បុណ្យពិសាខបូជា​ សម្រាប់ពុទ្ធសាសនិកខ្មែរ

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: April 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះពុទ្ធសាសនា ត្រូវបានរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ចាត់ទុកថា ជាសាសនារបស់រដ្ឋ ។ តើបុណ្យពិសាខបូជា មានអត្ថន័យ យ៉ាងណាខ្លះសម្រាប់ពុទ្ធសាសនិកខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវទស្សនៈយល់ ឃើញរបស់ អ្នកប្រាជ្ញបណ្ឌិតមួយចំនួនដូចខាងក្រោម៖

ក. និយមន័យ ពិសាខបូជា ៖

ពិសាខបូជា ជាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូរមី ខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ ទ្រង់បានបរាភិសម្ពោធិ ទ្រង់រលត់ខន្ធចូលបរិនិព្វាន ធ្វើរំឭកដល់ព្រះរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសានិកជន ទាំងបុព្វជិត ទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ  រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា។

ខ. បុព្វហេតុនៃការប្រារព្ធបុណ្យពិសាខបូជា៖

ពិសាខបូជា ជាពិធីបុណ្យយ៉ាងធំក្នុងព្រះពុទ្ធសាសនា ដើម្បីរំឭកដល់ព្រះពុទ្ធគោត្តម ។

គ. ប្រវត្តិបុណ្យពិសាខបូជា៖

ពិសាខបូជា ជាពិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទប្រារព្ធឡើង ដើម្បីរំឭកដល់ ព្រះពុទ្ធគោត្តម។ គេកំណត់យកថ្ងៃពេញ បូណ៌មី(១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែ មង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ ប្រសូត្រ ត្រាស់ដឹងនូវសម្មា សម្ពោធិញ្ញាណ និងរំលត់ខន្ធចូលបរិនិព្វាន។ ដូចនេះ ព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានសុទ្ទតែក្នុងថ្ងៃ ពេញបូណ៌មី (១៥កើត) ខែពិសាខដូចគ្នា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។ តាមទំនៀមពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលា យប់ក្នុងវត្ត។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមាន មហាជនប្រុស ស្រី ក្មេង ចាស់ ប្រកបដោយគ្រឿងសក្ការបូជា មានផ្កាភ្លី ទៀន ធូប ជាដើមទៅប្រជុំគ្នាយ៉ាងអ៊ឹកធឹក ។ នៅយប់នេះរហូតទល់ភ្លឺ គេនាំគ្នាស្តាប់ធម្មទេសនា អំពីពុទ្ធប្រវត្តិ តាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានបសាទសទ្ធា (សេចក្តី ជ្រះថ្លាក្នុងជំនឿ) ចំពោះព្រះរតត្រ័យកាន់តែខ្លាំងក្លាឡើង ។

តាមការស្រាវជ្រាវគេបានដឹងថា បុណ្យពិសាខបូជា ទំនងជាធ្វើក្រោយព្រះអង្គចូលបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេស ឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីនេះ យូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរ ទើបនឹង ចាត់ចែកធ្វើនៅគ្រឹស្តសតវត្សទី ១៩ ។ នៅប្រទេសសៀមស្តេច រាមា បានផ្តើមធ្វើនៅឆ្នាំ ១៨១៧ ។ ចំណែកនៅប្រទេសខ្មែរ បុណ្យពិសាខបូជាត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ១៨៥៥ដោយព្រះមហា ប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង។ ដំបូងពិធីបុណ្យនេះ ប្រារព្ធឡើងដោយគណធម្មយុត្តិ ហើយក្រោយមកទើប ជ្រួតជ្រាប ទៅដល់គណៈមហានិកាយ (យល់ព្រមដោយព្រះបាទ ស៊ីសុវត្ថិ) ។

ឃ. សកម្មភាពសំខាន់ៗនៃពិធីបុណ្យពិសាខបូជា៖

កាលបរិច្ឆេទ៖ ថ្ងៃ ១៥ កើត “ ពេញបូរមី ” ខែពិសាខ ។ ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រ ទ្រង់បានត្រាស់ដឹងនូវ សម្មាសម្ពោ ធិញ្ញាណ ព្រមទាំងរំលត់ខន្ធទៅវិញ ។

ពេលវេលានិងទីកន្លែងប្រារព្ធពិធី៖ នៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស ។ នៅយប់នោះរហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ។

ង. កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា ៖

១. គ្រហស្ថ៖

  • ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។
  • ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម ។
  • រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមាន ផ្កាឈូក ផ្កាម្លិះ ទៀន ធូប ជាដើម ។
  • ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀន អគ្គីសនី ប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង ។
  • ចូលរួមរៀបចំរតនាព្រះសង្ឃសម្តែងព្រះធម្មទេសនា ។
  • តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ។
  • ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា ព្រះត្រៃបិកដ សៀវភៅ អក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃ ទុកប្រើប្រាស់ក្នុងវត្ត អារាម ។
  • ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ។

២. បុព្វជិត៖

  • ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា ។
  • ទេសនា អាន ស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។
  • ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា ។
  • ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា ។
  • រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ ។

៣. សាលារៀន ៖

  • ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា ។
  • ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច ។
  • ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។
  • ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ ។
  • ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ ។
  • ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។

ច. ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា ៖

រួមមាន ៦ ប្រទេសគឺ៖

  • ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា(សិរីលង្កា) បានធ្វើពិធីបុណ្យនេះតាំងពី យូរយាណាស់មកហើយ ។
  • ប្រទេសថៃ(សៀម) និង ខ្មែរចាប់ពីស.វទី១៩ “ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ” ។ ពីដំបូង គណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយ ក៏ធ្វើតាមដែរ ។
  • ប្រទេសឡាវ (លាវ) ប្រទេសភូមា(មីយ៉ាន់ម៉ា) ប្រទេស ណេប៉ាល់

    Pages:
  • 1
  • 2
  • »
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...