ការចាប់យកការងារមួយនេះ គឺអាចប្រឈមនឹងការលំបាក សម្រាប់លោកអ្នក ព្រោះថា កិច្ចការងារនេះទាមទារឲ្យ លោកអ្នក ចេះល្បិចកលមួយចំនួន ដើម្បីធ្វើវាឲ្យបានល្អផងដែរ។ ប្រសិនបើលោកអ្នកបានចាប់យក អាជីពជាបណ្ណារក្ខ ហើយលោក អ្នក បែរជាភ័យខ្លាច មិនមានទំនុកចិត្តលើកិច្ចការនេះ ដូច្នេះសូមលោកអ្នកសាកល្បងអនុវត្ត តាមសេចក្តីណែនាំមួយចំនួន ដូចខាងក្រោម ៖
១. លោកអ្នកត្រូវព្យាយាម ត្រងយកចំណេះ ឲ្យបានច្រើនជាប្រចាំ
ព្រោះថា អ្នកអាន និងអ្នកស្រាវជ្រាវម្នាក់ៗ សុទ្ធតែចង់ដឹង ទីតាំងសៀវភៅ នៅកន្លែងណា នៅគ្រប់ពេលផ្សេងៗគ្នាទាំងអស់។ ដូច្នេះដើម្បីអាចឆ្លើយតប នឹងតម្រូវការនេះបាន លោកអ្នក ត្រូវតែរៀនសន្សំចំណេះទូទៅ ឲ្យបានច្រើនថែមទៀតជាប្រចាំ ទើប ជាការល្អ មិនតែប៉ុណ្ណោះលោកអ្នក ក៏ត្រូវសិក្សាឲ្យបាន ច្បាស់ពីទីតាំង និងផ្នែកសៀវភៅទាំងអស់ ចាប់តាំងពីសៀវភៅ ដែល និយាយ ពីសត្វរហូតទៅដល់គ្រឿងម៉ាស៊ីន ។

២. លោកអ្នកត្រូវតែមានចំណូលចិត្តអាន អាន អាន ជារៀងរហូត
ដូចក្នុងជំហានទីមួយដែរ ការអានច្រើន នឹងជួយឲ្យលោអ្នក អាចពន្យល់អ្វីៗសព្វយ៉ាងទៅដល់ បណ្ណារក្ខផ្សេងទៀត ដែល កំពុងតែ ធ្វើការបណ្តុះបណ្តាល និង ទៅដល់អតិថិជនរបស់ លោកអ្នក ដែលជាអ្នកអាន និង ស្រាវជ្រាវ ។
៣. លោកអ្នកត្រូវរៀនសូត្រពីកំហុស
ការធ្វើរបៀបនេះ ជាវិធីសាស្ត្រដ៏ល្អមួយ ប្រសិនបើលោកអ្នកធ្វើឲ្យមានកំហុសអ្វីមួយក្នុងនាមជាបណ្ណារក្ខម្នាក់ សូមកុំភ័យ ស្លន់ស្លោរឲ្យសោះ ។ ព្រោះថា នឹងមានអ្នកណាម្នាក់មកជួយលោកអ្នកជាក់ជាមិនខាន ហើយអ្វីដែលលោកអ្នកត្រូវចាំ គឺ សូម កុំធ្វើឲ្យមានកំហុសម្តងទៀតទៅបានហើយ ។
៤. សូមរៀនសូត្រពីមិត្តភក្តិ ឬក៏ពីសហការីរបស់លោកអ្នក
មិត្តភក្តិ ឬក៏សហការីរបស់លោកអ្នក អាចជាបណ្ណារក្ខម្នាក់ដែលមានបទពិសោធន៍ការងារយូរឆ្នាំជាងលោកអ្នក ដូច្នេះហើយ គឺលោកអ្នកអាចរៀនសូត្រពីពួកគេបានច្រើន ។
៥. ចូរធ្វើអន្តរកម្មជាមួយបុគ្គលិករបស់លោកអ្នកទាំងអស់
លោកអ្នកត្រូវមានសណ្តានចិត្តល្អ និង មានភាពស្និទ្ធស្នាលជាមួយពួកគេ ។ លោកអ្នកមិនត្រូវប្រើប្រាស់សំដីគំហកកំហែង ឬពាក្យគំរោះគំរើយដើម្បីបង្កើតមិត្តភាពជាមួយពួកគេឡើយ ។
ការងារបណ្ណារក្ខមានគុណប្រយោជន៍ច្រើនដូចខាងក្រោម៖
គេមិនអាចទទួលបាន នូវសេវាល្អប្រសើរដោយខ្វះនូវសេចក្តីប្រឹងប្រែង ឬការងប់ងល់នឹងអ្វី ដែលពួកគេកំពុងតែធ្វើបាន ឡើយ។
សំនួរ
១. តើបណ្ណារក្ខ គឺជាអ្វី? លោកមានភារកិច្ចធ្វើអ្វីខ្លះ?
២. តើបណ្ណារក្ខសម័យថ្មីត្រូវមានភារកិច្ច និងសមត្ថភាពកម្រិតណាទើបល្អ?
៣. តើការងារជាបណ្ណារក្ខមានគុណប្រយោជន៍ និង ផលលំបាកអ្វីខ្លះ?
៤. នៅក្នុងពិភពលោក តើមានប្រទេសណាខ្លះដែលឲ្យតម្លៃខ្ពស់ទៅលោកការងារបណ្ណារក្ខ?
៥. តើនៅប្រទេសកម្ពុជាមានការឲ្យតម្លៃដល់បណ្ណារក្ខកម្រិតណា?
៦. តើកម្ពុជាគួរមានគោលនយោបាយបែបណាខ្លះ ដើម្បីជម្រុញឲ្យការងារបណ្ណារក្ខ ក៏ដូចជាការងារខាងអំណាន មានការ ចម្រើនជឿនលឿនទៅមុខ?
---------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
Crédit photo : marellewochicam.blogspot.fr
ឯកសារពិគ្រោះ៖
១) អាសយដ្ឋានពត៌មាន ជាភាសាខ្មែរ ( វិទ្យុអាស៊ីសេរី និង វិទ្យុបារាំងអន្តរជាតិ)
២) សៀវភៅ និងឯកសារបរទេស
ពាក្យគន្លឹះ
១. បណ្ណារក្ខ ឬបណ្ណារក្ស អ្នកថែទាំរក្សាទុកនូវសៀវភៅ ឯកសារ សាស្ត្រា គម្ពីរ ក្បួនខ្នាតផ្សេងៗ អ្នកកាន់កាប់បណ្ណាល័យ ។ អ្នកចេះក្បួនប្រើប្រាស់សៀវភៅ អ្នកធ្វើចលនាសៀវភៅ អ្នកឲ្យតម្លៃ ខ្ពស់ទៅលើការប្រើប្រាស់សៀវភៅ។
២. បណ្ណាល័យ មានន័យថា ផ្ទះឬទីកន្លែងសម្រាប់តម្កល់ទុកនូវសៀវភៅ គម្ពីរ ក្បួនច្បាប់ផ្សេងៗ
៣. បណ្ណាធិការ អធិការនៃសារពត៌មាន អ្នកកាន់កាប់ឬទទួលខុសត្រូវខាងកាសែតឬទស្សនាវដ្តីផ្សេងៗ ។
៤. បណ្ណាគារិក អ្នកកាន់កាប់បណ្ណាគារ ម្ចាស់បណ្ណាគារ បណ្ណាគារិកា ម្ចាស់បណ្ណាគារស្រី ។
៥. បណ្ណាគារ ផ្ទះជាវឬលក់សៀវភៅ សាស្ត្រា ក្បួន ច្បាប់ ។
៦. កវី អ្នកប្រាជ្ញដែលចេះតែងឆន្ទ កាព្យឃ្លោង អ្នកប្រាជ្ញខាងសំដី ។
៧. សាលារៀន ឬសាលាបង្រៀន មន្ទីរសម្រាប់បង្រៀនវិជ្ជា រោងរៀន ។
៨. សិស្សានុសិស្ស សិស្សតូចសិស្សធំ ។
៩. សិស្ស អ្នករៀនចំណេះពីគ្រូ អ្នកដែលគ្រូត្រូវបង្ហាត់បង្រៀន ឬត្រូវប្រៀនប្រដៅ ។
១០. សិស្សវត្ត សិស្សដែលរៀនក្នុងវត្ត ។
១១. សិស្សសាលា សិស្សដែលរៀនក្នុងសាលារាជការ ។
១២. សិស្សសូត្រ ឬសិស្សសូធ្យ សិស្សរបស់លោគ្រូសូត្រ ។
១៣. និស្សិត អ្នកដែលនៅក្នុងនិស្ស័យគេ អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ ។
១៤. បញ្ញាវន្ត អ្នកមានប្រាជ្ញា ។
១៥. សៀវភៅ ប្រជុំក្រដាសដែលដេរកាត់ស្រេចមានទំហំនិងកម្រាស់តាមការប្រកប មានក្របពីខាងក្រៅ សម្រាប់ប្រើការសរសេរកត់ត្រា ឬដែលសរសេរ ដែលបោះពុម្ពហើយ ។
១៦. គម្ពីរ សាស្ត្រា ច្បាប់ ធម្មវិន័យដែលរួមដោយពួក ដោយប៉ែក ដោយខ្សែ ។
១៧. សាស្ត្រាទេសន៍ ឈ្មោះសាស្ត្រាស្លឹករឹត ដែលចារធម៌ទេសនាផ្សេងៗ ដូចជាមហាវេស្សន្តរជាតក ទសជាតក ជាដើម ។
១៨. សាស្តា ឬសាស្តាចារ្យ គ្រូ គ្រូប្រៀនប្រដៅ គ្រូប្រដៅសាសនា អាចារ្យជាគ្រូប្រៀនប្រដៅ ។
១៩. និពន្ធ តែងឡើង ចងក្រង រៀបរៀង
Facebook/Yahoo ou Live... អ្នកអាចដាក់មតិ ដោយមិនចាំបាច់
មានគណនី (0 Comments)