អ៊ឺរ៉ូ២០១២៖ អាឡឺម៉ង់ដឹកដៃព័រទុយហ្គាល់ ឡើងទៅ១ភាគ៤ ចោល ដាណឺម៉ាកនិងហូឡង់

ក្នុងវ័គ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ព័រទុយហ្គាល់ នឹងទៅជួបជាមួយ ឆែកនៅថ្ងៃទី២១មិថុនា ហើយអាឡឺម៉ង់នឹងទៅជួប ក្រិចនៅថ្ងៃទី២២មិថុនា។ រីឯក្រុមជុំជំរុះC និង D ត្រូវរងចាំយ៉ាងហោច រហូតយប់ទី១៩មិថុនា ទើបអាចដឹងបានថា នរណានឹងទៅជួបជាមួយនរណា នៅ១ភាគ៤ផ្ដាច់ព្រ័ត្រ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយចាញ់ក្រោមថ្វីជើងរបស់ កីឡាករព័រទុយហ្គាល់ គ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទាំងពីរគ្រាប់ ក្រុមបាល់ ទាត់ហូឡង់បានលើកដៃលា អ៊ឺរ៉ូ២០១២​ទាំងស្រពាប់ស្រពោន។ ប្រកួតបីដង ចាញ់ទាំងបី របស់ហូឡង់ នៅក្នុងក្រុមជុំជំរុះB ក្លាយជារឿង ដែលទទួលមិនបាន សំរាប់ពួកអ្នកគាំទ្រក្រុមនេះ។ មិនខុសប៉ុន្មានពីក្រុមហូឡង់ ដាណឺម៉ាកដែលបាន ប្រកួត ឈ្នះហូឡង់មួយប្រកួតដែរនោះ ក៏រៀបចំខោអាវត្រឡប់ទៅផ្ទះវិញ ដូចគ្នាផងដែរ នៅពេលដែលបានប្រកួតចាញ់ អាឡឺម៉ង់ ក្នុងពិន្ទុ១ទល់នឹង២។


ការស៊ុតរបស់អាឡឺម៉ង់ ទៅក្នុងទីរបស់ដាណឺម៉ាក នៅថ្ងៃទី១៧មិថុនា ក្នុងអ៊ឺរ៉ូ២០១២។ Crédit photo: uefa.com

ក្នុងវ័គ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ព័រទុយហ្គាល់ នឹងទៅជួបជាមួយ ឆែកនៅថ្ងៃទី២១មិថុនា ហើយអាឡឺម៉ង់នឹងទៅជួប ក្រិចនៅ ថ្ងៃទី២២មិថុនា។ រីឯក្រុមជុំជំរុះC និង D ត្រូវរងចាំយ៉ាងហោច រហូតយប់ទី១៩មិថុនា ទើបអាចដឹងបានថា នរណានឹងទៅ ជួបជាមួយនរណា នៅ១ភាគ៤ផ្ដាច់ព្រ័ត្រ។

ខាងក្រោមនេះ ជាតួលេខខ្លីៗ ដើម្បីរំលឹកពី ចំណាត់ថ្នាក់ក្រឡាប់ចាក់ យ៉ាងជក់ចិត្ត ក្នុងថ្ងៃនេះ ដែលការប្រកួតទាំងពីរ បានធ្វើក្នុងពេលតែមួយ ក្នុងជុំជំរុះនៃក្រុមB​ ៖

  • មុនការប្រកួត៖ អាឡឺម៉ង់នាំមុខ៦ពិន្ទុ ហើយព័រទុយហ្គាល់ ៣ពិន្ទុ អាចឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ខណៈដាណឺម៉ាក ៣ពិន្ទុដែរ តែបានប្រកួតចាញ់ព័រទុយហ្គាល់លើកមុន ត្រូវនៅក្រោមព័រទុយហ្គាល់។ រីឯហូឡង់ចាញ់រហូត ទទួលបាន តែ០ពិន្ទុប៉ុណ្ណោះ។ ហូឡង់ មានសង្ឃឹងតិចតួច ស្ដួចស្ដើង ជាងគេជាទីបំផុត នៅពេលនេះ។ គួរបញ្ជាក់ថា ប្រសិន បើអាឡឺម៉ង់ចាញ់ដាណឺម៉ាក ហើយព័រទុយហ្កាល់ឈ្នះហូឡង់ នៅក្នុងការប្រកួតលើកទីបីនេះ អាឡឺម៉ង់ នឹងត្រូវគេ ផាត់ចេញពីអ៊ឺរ៉ូ២០១២ ហើយអ្នកដែលបានឡើ់ងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ គឺព័រទុយហ្គាល់ និង ដាណឺម៉ាកទៅវិញ។ ដូច្នេះចំណាត់ថ្នាក់នេះ អាចក្រឡាប់ចាក់បាន គ្រប់ពេលវេលា ហើយមានគ្រោះថ្នាក់ខ្លាំង ដោយសារតែ«បាល់មូល» មិនខុសណា ពីការប្រកួតលើកទីបី នៃក្រុមជុំជំរុះA នោះទេ។
  • នាទីទី១១ ក្នុងការប្រកួតរវាង ព័រទុយហ្គាល់និងហូឡង់៖ ហូឡង់នាំមុខព័រទុយហ្គាល់មួយគ្រាប់ ខណៈដាណឺម៉ាក ស្មើជាមួយអាឡឺម៉ង់។ ដុច្នេះ ដាណឺម៉ាកបាន៤ពិន្ទុ អាចឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ជាមួយអាឡឺម៉ង់បាន៧ពិន្ទុ។
  • នាទីទី២៤ ក្នុងការប្រកួតរវាង អាឡឺម៉ង់និងដាណឺម៉ាក៖ អាឡឺម៉ង់នាំមុខមួយគ្រាប់ ទាញអោយដាណឺម៉ាក ធ្លាក់ ចំណាត់ថ្នាក់មកនៅ៣ពិន្ទុវិញ ទីបីក្រោយហូឡង់បីពិន្ទុដែរ តែកំពុងនាំមុខព័រទុយហ្គាល(៣ពិន្ទុដូចគ្នា)។ ដូច្នេះ អាឡឺម៉ង់៩ពិន្ទុ និងហូឡង់ទើបនឹងឈ្នះបាន៣ពិន្ទុ អាចឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។
  • នាទីទី២៨ ក្នុងការប្រកួតរវាង ព័រទុយហ្គាល់និងហូឡង់៖ ព័រទុយហ្គាល់ស៊ុតមួយគ្រាប់ យកស្មើជាមួយនឹង ហូឡង់ វិញ ធ្វើអោយចំណាត់ថ្នាក់ប្ដូរតាមដែរ គឺព័រទុយហ្គាល់ ៤ពិន្ទុ និងហូឡង់ធ្លាក់មកនៅ ១ពិន្ទុវិញ។ ដូច្នេះចំណាត់ថ្នាក់ ថ្មីនេះ តំរូវអោយ អាឡឺម៉ង ដឹកដៃព័រទុយហ្គាល់ ដើឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។
  • នាទីទី៧៤ ក្នុងការប្រកួតរវាង ព័រទុយហ្គាល់និងហូឡង់៖ ព័រទុយហ្គាល់​ស៊ុតបានមួយគ្រាប់ទៀត ឈ្នះហូឡ់ង ២-១ ធ្វើអោយពិន្ទុព័រទុយហ្គាល់ កាន់តែឡើងខ្ពស់ ហើយជួយបញ្ជាក់ ចំណាត់ថ្នាក់របស់ខ្លួនកានតែច្បាស់ ក្នុងការឡើង ទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ជាមួយអាឡឺម៉ង់។
  • នាទីទី៨០ ក្នុងការប្រកួតរវាង អាឡឺម៉ង់និងដាណឺម៉ាក៖ អាឡឺម៉ង់ស៊ុតបានមួយគ្រាប់ទៀត បំផ្លាញក្ដីសង្ឃឹម របស់ ដាណឺម៉ាក (២-១) ធ្វើអោយពិន្ទុអាឡឺម៉ង់ ឡើងខ្ពស់ជាងគេក្នុងក្រុមB (៩ពិន្ទុ) បញ្ជាក់យ៉ាងច្បាស់សាជាថ្មី នូវចំណាត់ ថ្នាក់ពើងទ្រូងរបស់អាឡឺម៉ង់ ក្នុងការឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។


ការប្រកួតយ៉ាងស្វិតស្វាញរវាង ព័រទុយហ្គាល់និងហូឡង់ នៅថ្ងៃទី១៧មិថុនា។ Crédit photo: uefa.com

ហូឡង់ ខ្ទាតចេញពីអ៊ឺរ៉ូ ជាមួយនឹងភាពអាម៉ាស

ធ្លាប់ទទួលបានជា ជើងឯករងពិភពលោក បន្ទាប់ពីអេស្ប៉ាញ កាលពីឆ្នាំ ២០១០ ក្រុមកីឡាករបាល់ទាត់ជំរើសជាតិហូឡង់ ត្រូវបានគេផាត់ចេញជាស្ថាពរ ពីការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ នៅឆ្នាំ២០១២នេះ បើសូម្បីតែ១ភាគ៤ផ្ដាច់ព្រ័ត្រ ក៏មិនបានឡើង មកដល់ផង។ ជាលើក​ដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តហើយ សំរាប់ក្រុមមួយ ដែលធ្លាប់បានទៅប្រកួតផ្ដាច់ព្រ័ត្រ នៃការ ដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក តែបែរគ្មានរកបានសូម្បីតែ «មួយពិន្ទុ» នៅពេលមកចូលរួមប្រកួត ដល់ទៅបី ប្រកួត នៅក្នុងពានរង្វាន់អ៊ឺរ៉ូឆ្នាំនេះ។

បើនិយាយអោយស្រួលយល់ ក្រុមបាល់ទាត់របស់ប្រទេសហូឡង់ គឺជាខ្លាមួយ ដែលមានចង្កូមរិករិលអស់ ហើយបានមក ជួបប្រយុទ្ធជាមួយ ក្រុមផ្សេងៗទៀត ដូចជាអាឡឺម៉ង់ និងព័រទុយហ្គាល់ជាដើម ដែលសុទ្ធសឹងតែជាខ្លាដូចគ្នាដែរ តែមាន ចង្កូមដុសសំលៀងរាល់ថ្ងៃ យ៉ាងមុតស្រួចនោះ។

មានកំហុសដ៏ធ្ងន់ធ្ងរជាច្រើន ដែលក្រុមជំរើសជាតិហូឡង់ ត្រូវតែដុសខាត់ គិតពិចារណាឡើងវិញ ដូចជា៖

  • ដាក់ក្រឡាមិនត្រូវមួយ អោយកីឡាករឈរនិងរត់តាម ហើយក្រឡានេះ ត្រូវគូប្រជែងគ្របជាប់រហូត។ សតិអារម្មណ៍ ជាទូទៅរបស់កីឡាករហូឡង់ ឆាប់បាក់ស្បាត នៅពេលដែលគូរប្រជែង ស៊ុតបញ្ចូលទីខ្លួនរួច។
  • ខ្សែរការពារ មិនរឹងមាំ រត់តាមកីឡាករ ខ្សែប្រយុទ្ធរបស់គូប្រជែង មិនទាន់ (យឺតនិងស្ទក់) ហើយគ្មានបទពិសោធន៍ ទុក ប្រឡោះអោយគូប្រជែង ស៊ុតបញ្ចូលទីខ្លួនស្រេចតែនឹងចិត្ត។
  • ខ្សែរប្រយុទ្ធ មិនរហ័សរហួន ស៊ុតបាល់គ្មានប្រសិទ្ធិភាព ខុសទិសដៅជាច្រើនដង។ ខ្សែរប្រយុទ្ធនេះ រកទទួលទាន បាន តែ២គ្រាប់ប៉ុណ្ណោះ នៅក្នុងការប្រកួតទាំងបីលើក។


គ្រឹស្ទាណូ រ៉ូណាល់ដូ ទាត់បញ្ចូលទីរបស់ហូឡង់ ក្នុងការប្រកួតអ៊ឺរ៉ូ២០១២ ដែលធ្វើអោយព័រទុយហ្កាល់បានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។ Crédit photo: uefa.com

គ្រឹស្ទាណូ រ៉ូណាល់ដូ វិញមកវិញ

នៅក្នុងការប្រកួតចុងក្រោយ​ រវាងព័រទុយហ្គាល់និងហូឡង់នេះ គេបែជាសប្បាយចិត្ត ដែលបានឃើញ កីឡាករពិភកលោក គ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បញ្ចេញនូវថ្វីជើងស៊ុតបញ្ចូលទី ដែលកីឡាកររូបនេះ ខានបានបង្កគ្រោះថ្នាក់ អោយគូរប្រជែង អស់មួយរយះធំមកហើយនោះ។ ដូចក្នុងរបាយការណ៍មុនៗ របស់ មនោរម្យព័ងអាំងហ្វូ ដែលបានលើកពី ការរិះគន់ ឥតសំចៃមាត់ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រព័រទុយហ្គាល ទៅលើកីឡាកររូបនេះ។ តែនៅថ្ងៃនេះ កីឡាករ ដែលជាប្រធានក្រុមកីឡាករដែរផងនោះ បែរជា បានប្រមូលព្រលឹងបាល់ទាត់ទាំងឡាយ ដែលបានបាត់បង់ ពីគាត់កន្លងមក អោយចូលមកសណ្ឋិតក្នុងខ្លួនឡើងវិញ ហើយបានបង្ហាញអោយគេឃើញ ពីប្រសិទ្ធិភាព របស់វាយ៉ាង ពិតប្រាកដ នៅនាទីទី ២៨និង៧២ ហើយសំរេចអោយក្រុមរបស់ខ្លួន បានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្រោម សំលេងអបអរ ហ៊ោកញ្ច្រៀវ យ៉ាងខ្លាំងក្លា ទូទាំងប្រទេសព័រទុយហ្គាល់។

សម្ពាយពេញណែនដោយជ័យជំនះ របស់អាឡឺម៉ង់

នៅថ្ងៃដដែលនេះ ក្នុងការប្រកួតរវាង អាឡឺម៉ង់ និងដាណឺម៉ាក ក្រុមអាឡឺម៉ង់មានពិន្ទុខ្ពស់ជាងគេនេះ ក៏ភ័យមិនស្ទើរដែរ ដោយត្រូវក្រុមជំរើសជាតិដាណឺម៉ាក សង្កត់ជាប់ ប្រមាណជា១០នាទី។ មួយវិញទៀត ដូចបានជំរាបជូនខាងលើ នៅ ពេលដែលព័រទុយហ្គាល់ បាននាំមុខហូឡង់ នៅនាទីទី ៧២ អាឡឺម៉ង់នឹងអាចជួបគ្រោះថ្នាក់គ្រប់វិនាទី (ផាត់ចេញពីអ៊ឺរ៉ូ) ប្រសិនបើ បណ្ដោយអោយដាណឺម៉ាក យកជ័យជំនះលើខ្លួនបាន។ តែសំណាងល្អ ដោយភាពរហ័សរហួនរបស់ កីឡាករ អាឡឺម៉ង់ ឡារ ប៊ែនដ័រ (Lars Bender) បានស៊ុតបញ្ចូលទីនៅនាទីទី៨០ ដែលបានដាក់អោយប្រទេសអាឡឺម៉ង់ទាំងមូល នូវថាមពល ដ៏ពេញលេញមួយ (៩ពិន្ទុ ដោយឈ្នះ ទាំង៣ប្រកួត) ក្នុងការដើរឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។ អ្នកដែលគួរ អោយស្ដាយ ពីការប្រកួតនេះជាងគេ គឺក្រុមដាណឺម៉ាក ដែលមានដើមទុនគួរសមដែរ មុននឹងមកជួបជាមួយអាឡឺម៉ង់។ ដាណឺម៉ាក បានខំប្រឹងជាច្រើនលើក ជាច្រើនសារ ដើម្បីទម្លោះរនាំងអាឡឺម៉ង់ ហើយនឹងអាចបានឡើងទៅ ប្រកួតនៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។​ តែជំរើសដែលច្បាស់ជាងគេ សំរាប់ដាណឺម៉ាក នៅក្នុងការប្រកួតនេះ គឺត្រូវយកឈ្នះអាឡឺម៉ង់ ដែល ជាជំរើសមួយយ៉ាងពិបាក ជាពិសេសទល់នឹងក្រុមមួយ ដែលធ្លាប់ជាម្ចាស់ពានរង្វាន់អ៊ឺរ៉ូ និងពិភពលោក ជាញឹកញាប់៕


ការប្រកួតយ៉ាងស្វិតស្វាញរវាង អាឡឺម៉ង់និងដាណឺម៉ាក នៅថ្ងៃទី១៧មិថុនា។ Crédit photo: uefa.com

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...