RSS

ចេញផ្សាយចុងក្រោយ

អ៊ឺរ៉ូ២០១២៖​ គ្រឹស្ទាណូ រ៉ូណាល់ដូ នាំព័រទុយហ្គាល់ អោយឡើង ១ភាគ២ផ្ដាច់ព្រ័ត្រ

| Published on Fri 22 Jun, 2012 at 17:18 | 974 views | Trackback
ចេញពីជុំជំរុះ បានឡើងមកទាត់នៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២១មិថុនា ម្សិលមិញ ក្រុមបាលទាត់ជំរើសជាតិរបស់ប្រទេសព័រទុយហ្គាល់ បានរកឃើញផ្លូវដើររបស់ខ្លួន ដោយបានប្រកួតឈ្នះ ក្រុមឆែក ក្នុងពិន្ទុ ១-០ ហើយកំពុងតែត្រៀមខ្លួនទៅប្រកួតនៅ ១ភាគ២ផ្ដាច់ព្រ័ត្រជាបន្ត។
អ៊ឺរ៉ូ២០១២៖​ គ្រឹស្ទាណូ រ៉ូណាល់ដូ នាំព័រទុយហ្គាល់ អោយឡើង ១ភាគ២ផ្ដាច់ព្រ័ត្រ
ចែករំលែក
អត្ថបទនេះ

ចេញពីជុំជំរុះ បានឡើងមកទាត់នៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២១មិថុនា ម្សិលមិញ ក្រុមបាលទាត់ជំរើសជាតិរបស់ ប្រទេសព័រទុយហ្គាល់ បានរកឃើញផ្លូវដើររបស់ខ្លួន ដោយបានប្រកួតឈ្នះ ក្រុមឆែក ក្នុងពិន្ទុ ១-០ ហើយកំពុងតែត្រៀម ខ្លួនទៅប្រកួតនៅ ១ភាគ២ផ្ដាច់ព្រ័ត្រជាបន្ត។


កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ លើកដៃបញ្ជាក់ពីជ័យជំនះរបស់ក្រុមខ្លួន។ Photo: uefa.com

មនុស្សម្នាអ្នកគាំទ្របាល់ទាត់សឹងតែគ្រប់ៗគ្នា នៅប្រទេសបារាំង កំពុងលាន់មាត់សសើរក្រុម ព័រទុយហ្គាល់ ហើយនឹង ចង់ឃើញការប្រកួតរវាង ព័រទុយហ្គាល់ និងបារាំង នៅក្នុង ១ភាគ២ផ្ដាច់ព្រ័ត្រ។ បើគ្រាន់តែមានបំណងនេះ វាដូចជាស្រួល ក្នុងការនិយាយទេ តែមិនស្រួលក្នុងការធ្វើនោះទេ ព្រោះត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ជាពិសេសសំរាប់ក្រុមបាល់ទាត់ ជំរើសជាតិបារាំង ដែលត្រូវឆ្លងកាត់ក្រុមអេស្ប៉ាញ នៅក្នុងវគ្គប្រកួត ១ភាគ៤ផ្ដាច់ព្រ័ត្រនេះជាមុនសិន។ តែព័រទុយហ្គាល់ បានបញ្ជាក់អះអាងពីជ័យជំនះ របស់ខ្លួនពីម្សិលមិញ ទល់នឹងឆែករួចហើយ ដោយសារបានកីឡាករ ដ៏ល្បីរបស់ខ្លួន គឺ គ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ប្រើក្បាលស៊ុតបាល់អោយចូលទីរបស់ ឆែក នៅនាទីទី ៧៩។

គឺជាការងើបត្រឡប់មកវិញ តាំងតែពីឆ្នាំ ១៩៩៦ ពោលគឺ១៦ឆ្នាំមកហើយ បន្ទាប់ពីក្រុមព័រទុយហ្គាល់នេះ បានទាត់ចាញ់ គេរហូត នៅពេលដែលបានឡើងមក (យ៉ាងច្រើនណាស់) ត្រឹមតែ ១ភាគ៤ផ្ដាច់ព្រ័ត្រ ។ ប៉ុន្តែនៅក្នុងការដណ្ដើមពានរង្វាន់ អ៊ឺរ៉ូឆ្នាំ២០១២នេះ ក្រុមព័រទុយហ្គាល់ បានបង្ហាញមហិច្ឆតា ចង់ទៅរហូតដល់ទីបញ្ចប់នៃការប្រកួត និងចង់ក្លាយជាម្ចាស់ ពានរង្វាន់ អ៊ឺរ៉ូទៀតផង បើទោះជាខ្លួន ធ្លាប់ទាត់ចាញ់ អាឡឹម៉ង់ កាលពីប៉ុន្មានថ្ងៃមុន នេះក៏ដោយ។


កីឡាករព័រទុយហ្គាល់ម្នាក់ទៀត បានប្រើក្បាលស៊ុតបញ្ចូលទីច្រើនដងដែរ តែមិនបានសំរេច។ Photo: uefa.com

គ្រឹស្ទាណូ រ៉ូណាល់ដូ បានរកឃើញបាល់ ដែលទាត់រាល់ថ្ងៃនោះមកវិញ

បានខកចិត្តនឹងបរាជ័យ នៅចំពោះមុខអាឡឺម៉ង់ក្នុងពិន្ទុ ០-១ ក្រុមបាល់ទាត់ របស់ប្រទេសព័រទុយហ្គាល់ បានងើបស្ទុះស្ទា មកវិញ ដោយបានបំបាក់ ដាណឺម៉ាក (៣-២) និងហូឡង់ (២-១) ក្នុងជុំជំរុះ រហូតមកជួបផ្ដួលឆែក ក្នុង ១ភាគ៤ ផ្ដាច់ព្រ័ត្រ នេះទៀត។ ជាពិសេស ភាពស្ទុះស្ទានេះ បានបង្ហាញឡើងតាមរយះ កីឡាករចំណាត់ថ្នាក់ពិភពលោក  គ្រឹស្ទាណូ រ៉ូណាល់ដូ នេះតែម្តង។ គាត់បានបំបាក់ ហូឡង់ ដោយទាត់ស៊ុតបញ្ចូលទី ២គ្រាប់តែម្នាក់ឯង។ ប្រកួតទល់ ជាមួយនឹងឆែក បើទោះការ ខិតខំប្រើជើង ពីរដង មិនបានជោគជ័យក៏ដោយ ក៏គាត់បាន ប្រើក្បាលស៊ុតបញ្ចូលទី នូវបាល់ ដែលបញ្ចូលមកពី ស្លាប ខាងស្ដាំ របស់ កីឡាករដៃគូ មូទីញ៉ូ (Moutinho)។

នៅទីក្រុងលឺស្ប៊ន (Lisbonne) របស់ប្រទេសព័រទុយហ្គាលឯណោះ អ្នកមានសមានចិត្តនឹងកីឡាបាល់ទាត់ និងជាពិសេស អ្នកគាំទ្រក្រុមបាល់ទាត់របស់ប្រទេសខ្លួន បានមកជួបជុំគ្នាភ្លាមៗ នៅលើទីលាន ម៉ាគីស ដឺ ប៉ុមបាល (Marquis de Pombal) ទាំងយប់ ដើម្បីអបអរសារទរពីជ័យជំនះ របស់ក្រុមជំរើសជាតិ។ ពួកគេបានស្រែកហ៊ោកញ្ជ្រៀវ និងបានចុចស៊ីផ្លេ ឡានម៉ូតូ យ៉ាងទ្រហឹងអឺងកង ពាសពេញទាំងទីក្រុង។ កាសែតនៅក្នុងប្រទេសនេះ បានចេញផ្សាយនៅ ទំព័រមុខ នៅព្រឹក ថ្ងៃបន្ទាប់ ពីជ័យជំនះ ដោយបានយករូបថតធំៗ របស់កីឡាករ  គ្រឹស្ទាណូ រ៉ូណាល់ដូ មកដាក់ពេញ ទាំងទំព័រ ជាមួយនឹងឃ្លា ជាច្រើនដូចជា «គឺ គ្រឹស្ទាណូ រ៉ូណាល់ដូ នេះហើយដែលក្រុមបាល់ទាត់ព័រទុយហ្គាល់ត្រូវការ!» ហើយខ្លះទៀត «គ្មានអ្វីគួរ អោយសង្ស័យទេ គ្រឹស្ទាណូ រ៉ូណាល់ដូ ជាកីឡាករដ៏ល្អជាងគេក្នុងពិភពលោក!»​ រួមទាំង ទស្សនទានមួយចំនួនដែល ទាមទារអោយ អ៊ុយអឺហ្វា (UEFA) គួរតែផ្ដល់រង្វាន់ «បាល់មាស» អោយកីឡាករនេះ។


កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ លើកជើងទាត់ត្រឡប់ មួយក្បាច់ តែខុសទី។ Photo: uefa.com


កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ សប្បាយចិត្ត ក្រោយបានប្រើក្បាលស៊ុតបញ្ចូលទីរួច។ Photo: uefa.com

ខកចិត្ត តែមិនតូចចិត្តទេ សំរាប់ កីឡាករប្រទេសឆែក

គ្រូបង្វឹករបស់ ក្រុមជំរើសជាតិឆែក បានចេញមកទទួលស្គាល់ បរាជ័យរបស់ខ្លួន ក្នុងការផ្ដល់សម្ភាសមួយ ទៅទូរទស្សន៍ CT24 ដោយបាននិយាយថា «ក្រុមបាល់ទាត់របស់ ព័រទុយហ្គាល់ ខ្លាំងជាងយើង នៅលើផ្នែកបច្ចេកទេស។ ខ្សែរប្រយុទ្ធ របស់ ព័រទុយហ្គាល់ មានកំលាំងខ្លាំងណាស់ ដោយបានស៊ុតបញ្ចូលទីរបស់យើងជាញឹកញាប់។ យើងបានត្រៀម ក្រឡា បាល់ ក្នុងការទប់ទល់ ដ៏រឹងមាំ និងរបៀបវាយបករហ័សមួយ។ តែកំលាំងរបស់យើងមានកំរិត ហើយបានចុះខ្សោយ ខ្លាំង នៅពេល ពាក់កណ្ដាលម៉ោងទីពីរ។ ក្រុមកីឡាករព័រទុយហ្គាល់លេងបាល់ បានលឿន ជាពិសេសគឺ កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ នេះតែម្ដង។ យើងបានត្រៀមទប់ ទល់នឹងកីឡាកររួបនេះ តែគ្រឹស្ទាណូ រ៉ូណាល់ដូ ជា កីឡាករ ដ៏ភ្លឺស្វាងម្នាក់។ កីឡាករនេះ បានធ្វើអោយសំរេចនូវ គោលដៅរបស់ខ្លួន និងក្រុមរបស់ខ្លួន [...] ។»


កីឡាករចាំទីរបស់ ឆែក បានខំប្រឹងទប់បាញ់ខ្លាំងណាស់ដែរ តែនៅមិនអាចទប់បាន បាល់ចុងក្រោយរបស់ កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ។Photo: uefa.com

តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករឆែក មានភាពពេញចិត្ត នឺងបានឡើងមកដល់ ១ភាគ៤ផ្ដាច់ព្រ័ត្រនេះដែរ បើប្រៀបធៀបទៅនឹងបរាជ័យរបស់ខ្លួន ទល់នឹងរ៉ូស្ស៊ី ក្នុងពិន្ទូ ១-៤នោះ។ ក្រុមកីឡាករឆែក បាននិយាយពី ការចាកចេញ ពីអ៊ឺរ៉ូ២០១២ ដោយពេញចិត្តពេញថ្លើម និងចេញទៅ«វិស្សមកាល» ដោយអារម្មណ៍ស្ងប់ស្រួល។ តែជា«វិស្សមកាល»ដែល គ្រឹស្ទាណូ រ៉ូណាល់ដូ និងក្រុមជំរើសជាតិព័រទុយហ្គាល់ មិនទាន់នឹកគិតដល់នៅឡើយ ព្រោះមានភារកិច្ចវែងឆ្ងាយបន្តទៀត ដែលត្រូវបំពេញ៕

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ



 

យោបល់ និងមតិ