្ចុប្បន្នភាព (Page refresh/Actualiser la page)» ឬ ប៊ូតុង «F5» ដើម្បីអាននូវពត៌មាន ឬ​របាយការណ៍ ដែល​កើតឡើងជាបន្ដបន្ទាប់ភ្លាមៗ ដាក់ផ្សាយជូនពីព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ម៉ោងដែលដាក់ផ្សាយ នៅលើទំព័រនេះ ជាម៉ោងនៅរាជធានីភ្នំពេញ បើទោះជាការផ្សាយផ្ទាល់របស់មនោរម្យព័ងអាំងហ្វូ ធ្វើចេញពីទីក្រុងប៉ារីស ប្រទេសបារាំងក៏ដោយ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាទំព័រផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ថ្ងៃទី២៨ខែកក្កដា នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទីប្រាំ នៅកម្ពុជា ឆ្នាំ២០១៣។

សូមអញ្ជើញត្រឡប់​ចូល​មកអាន នៅក្នុងទំព័រដដែលនេះវិញ ឬប្រសិនបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នក​គ្រាន់តែចុចលើប៊ូតុង «ធ្វើ​បច្ចុប្បន្នភាព (Page refresh/Actualiser la page)» ឬ ប៊ូតុង «F5» ដើម្បីអាននូវពត៌មាន ឬ​របាយការណ៍ ដែល​កើតឡើងជាបន្ដបន្ទាប់ភ្លាមៗ ដាក់ផ្សាយជូនពីព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ម៉ោងដែលដាក់ផ្សាយ នៅលើទំព័រនេះ ជាម៉ោងនៅរាជធានីភ្នំពេញ បើទោះជាការផ្សាយផ្ទាល់របស់មនោរម្យព័ងអាំងហ្វូ ធ្វើចេញពីទីក្រុងប៉ារីស ប្រទេសបារាំងក៏ដោយ។
--------------------------------

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៩និង២០នាទីយប់៖

លទ្ធផលជាបណ្ដោះអាសន្ន ដែលចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ បានឲ្យដឹងថា ៖
គណបក្សប្រជាជនកម្ពុជា៖ ៦៨ កៅអី
គណបក្សសង្គ្រោះជាតិ៖ ៥៥ កៅអី

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៨និង១០នាទីយប់៖

ផ្ទុយពីការប្រកាស នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយនៅមុននេះ គណបក្សសង្គ្រោះជាតិបានកែក្រែមកវិញថា ពាក្យថា«ឈ្នះ»នោះ គឺសម្ដៅការឈ្នះនៃគ្រប់គណបក្សទាំងអស់ ដែលបានចូលរួមបោះឆ្នោតដោយជោគជ័យ មិនសម្ដៅតែគណបក្សសង្គ្រោះជាតិមួយនោះទេ។ ទោះបីគណបក្សដឹងថាខ្លួនបានឈ្នះ ក្នុងការបោះឆ្នោតនេះក៏ដោយ តែនឹងទុកឲ្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការងាររបស់ខ្លួនរហូតចប់ចុចចប់ដើម។

ដោយឡែកគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន បានច្រានចោលពីជ័យជំនះរបស់គណបក្សប្រឆាំង។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) លោក ខៀវ កាញារិទ្ធិ អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច បានសម្ដែងការហួសចិត្តចំពោះសេចក្ដីថ្លែងការណ៍របស់លោក សម រង្សី ដែលចេញផ្សាយមួយម៉ោងមុន ហើយលោកបានអះអាង ពីជ័យជំនះរបស់គណបក្សលោក។

ប្រសិនជាគណបក្សប្រឆាំង ទទួលជ័យជំនះ ដូចដែលអ្វីដែលអ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតនេះឃើញនោះមែន ជាបរិបទថ្មីមួយ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានបិតបញ្ចប់ នូវអំណាចកណ្ដាប់ដៃដែកជិត៣០ឆ្នាំ របស់បុរសខ្លាំងលោក ហ៊ុន សែន។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៧និង៤០នាទីយប់៖

គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសិទសារព័ត៌មានមួយ នៅទីស្នាក់ការរបស់ខ្លួន ហើយបានធ្វើការផ្សាយបន្តផ្ទាល់ ដូចខាងក្រោម៖


  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៦និង៤០នាទីរសៀល៖

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសទទួលស្គាល់ពីជ័យជំនះជា«ប្រវត្តិសាស្ត្រ» របស់គណបក្សលោក ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៥ ឆ្នាំ២០១៣នេះ។ ឆ្លៀតឱកាសនេះ លោកក៏បានអំពាវនាវសុំឲ្យ បណ្ដាជនទាំងអស់ រក្សាភាពស្ងប់ស្ងៀម ដើម្បីទុកឲ្យគជប ធ្វើការងាររបស់ខ្លួន ឲ្យបានចប់ចុងចប់ដើម។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៦និង១០នាទីរសៀល៖

នៅក្នុងសន្និសិទព័ត៌មាន របស់ខុមហ្វ្រែលក្នុងល្ងាចថ្ងៃទី២៨ខែកក្កដានេះដដែល វាគ្មិនម្នាក់ក៏បាននិយាយ ពីលទ្ធផលដែលទទួលបានពីមណ្ឌលធំៗ នៅតាមខេត្តក្រុងនានា ថាគណបក្សសង្គ្រោះជាតិ បាននាំមុខគណបក្សប្រជាជនកម្ពុជាដែរ។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ ដែលខុមហ្វ្រែលនឹងអាចយកជាការបាន គេត្រូវរងចាំនៅពាក់កណ្ដាលអាធ្រាតយប់នេះ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៦និង១០នាទីរសៀល៖

បញ្ហានៅស្ទឹងមានជ័យ៖

នៅក្នុងសន្និសិទព័ត៌មាន របស់ខុមហ្វ្រែលក្នុងល្ងាចថ្ងៃទី២៨ខែកក្កដានេះ មន្ត្រីមួយរូប បាននិយាយថា មូលហេតុដំបូង គឺមកពីប្រជាពលរដ្ឋបានសុំឲ្យគ.ជ.ប ដោះស្រាយពីបញ្ហាមិនឃើញឈ្មោះ។ តែខាងគ.ជ.ប មិនបានខ្វល់ខ្វាយ ដែលធ្វើឲ្យកំហឹងកើតឡើង។ ហើយបន្ទាប់ពីនោះ មានព្រឹត្តិការណ៍មួយទៀត បុរសមិនស្គាល់មុខម្នាក់បានប៉ះពាល់ព្រះសង្ឃ ហើយបណ្ដាជនបានការពារព្រះសង្ឃនោះ ទើបភាពតានតឹងកាន់តែកើនឡើង។ ប៉ុន្តែអ្វីដែលកើតនៅក្នុងការិយាល័យបោះឆ្នោត មិនសូវខ្លាំងទេ ដែលផ្ទុយពីខាងក្រៅ ដែលបានប្រឈមមុខដាក់គ្នាខ្លាំងក្លា រហូតមានការផ្ទុះអាវុធ (បាញ់ឡើងលើ)។

ខុមហ្វ្រែល បានអះអាងដែរថា មានអំពើហឹង្សាបន្តិចបន្តួចកើតមានឡើង ក្នុងអំឡុងពេលបោះឆ្នោត តែករណីដូចនៅស្ទឹងមានជ័យ មានតែមួយប៉ុណ្ណោះ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៥និង២០នាទីរសៀល៖

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលចាំផ្ទះ បានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យនេះ ដោយបាន​លើកឡើងថា បរិយាកាស​សន្តិសុខ​ទូទៅ នៅក្នុង​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា​នេះ មាន​លក្ខណៈ​ល្អប្រសើរ សភាពការណ៍​ស្ងប់ស្ងាត់​ល្អ ពុំមាន​អ្វី​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទេ​ និងទៅតាម​អ្វីដែល​បានគ្រោង​ទុក។​

ក្នុងសេចក្ដីថ្លែងការណ៍នោះ លោកបាន​អះអាងថា បទល្មើស​ព្រហ្មទណ្ឌ ក្នុង​រយៈពេល​មួយខែ​នេះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ទៅនឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ កន្លងមក បានន័យថា មានការ​ថយចុះ ៤២ ភាគរយ​។ ចំណែកឯបណ្តឹង ដែល​ប្តឹង​ចូល គ​.​ជ​.​ប ត្រូវបាន​ដោះស្រាយ​តាម​នីតិវិធី​ជាច្រើន និង​បណ្តឹង​មួយចំនួនទៀត កំពុង​ដោះស្រាយ​។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៥និង០០នាទីរសៀល៖

មានការប្រឈមមុខដាក់គ្នា រវាងពលរដ្ឋម្ចាស់ឆ្នោត និងអាជ្ញាធរនៅមណ្ឌលសាលា​បឋមសិក្សា​ស្ទឹងមានជ័យ រាជធានីភ្នំពេញ រហូតដល់មានការផ្ទុះអាវុធ (បាញ់ឡើងលើ) នោះផង។ រហូតមកដល់ពេលនេះ ស្ពានអាកាស និងផ្លូវស្ទឹងមានជ័យ ត្រូវបានបិទ (រូបថត cen.com.kh)

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៤និង៤០នាទីរសៀល៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ការរាប់សន្លឹកឆ្នោតឈានទៅរកទីបញ្ចប់ ក្នុងមណ្ឌលនានា ក្នុងទីក្រុងភ្នំពេញ។ ក្នុងការសង្កេតជាជំហានដំបូង គណបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលមានលេខរៀងទី៧ កំពុងតែនាំមុខ។ ប៉ុន្តែទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដែលមានលេខរៀងទី៤ ក៏កំពុងតែប្រដេញតាមពីក្រោយយ៉ាងប្រកិតដែរ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការប្រមូលលទ្ធផល ជាជំហានដំបូងមួយ ពីមណ្ឌលជាច្រើនក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ លទ្ធផលជាបណ្ដោះអាសន្ន អាចនឹងក្រឡាប់ចាក់បានគ្រប់ពេលវេលា។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៣និង៥០នាទីរសៀល៖

អ្នកពូកែវោហាស័ព្ទ សយ សុភាព ដែលនរណាៗ ក៏ល្បីដែរនោះ ត្រូវបានពលរដ្ឋស្វាគមន៍នៅពេលលោក ទៅបោះឆ្នោតក្នុងមណ្ឌលរបស់លោក ដោយសុំឲ្យកោរសក់ !

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៣និង៥០នាទីរសៀល៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

រហូតមកទល់នឹងម៉ោងនេះ នៅវត្តវង្គដ្ឋបូរី ការរាប់សន្លឹកឆ្នោតក្នុងការិយាល័យទាំង១៦ ឃើញថាលេខ៧ ឈានមុខជាងពាក់កណ្តាល។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៣និង១០នាទីរសៀល៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ម៉ោង៣ នៅមណ្ឌលបីក្នុងទីក្រុងភ្នំពេញ វត្តវង្កដ្ឋបូរី សាលាបឋមសិក្សាយ៉ាម៉ាប៊ីកូ បឋមសិក្សាទូលគោក បឋមសិក្សាសន្តិភាព ត្រូវបានបិទទ្វារបងខាងក្រៅ មិនអនុញ្ញាតិឲ្យពលរដ្ឋចូលមើលការរាប់សន្លឹកឆ្នោត ដោយទុកឲ្យតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទំនងជាអ្នកសង្កេតការណ៍។ តាមគោលការណ៍ច្បាប់ ពលរដ្ឋម្ចាស់ឆ្នោត អាចឈរមើលបាននៅចំងាយ២០ម៉ែត្រ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០២និង២០នាទីរសៀល៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

មនុស្សមួយឡានមានគ្នា១២នាក់ នៅភ្នំពេញ បានធ្វើដំណើរទៅបោះឆ្នោត នៅស្រុកគគរ កំពង់ចាម ដែលមិនមែនជាអ្នកស្រុក ហើយក៏មិនដែលរស់នៅក្នុងភូមិនោះដែរ បានកាន់ទំរង់១០១៨ ចូលមកបោះឆ្នោត ហើយប្រជាពលរដ្ឋនៅទីនោះនាំគ្នាតវ៉ា មិនឲ្យបោះដោយថាមិនមានឈ្មោះរស់នៅ ក្នុងភូមិរបស់ពួកគេ។ ទីបំផុត ប្រធានមណ្ឌលបានអនុញ្ញាតិឲ្យបោះ ហើយប្រើកំលាំងសន្តិសុខ ឲ្យបណ្តេញពលរដ្ឋដែលតវ៉ាទាំងនោះ ឲ្យចេញពីក្នុងមណ្ឌល។ ពលរដ្ឋទាំងនោះ បានសម្ដែងការមិនពេញចិត្តចំពោះទង្វើនេះទេ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០១និង៥០នាទីរសៀល៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នៅមណ្ឌលសាលាបឋមសិក្សាបាក់ទូកដដែល មានការប៉ះទង្គិទគ្នា រវាងមន្ត្រីគ.ជ.ប និងប្រជាពលរដ្ឋមួយរូប ដែលទៅបោះឆ្នោត ខណៈដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់គ្នា ធ្វើឲ្យច្រឡោតខឹងរៀងៗខ្លួន។ តាមសាក្សីនៅនឹងកន្លែង បានឲ្យដឹងទៀតថា ពលរដ្ឋដែលទៅបោះឆ្នោតនោះ បានដៀលមន្ត្រីគ.ជ.ប ថា «ពួកអាអត់ចេះអក្សរ» ខណៈដែលមន្ត្រីគ.ជ.ប បានដៀលបុរសនោះថា «អាឡេឡឺ»។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០១និង៤០នាទីរសៀល៖

សេចក្ដីរាយការណ៍ពីខមហ្វ្រែល៖

បើតាមលោកសួន វណ្ណថន ជំទប់ទី២ របស់គណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី២៨ កក្កដា ២០១៣ ជាថ្ងៃបោះឆ្នោត​អាណត្តិទី៥នេះ បានឲ្យដឹងថានៅការិយាល័យ ឃុំរៀធរ ដែលមាន​លេខ ០៧៩៩ និង១៣២៧ ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានជនជាតិវៀតណាមប្រមាណជា ៧១៤នាក់ បាននាំ គ្នាទៅបោះឆ្នោត នៅការិយាល័យទាំងពីរខាងលើ តែត្រូវបានប្រជាពលរដ្ឋខ្មែររារាំង នៅម៉ោង ៧ កន្លះ ដល់ម៉ោង ៩កន្លះ មិនឲ្យចូលបោះឆ្នោត។

នៅក្នុងព្រឹត្តិការណ៍មួយទៀត លោក អំ សំអាត សមាជិករបស់អង្គការ LACHDO បានឲ្យដឹងថា នៅការិយាល័យសាលារៀន ឬស្សីស្រុក ក្នុងឃុំស្វាយពពាល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃបោះឆ្នោតនេះ ​មានកង កំលាំងប៉ូលីស និងប៉េអ៊ឹម បានបំបែកក្រុមប្រជាពលរដ្ឋដែលបានរារាំងជនជាតិវៀតណាម មិនឲ្យចូលបោះឆ្នោត។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០១និង១០នាទីរសៀល៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នេះជាវីដេអូ នៃការលាងជ្រះរបស់ទឹកខ្មៅជ្រលក់ដៃ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៥នេះ នៅមណ្ឌលសាលាបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ៖

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង១១និង៤០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នៅមណ្ឌលសាលាបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ ក្រៅពីផ្ទុះរឿងថ្នាំជ្រលក់ដៃអាចលាងបាន នៅមានរឿងមួយចំនួនទៀត ដែលបានកើតឡើងមិនប្រក្រតី ក្នុងនោះមានយុវជនឈ្មោះ សួន ដារ៉ា អាយុ២១ឆ្នាំ ត្រូវគេបោះ«ជំនួសឈ្មោះ»គាត់ ហើយមន្ត្រីគជប ដែលធ្វើការនៅទីនោះ បែរជានិយាយបែបធម្មតាថា ចាំបោះ«អាណត្តិក្រោយ»ទៅវិញ។ ហើយក៏កើតរឿងរ៉ាវជជែងគ្នាខ្លាំងៗឡើង និងម្តាយយុវជននោះ មានគម្រោងប្តឹងថែមទៀតផង។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង១១និង៣០នាទីព្រឹក៖

អង្គការខមហ្វ្រែល បានបរិហាពីភាពមិនប្រក្រតី ថាបានកើតឡើងពាសពេញផ្ទៃប្រទេស។ នេះជាវីដេអូផ្សាយផ្ទាល់ ពីបន្ទប់ស្ថាភាព នៃការបោះឆ្នោតរបស់អង្គការនេះ៖

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង១១និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នៅមណ្ឌលសាលាបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ យុវជនម្នាក់នេះ បានលាងទឹកជ្រលក់ដៃ ជាមួយនឹងថ្នាំអប់សក់ ដោយប្រើរយៈពេលតែ១៥នាទីប៉ុណ្ណោះ។ វីដេអូ នឹងមានដាក់មកតាមក្រោយ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង១១និង០០នាទីព្រឹក៖

លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបោះឆ្នោតរួចហើយ នៅមណ្ឌល០៣៧៩ ក្នុងខេត្តកំពង់ចាម។ (រូបថត ទំព័រហ្វេសប៊ុករបស់លោក)

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង១០និង៣០នាទីព្រឹក៖

នៅតាមបណ្ដាញហ្វេសប៊ុក មានវីដេអូ ដែលបង្ហាញថា មានជនជាតិយួនបានបន្លំខ្លួន ចូល​មកបោះឆ្នោត តែត្រូវបានក្រុមយុវជនអ្នកសង្កេតការណ៍នៅទីនោះ ចាប់បានហើយបណ្ដេញចេញពីមណ្ឌលបោះឆ្នោត។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង១០និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ក្នុងមណ្ឌលវត្តវង្គត្តបូរី រាជធានីភ្នំពេញ អុំប្រុសម្នាក់បាននិយាយប្រាប់ថា នៅការិយាល័យគាត់លេខ ០៨០៧ មាន«ជនជាតិវៀតណាម» ត្រូវបានអនុញ្ញាតឲ្យចូលបោះឆ្នោត តែជាក់ស្តែងការិយាល័យនោះ មិនមានឈ្មោះសូសព្ទ័ជាឈ្មោះវៀតណាមទេ តែជាឈ្មោះជាភាសាខ្មែរ។ បន្ទាប់មកមានប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះរបស់គាត់ ត្រូវបានគេបោះជំនួសនៅការិយាល័យដដែល។
គ្រាន់តែនៅមណ្ឌលមួយនេះ មានប្រជាពលរដ្ឋជាច្រើនបានបាត់ឈ្មោះ រកពុំទាន់ឃើញ និងក៏មិនបានបោះជាច្រើននាក់ដែរ ដោយសារបញ្ហាខុសឈ្មោះ ខុសថ្ងៃ ខុសទីលំនៅ និងខុសភេទជាដើម។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៩និង២០នាទីព្រឹក៖

ព្រះអនុជ នរោត្តម អរុណ​រស្មី​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បេក្ខជន​នាយករដ្ឋមន្ត្រី និង​ជា​បេក្ខជន​តំណាងរាស្ត្រ មណ្ឌលកំពង់ចាម ទ្រង់បានបោះឆ្នោតរួចហើយ។ (រូបថត ទំព័រហ្វេសប៊ុកសម្ដេច)

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៩និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នៅមណ្ឌលសាលាបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានធ្វើដំណើរមកបោះឆ្នោត កាន់តែច្រើនឡើងៗ ស្ទើរតែស្ទះកកណែនតាន់តាប់ ដោយរួមមានទាំងយុវវ័យ វ័យកណ្តាល និងវ័យចំណាស់។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គេនៅពុំទាន់ឃើញមានព្រះសង្ឃអង្គណាមួយ និមន្តមកបោះឆ្នោតនៅឡើយទេ ហើយអ្នកដែលមកដល់ទីនេះ សម្បូរទៅដោយអាជីវករដែលមានសម្បុរសៗ (កូនចៅចិន ឬកូនចៅយួន?)។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៨និង៤០នាទីព្រឹក៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថើបសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត នៅក្រុងតាខ្មៅ ភាគខាងត្បូវរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ លោកហ៊ុន សែន បានបោះឆ្នោតរួចហើយ។ (រូបថត AP)

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៨និង២០នាទីព្រឹក៖

ប្ដឹងប្រធានការិយាល័យបោះឆ្នោត ដោយសារមិនព្រមបំភ្លឺការិយាល័យ!

យុវជន សាម៉ាឌី នៅខេត្តព្រះសីហនុ បានថ្លែងតាមហ្វេសប៊ុកថា «នៅក្នុងការិយាល័យបោះឆ្នោតរបស់ខ្ញុំ និងការិយាល័យចំនួន២ទៀត មានសភាពងងឹត។ ក្នុងនាមខ្ញុំជាពលរដ្ឋម្ចាស់ឆ្នោត បានស្នើសុំអោយបើកទ្វា និងថែមអំពូល បានចំនួន២ការិយាល័យ តែលោកប្រធានការិលាល័យលេខ ៣៦ មិនធ្វើតាមការស្នើសុំរបស់ខ្ញុំទេ។ ដូចនេះ ខ្ញុំបានស្នើសុំទំរង់ ១២០២ ប្ដឹងប្រធានការិយាល័យរបស់ខ្ញុំ។»

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៨និង២០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

បញ្ហាខុសឈ្មោះ កើតមានជាបន្តបន្ទាប់។ នៅមណ្ឌលវត្តវង្គត្តបូរីដដែល មានពលរដ្ឋបីនាក់ទៀត ក៏មិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតដែរ ដោយបញ្ហាខុសឈ្មោះ ទោះបីត្រកូល និងថ្ងៃកំណើតត្រូវហើយក៏ដោយ។ ជាមួយគ្នានេះ មានពលរដ្ឋ មួយចំនួនទៀត រកឈ្មោះបោះឆ្នោតមិនឃើញ។ ក្នុងនោះលោកពូម្នាក់ បានស្រែកឡូឡាឡើងថា កាលពេលបោះឆ្នោតភូមិឃុំ គាត់មានឈ្មោះ តែឥឡូវរកមិនមានទៅវិញ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៨និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

គេសង្កេតឃើញថា នៅមណ្ឌលវត្តវង្គត្តបូរី រាជធានីភ្នំពេញ តាមការិយាល័យនីមួយៗ មានការបិតបញ្ជីឈ្មោះបានល្អ និងមានមន្ត្រី រង់ចាំជួយពិនិត្យឈ្មោះឲ្យប្រជាពលរដ្ឋ។ ហើយគេឃើញមាន ការដាក់ពង្រាយកម្លាំងសន្តិសុខជាង១០នាក់ ឈរជើងនៅតាមច្រកចេញ និងកន្លែងចតឡាន។

ដោយឡែក អុំប្រុសម្នាក់ ឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ លីប ហុង កើតឆ្នាំ១៩៤៩ ផ្ទៀងក្នុងបញ្ជីឈ្មោះបោះឆ្នោត ឈ្មោះ លិប ហុង កើតឆ្នាំ១៩៥០ មិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតទេ តែខាងមន្រ្តីទទួលបន្ទុក សន្យាថា ចាំពេលថ្ងៃមក ទើបអនុញ្ញាតិឲ្យបោះ។ អុំប្រុស លីប ហុង និយាយថា នឹងមកពេលថ្ងៃម្តងទៀត ចាំមើលគេឲ្យបោះឬទេ?

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៨និង០០នាទីព្រឹក៖

លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបោះឆ្នោតរួច នៅក្នុងការិយាល័យបោះឆ្នោតលេខ ០៣៧០ ក្នុងសាលាបឋមសិក្សាឧត្តរនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ (រូបថត ហេង រស្មី/វីអូអេ) ៖

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៧និង៤០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

នៅឯមណ្ឌលវត្តវង្គត្តបូរី បងស្រីជាប្រជាពលរដ្ឋម្នាក់ មិនប្រាប់ឈ្មោះ​ បានថ្លែងថា គាត់មិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតនោះទេ ព្រោះតែមានបញ្ហា«ខុសឈ្មោះ»។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៧និង២០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

សម្រាប់មណ្ឌលសាលាបឋមសិក្សាបាក់ទូកវិញ អុំប្រុសមួយរូប អាយុ៥០ឆ្នាំបានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់ប្រញាប់មកពីព្រលឹម ព្រោះជាពេលដែលពុំទាន់សូវមានមនុស្សមកច្រើន ហើយអាចឆាប់បោះបានលឿន។ ជាក់ស្តែង អុំប្រុសបានបង្ហាញថា គាត់បានបោះរួចហើយ ដោយចំណាយពេល ត្រឹមតែ១០នាទីតែប៉ុណ្ណោះ។

ទាក់ទងនឹងការបិទហាង ដែលស្ថិតនៅជុំវិញមណ្ឌលនេះវិញ តាមការបញ្ជាក់របស់អាជីវករមួយចំនួន និងប៉ូលីសយាមល្បាត នៅតាមដងផ្លូវ បានបញ្ជាក់ថា ការបិទហាងនានានោះ គឺម្ចាស់ហាងបានស្ម័គ្រចិត្តបិទដោយខ្លួនឯង ព្រោះដើម្បីពួកគាត់ បានទៅបោះឆ្នោត។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៧និង១០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ចំណែកនៅឯមណ្ឌលវត្តវង្គត្តបូរី មានប្រជាជនជាច្រើនបានកំពុង ធ្វើដំណើរមកបោះឆ្នោត។ មណ្ឌលនេះ មានចំនូន១៦ការិយាល័យ។ ដោយឡែក នៅតាមដងផ្លូវភាគច្រើន ក្នុងរាជធានីភ្នំពេញ មានភាពស្ងាត់ជ្រងុំ ដោយផ្ទះប្រជាពលរដ្ឋភាគច្រើន​​ នៅបិទទ្វានៅឡើយ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៧និង០០នាទីព្រឹក៖

សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖

ពេលនេះនៅមណ្ឌលបោះឆ្នោតនានាក្នុងប្រទេសកម្ពុជា ជាពិសេសសាលាបឋមសិក្សាបាក់ទូក សង្កាត់អូរឬស្សី២ និងសង្កាត់អូរឬស្សី៣ ដែលមានសរុប២៣ការិយាល័យ បានបើកដំណើរការបោះឆ្នោតហើយ។

ប្រជាពលរដ្ឋបានធ្វើដំណើរមកជាបន្តបន្ទាប់ និងកាន់តែច្រើនឡើងៗ ខណៈដែលបរិយាកាសខាងក្រៅ អាជីវករភាគច្រើនបានបិទទ្វារ ជាពិសេសនៅជុំវិញសាលាបឋមសិក្សាបាក់ទូកតែម្តង។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៦និង៤០នាទីព្រឹក៖

តើមេដឹកនាំធំៗគ្រាក់ៗ គាត់ទៅបោះឆ្នោត​ឯណាខ្លះ?

ក្រៅតែពីប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ម្នាក់ចេញដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត មេដឹកនាំដទៃទៀត នៅគ្រប់គណបក្ស សុទ្ធតែមានគម្រោងចេញទៅបោះឆ្នោត នៅតាមមណ្ឌលរបស់ខ្លួនតែរៀង។ ខាងក្រោមនេះ មនោរម្យព័ងអាំងហ្វូ សូមលើកយកមេដឹកនាំមួយចំនួន មកជម្រាបដូចខាងក្រោម៖

- ​ព្រះអនុជ នរោត្តម អរុណ​រស្មី​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បេក្ខជន​នាយករដ្ឋមន្ត្រី និង​ជា​បេក្ខជន​តំណាងរាស្ត្រ មណ្ឌលកំពង់ចាម នឹង​ទៅ​បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត លេខ ០៣៦៣ ដែល​ស្ថិត​ក្នុង​វិទ្យាល័យ ទក្សិណ នៅ​ទី​រួម​ខេត្តកំពង់ចាម​។​

-​ លោក ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ ​មណ្ឌល​ភ្នំពេញ​ នឹង​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ជិត​បុរី​ចំការមន ក្បែរផ្ទះលោក។​

-​ លោក ហ៊ុន សែន​ អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា បេក្ខជន​នាយករដ្ឋមន្ត្រី និង​ជា​បេក្ខជន​តំណាងរាស្ត្រ មណ្ឌល​ខេត្ត​កណ្តាល នឹងទៅ​បោះឆ្នោត​នៅ​សាលា​គរុកោសល្យ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

- លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ មណ្ឌលកំពង់ចាម ​នឹង​ទៅ​បោះឆ្នោត នៅ​ការិយាល័យ ០៣៧០ ស្ថិត​ក្នុង​វិទ្យាល័យ ឧត្តរ ទី​រួម​ខេត្ត​កំពង់ចាម​។​

- ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​​តំណាងរាស្ត្រ មណ្ឌលកំពង់ចាម នឹង​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ ០៣៦៣ ដែល​ស្ថិត​ក្នុង​វិទ្យាល័យ ទ​ក្សិណ​ ដូចព្រះអនុជ នរោត្តម អរុណ​រស្មី​ ដែរ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៦និង៣០នាទីព្រឹក៖

តំណាងគណបក្សប្រឆាំង ជាពិសេសលោកយឹម សុវណ្ណ​បានធ្វើការវាយប្រហារ ដោយប្រើសម្ដីធ្ងន់ៗ ទៅគ.ជ.ប នៅក្នុងសន្និសិទនោះថា ស្ថាប័នជាតិរបៀបចំការបោះឆ្នោតមួយនេះ គ្មាន«ឆន្ទះនយោបាយ»ពិតប្រាកដ ដើម្បីដំណើរការបោះឆ្នោតមួយត្រឹមត្រូវ និងយុត្តិធម៌។ មិនត្រឹមតែប៉ុណ្ណោះ លោក យឹម សុវណ្ណ ថែមទាំងនិយាយថា គណបក្សរបស់លោកដែលចូលរួមក្នុងការបោះឆ្នោតនេះ គ្រាន់តែដើម្បីបង្ហាញថា គណបក្សរបស់លោកជាគណបក្សរងគ្រោះប៉ុណ្ណោះ។

ទាក់ទងនឹងការចោទប្រកាន់នេះ គ.ជ.ប ដែលមានប្រធាន និងអគ្គលេខា នៅនឹងចំពោះមុខ មិនមានការឆ្លើយតបទេ។ ការមិនឆ្លើយតបនេះ បានបង្កឲ្យមន្ទិលនៃភាពស្របច្បាប់ នៃការបោះឆ្នោតមានកាន់តែខ្លាំង។ ក្រុមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានរិះគន់ថា ជានិច្ចជាកាល គ.ជ.ប បានគេចនិងមានបំណងគេច មិនឆ្លើយ (ឬឆ្លើយមិនចំ) នឹងសំនួររបស់ក្រុមគណបក្សសង្គ្រោះជាតិ។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៦និង២០នាទីព្រឹក៖

នៅក្នុងសន្និសិទបូកសរុបរបស់ខ្លួន ពីថ្ងៃសៅរ៍ដដែល គ.ជ.ប បានទទួលស្គាល់ថា ទឹកខ្មៅជ្រលក់ម្រាមដៃពិតជាអាចលាងជ្រះមែន ប៉ុន្តែមិនជ្រះទាំងអស់នោះទេ អាចនៅជាប់នឹងក្រចក ឬអាចឡើងខ្មៅវិញបាន។ ដូច្នេះ ដើម្បីការពារកុំឲ្យមានការលួចបន្លំ ជាពិសេសទល់នឹងជនអគតិ ដែលចង់បោះឆ្នោតពីរ ឬច្រើនដង យើងត្រូវសង្ឃឹមទៅលើ៖
- បញ្ជីឈ្មោះនៃអ្នកបោះឆ្នោត។
- ភ្នាក់ងារអ្នកសង្កេតការណ៍ ដែលនៅផ្ទាល់នឹងការិយាល័យបោះឆ្នោត។ នៅពេលភ្នាក់ងារណាម្នាក់ សង្កេតឃើញអត្តចរិក ឬភាពមិនប្រក្រតីណាមួយ សូមជូនដំណឹងទៅប្រធានការិយាល័យបោះឆ្នោតនោះជាបន្ទាន់។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៦និង០០នាទីព្រឹក៖

គ.ជ.ប បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ម្សិលម៉ិញថា
- អ្នកសង្កេតការណ៍​ជាតិ មកពី​អង្គការ​សមាគម​ចំនួន៣៣ សរុប​ចំនួន២៥ ៤៣១នាក់ អ្នកសង្កេតការណ៍​មកពី​គណបក្សប្រឆាំង (អតីតគណបក្សសម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែលមាន​អាសនៈ​ឃុំ-សង្កាត់) សរុប​ចំនួន១៤ ៧១១នាក់។
- រីឯអ្នកសង្កេតការណ៍អន្តរជាតិ មាន​ចំនួន​សរុប​ចំនួន២៤៣នាក់​ ​មកពី២៩អង្គការ និង​ស្ថានទូត។ អ្នកសង្កេតការណ៍​អាស៊ាន ​មកពី៨ប្រទេស​មាន​សរុប​ចំនួន២៣នាក់ និង​ភ្ញៀវ​ពិសេស​អន្តរជាតិ​សរុប​ចំនួន៤៨នាក់។
- ចេញ​ប័ណ្ណសម្គាល់ខ្លួន​ ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​សុ​រប​ចំនួន១០៩៨នាក់ មកពី១២២អង្គភាព ក្នុងនោះ​អ្នកសារព័ត៌មាន​ជាតិ​ចំនួន៨៥០នាក់​មកពី៦៩អង្គភាព និង​អន្តរជាតិ២៤៨នាក់ មកពី៥៣អង្គភាព។

  • ថ្ងៃអាទិត្យទី២៨ខែកក្កដា ម៉ោង០៥និង២០នាទីព្រឹក៖

គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ កំពុងតែត្រៀបបើកទ្វានៅម៉ោង០៧ម៉០០នាទីខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនេះ មនោរម្យព័ងអាំងហ្វូ សូមជម្រុញឲ្យប្រជាពលរដ្ឋប្រុសស្រី ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោត កុំបីខាន ព្រមទាំងកុំឲ្យមានការភ័យខ្លាចអ្វីទាំងអស់។ រាល់សន្លឹកឆ្នោតរបស់អ្នក នឹងត្រូវនៅជាសម្ងាត់ និងត្រូវការពារដោយច្បាប់។ គ្មាននរណាម្នាក់អាចដឹង ឬបង្ខំដើម្បីចង់ដឹង ពីសន្លឹកឆ្នោតរបស់អ្នក ថាអ្នកបានបោះឲ្យគណបក្សណាមួយឡើយ។

សូមមេត្តាយល់ថា ៖
សន្លឹកឆ្នោតរបស់អ្នកមួយសន្លឹក ជា«អនាគត»របស់អ្នក គ្រួសារអ្នក និងសង្គមរបស់អ្នក សម្រាប់រយៈពេល«ប្រាំឆ្នាំទៅមុខ»។

-----------------------------


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
ជាបថម ដើម្បីស្វែងយល់ ឬអានឡើងវិញនូវព្រឹត្តិការណ៍ដែលបានប្រែប្រួល ក្នុងរយៈពេលចុងក្រោយនេះ សូមអញ្ជើញ​ចូលទៅរកអាន៖

- សំនុំរឿងដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៥ ដែលនឹងធ្វើនៅថ្ងៃ​ទី២៨ខែ​កក្កដា​នេះ។
- សេចក្ដីថ្លែងការណ៍របស់ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសអង្គការ​សហ​ប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលបានជម្រុញឲ្យមានការ​បោះ​ឆ្នោត​មួយ ​សេរី ​យុត្តិធម៌​ និង​ដោយ​សន្តិវិធី​ ទាំង​នៅ​មុន ក្នុងពេល និងក្រោយការបោះឆ្នោត។

---------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...