រាជធានីភ្នំពេញ ៖ ចាប់តាំងពីទសវត្សឆ្នាំ៥០មកម្ល៉េះ ប្រជាពលរដ្ឋទូទាំងប្រទេសទទួលស្គាល់ភាពល្បីល្បាញរបស់ក្រុមសិល្បៈ យីកេខេត្ដតាកែវ គឺវង់យីកេតាឃី ។ បច្ចុប្បន្ន ក្រុមសិល្បៈយីកេនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដតាកែវ ជាអ្នកបន្ដនូវភាពល្បីល្បាញនោះ ។ តាឃីមិនគ្រាន់តែមានឈ្មោះបោះសម្លេងក្នុងស្រទាប់សាធារណជន ធម្មតាប៉ុណ្ណោះទេ តែគាត់ទទួលបានការគាំទ្រ និងកោតសរសើរពីព្រះមហាក្សត្រជំនាន់នោះទៀតផង ។ ក្រុមយីកេតាឃីត្រូវបានគេទទួលស្គាល់ផងដែរថា ជាក្រុមសិល្បៈគ្រួសារដោយសារតែសមាជិកសំដែងគឺសុទ្ធសឹងជាបងប្អូន កូនចៅរបស់គាត់ទាំងអស់ ។
អ្នកស្រីឃី សាខន អ្នកស្នងមរកតក្រុមយីកេតាឃី
ទោះបីជាលោកតាឃី បានលាចាកលោកនេះទៅហើយក្ដី ក៏កេរ្ដិ៍ឈ្មោះរបស់គាត់មិនបានសាបសូន្យទេក្នុងវិស័យសិល្បៈ នៅកម្ពុជា ។ មិនតែប៉ុណ្ណោះគាត់មានអ្នកស្នងមរតកក្នុងជំនាន់នេះផងដែរ គឺកូន និងចៅក្នុង នោះមានចៅស្រីគឺអ្នកស្រីឃី សាខន ដែលជាសាស្ដ្រាចារ្យបង្រៀនផ្នែករបាំយីកេនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈផងដែរ ។
អ្នកស្រីឃី សាខន មានអាយុ៣៨ឆ្នាំ បានរៀបរាប់ថា ដោយសារតែមាននិស្ស័យ និងចំណង់ចំណូលចិត្ដ រួមទាំងមិនចង់ឱ្យមរតកដូនតាត្រូវបាត់បង់ផង អ្នកស្រីបាន ចាកចេញពីស្រុកកំណើតនៅភូមិដកពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ដតាកែវ ចូលបំពេញការសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈផ្នែករបាំយីកេ នាឆ្នាំ១៩៨៥ ដែលពេលនោះអ្នកស្រីទើបមានអាយុ១៣ឆ្នាំប៉ុណ្ណោះ ខណៈម្ដាយរបស់អ្នកស្រីគឺលោក យាយឃី មុំ ដែលត្រូវជាកូនបង្កើតរបស់តាឃី បានធ្វើជា សាស្ដ្រាចារ្យយីកេនៅទីនោះដែរ ។
អ្នកស្រីឃី សាខន បញ្ជាក់ថា ទម្រង់សិល្បៈយីកេ និងល្ខោនបាសាក់ គឺខុសគ្នាត្រង់ យីកេជាសិល្បៈប្រើកាយវិការបែបទន់ភ្លន់ បើទោះបីជាតួកាចក៏ដោយ ។ ចំណែកទម្រង់ ល្ខោនបាសាក់ គឺមានភាពរហ័សរហួន និងបញ្ចេញកាយវិការបែបកញ្ឆក់កញ្ឆេង ។ អ្នកស្រីពន្យល់ថា យីកេថ្វីដ្បិតតែការសម្ដែងសាច់រឿងហាក់មានភាពយឺតជាងសិល្បៈ ល្ខោនបាសាក់ ឬល្ខោនដទៃទៀតក៏ពិតមែន តែទម្រង់សិល្បៈយីកេនេះបើគេពិនិត្យ និងទស្សនាយូរៗទៅគឺធ្វើឱ្យគេកាន់តែមានអារម្មណ៍ជក់ចិត្ដឡើងៗ រហូតមិនចង់ឱ្យមានការបញ្ចប់សាច់រឿងទេ ។ ទោះជាយ៉ាងណាក្ដី មិនដឹងថា យុវវ័យសម័យនេះគេយល់យ៉ាងណាទេ ចំពោះទម្រង់សិល្បៈយីកេនេះ ខណៈដែលតន្ដ្រីសម័យញាក់ញ័រកំពុងគ្របដណ្ដប់លើវិស័យសិល្បៈបុរាណ និងអារម្មណ៍របស់ពួកគេ ។ សំរាប់អ្នកស្រីនៅតែខិតខំរក្សាទម្រង់សិល្បៈយីកេជារៀងរហូត ។
អ្នកស្រីឃី សាខន បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្ដទុកដាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យសិល្បៈបុរាណខ្មែរ សំខាន់សិល្បៈ ល្ខោនបាសាក់ និងយីកេ ជាក់ស្ដែងការរៀបចំមហោស្រពសិល្បៈល្ខោននាដកម្មខ្មែរទូទាំងប្រទេសដែល ទើបបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះ ។ ការរៀបចំនោះបានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្ដេច ក៏ដូចជាការបញ្ជាក់ឱ្យឃើញថា វិស័យសិល្បៈបុរាណខ្មែរមិនគ្រាន់តែមិនបាត់បង់ប៉ុណ្ណោះទេ តែកំពុងមានការយកចិត្ដទុកដាក់ឱ្យរីកចំរើនខ្លាំងឡើង ។ អ្វីទាំងអស់នោះមិនគ្រាន់តែជាការលើកទឹកចិត្ដសិល្បករ សិល្បការិនីបុរាណខ្មែរប៉ុណ្ណោះទេ តែប្រាកដណាស់ សិល្បៈបុរាណខ្មែរនឹងត្រូវបង្ហាញខ្លួនជាបន្ដបន្ទាប់ និងអូសទាញការគាំទ្រពីប្រជាពលរដ្ឋដូចមុនមិនខាន ។ ក្រៅពី សមត្ថភាពជំនាញខាងសំដែងសិល្បៈយីកេ អ្នកស្រីឃី សាខន ក៏ជាអ្នកមានជំនាញផ្នែកចម្រៀងសម័យផងដែរ ។ អ្នកស្រីសារភាពថា ជីវភាពគ្រួសាររបស់អ្នកស្រីសព្វថ្ងៃនេះគឺពឹងផ្អែកលើផ្នែក តន្ដ្រីសម័យច្រើនជាង ព្រោះតែសិល្បៈយីកេទទួលការគាំទ្រនៅមានកំរិតនៅឡើយ ៕
|