អគ្គលេខាធិកាអ.ស.ប. រំលឹក​កូរ៉េ​ខាង​ជើង​ជា​ថ្មី ថា​កុំ​បង្ក​ហេតុ​«បន្ថែម»​ទៀត

អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ លោកបាន គី-មូន (Ban Ki-moon) បានអំពាវនាវ ទៅកូរ៉េខាងជើង អោយជៀសវាង នូវគ្រប់«ការបង្កហេតុ»ថ្មីៗបន្ថែមទៀត។ សេចក្ដីអំពាវនាវនេះ បានធ្វើឡើង នៅក្រោយពេលទីក្រុងសេអ៊ូល (កូរ៉េខាត្បូង) បានជូនដំណឹង កាលពីព្រឹកថ្ងៃដដែល ថាកូរ៉េខាងជើង កំពុងត្រៀមការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចបញ្ជាពីចម្ងាយ ជាថ្មីទៀត ក្នុងពេលខាងមុខនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ លោកបាន គី-មូន (Ban Ki-moon) បានអំពាវនាវ ទៅកូរ៉េខាងជើង អោយ​ជៀស​វាងនូវគ្រប់«ការបង្កហេតុ»ថ្មីៗបន្ថែមទៀត។ សេចក្ដីអំពាវនាវនេះ បានធ្វើឡើង នៅក្រោយពេលទីក្រុងសេអ៊ូល (កូរ៉េខាង​ត្បូង) បានជូនដំណឹង កាលពីព្រឹកថ្ងៃដដែល ថាកូរ៉េខាងជើង កំពុងត្រៀមការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចបញ្ជាពី​ចម្ងាយជាថ្មីទៀត ក្នុងពេលខាងមុខនេះ។


លោកបាន គី-មូន អគ្គលេខាធិកា នៃអង្គការសហប្រជាជាតិ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ នៅទីក្រុងឡាអេ ថ្ងៃច័ន្ទទី០៨ខែមេសានេះ លោកអគ្គលេខាធិការនៃ អ.ស.ប. បានថ្លែងអោយដឹងថា «ខ្ញុំសូមអំពាវនាវជាបន្ទាន់ ទៅពួកគេ មិនអោយប្រើប្រាស់វិធីណាមួយ ដែលជាការបង្កហេតុ​ថ្មីទៀត»។

លោក បាន គី-មូន បានបញ្ជាក់ថា «ជាសេចក្ដីអំពាវនាវ បន្ទាន់ និងដោយស្មោះស្ម័គ្រ ពីសំណាក់សហគមន៍អន្តរជាតិ រាប់​ទាំងរូបខ្ញុំផង។ (...) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) មិនអាចបន្តប្រឆាំងនឹង សមត្ថកិច្ចរបស់​ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិដូច្នេះទៀតបានទេ។»

ក្រុងព្យុងយ៉ាងបានបង្កើនការគម្រាម និងបានដាក់ឧបទ្វីបកូរ៉េទៅក្នុង ភាពតានតឹង ក្រោយពីខ្លួនបានទទួលរងនូវទណ្ឌកម្ម បោះឆ្នោតសម្រេចដោយក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប. កាលពីដើមខែកុម្ភះកន្លងមក និងការធ្វើសមយុទ្ធក្នុងតំបន់​ រវាង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ សប្ដាហ៍មុន ប្រទេសកុម្មុយនីសបានតម្លើង កាំជ្រួចរយៈមធ្យមចំនួនមួយគ្រៀងទៀត នៅតាមតំបន់ឆ្នេរខាងកើត ហើយអាចនឹងទំនងត្រូវបាញ់ចេញ នៅក្នុងពេលខាងមុខ ដើម្បីបង្ខំអោយសហរដ្ឋអាមេរិក ធ្វើ​ការសម្របសម្រួលជាមួយខ្លួន។

«សារដ៏ច្បាស់មួយ»

កាលពីព្រឹកថ្ងៃច័ន្ទនេះ កូរ៉េខាងត្បូង បានជូនដំណឹងពីសកម្មខុសធម្មតា នៅក្នុងតំបន់សាកល្បងនុយក្លេអ៊ែរ និងកាំជ្រួច របស់កូរ៉េខាងជើង ដែលទំនងជាត្រៀមរៀបចំការសាកល្បងថ្មីណាមួយទៀត។ ប៉ុន្តែនៅរសៀលថ្ងៃដដែល ទីក្រុងសេអ៊ូល បានកែតម្រូវព័ត៌មាននេះឡើងវិញ ដោយបានបញ្ជាក់ថា សកម្មភាពដែលខ្លួនបានសង្កេតឃើញ នៅជុំវិញទីតាំងសាកល្បង​អាវុធ​របស់កូរ៉េខាងជើង គ្រាន់តែមានភាព«មមាញឹកខ្លាំង» ប៉ុន្តែមិនទាន់បានធ្វើសេចក្ដីសន្និដ្ឋានថា យ៉ាងដូចម្ដេចឡើយ។

អគ្គលេខាធិកា របស់អង្គការពិភពលោករូបនេះ បានថ្លែងបន្តថា «ខ្ញុំបានសម្ដែង នូវការខ្វល់ខ្វាយរបស់ខ្ញុំ ជាច្រើនលើក​ច្រើនគ្រារួចមកហើយ ខណៈសង្គ្រាមពាក្យសម្ដីរបស់ទីក្រុងព្យុងយ៉ាង បានដើរទៅឆ្ងាយជ្រុល។ (...) វាជាពេលដែល​ភាគី​ទាំងអស់ ត្រូវកាត់បន្ថយភាពតានតឺង»។

លោកបានបន្ថែមថា «ខ្ញុំក៏ធ្លាប់ប្រកាសប្រាប់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ រួចហើយថា បង្កើតការគម្រាប​តាមរយៈនុយក្លេអ៊ែរ មិនមែនជាល្បែងលេងទេ។ ក្រុមប្រឹក្សាសន្តិសុខបានបញ្ជូនសារដ៏ច្បាស់មួយ ថាសហគមន៍អន្តរជាតិ មិនអត់អោនអោយទេ នូវមហិច្ឆតានុយក្លេអ៊ែរនេះ៕»

-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...