ជោគជ័យរបស់អាយហ្វូន៥ នៅតែធ្វើអោយកាសែតវ៉លស្រ្ទ៊ីត ខកចិត្ត

ភាគហ៊ុនរបស់អ័បផលបានធ្លាក់ចុះបន្តិច នៅក្រោយការចេញមកលក់ របស់អាយហ្វូនស៊េរី៥ បើទោះបីជាមានការប្រកាសថា ទូរស័ព្ទដៃដ៏ទំនើបចំនួន៥លានគ្រឿងនេះ ត្រូវបានលក់ចេញ ក្នុងរយៈពេលតែបីថ្ងៃក៏ដោយ។ ការបញ្ចេញផលិតផលនេះលក់អស់ពីឃ្លាំង បង្កអោយមានការព្រួយបារម្ភ កាន់តែកើនឡើង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 06, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាគហ៊ុនរបស់អ័បផលបានធ្លាក់ចុះបន្តិច នៅក្រោយការចេញមកលក់ របស់អាយហ្វូនស៊េរី៥ បើទោះបីជាមានការ ប្រកាសថា ទូរស័ព្ទដៃដ៏ទំនើបចំនួន៥លានគ្រឿងនេះ ត្រូវបានលក់ចេញ ក្នុងរយៈពេលតែបីថ្ងៃក៏ដោយ។ ការបញ្ចេញ ផលិតផលនេះលក់អស់ពីឃ្លាំង បង្កអោយមានការព្រួយបារម្ភ កាន់តែកើនឡើង។


បណ្ដាជន យ៉ាងច្រើនកុះករ កំពុងរងចាំ ហាងលក់ផលិតផល អ័បផល បើកទ្វា។

ក្រុមហ៊ុនអ័បផល (Apple) បានប្រកាសថា គេបានលក់ទូរស័ព្ទដៃអាយហ្វូនស៊េរី៥ (iPhone 5) អស់ជាង៥លានគ្រឿង ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាបានធ្វើអោយអ្នកវិភាគមួយចំនួនអស់សង្ឃឹម ចំពោះការទន្ទឹងរង់ចាំរបស់ពួកគេ ហើយបារម្ភខ្លាចថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ មិនមានសមត្ថភាពនឹងឆ្លើយតប ទៅនឹងសំណើររបស់អតិថិជន។ នៅពេលនោះ ភាគហ៊ុនរបស់អ័បផល បានបាត់អស់១,៣៣%  ហើយធ្លាក់មកត្រឹម ៦៩០,៧៩ ដុល្លានៅពេលបិទសៀវភៅ ក្នុងផ្សារភាគហ៊ុនរនៅទីក្រុងញូវយ៉ក។

អ្នកវិភាគរបស់សហគ្រាសឈ្មួញកណ្តាល ស្ទើន អាជី (Sterne Agee) បានវាយតំលៃថា «វាជារឿងចាស់ និងធម្មតា នៃការរងចាំក្នុងរយះពេលខ្លីមួយ ដែលធ្វើអោយគេបាត់បង់ នូវភាពប្រាកដនិយម។» ដោយបានរំលឹកថា ក្ដីសង្ឃឹមរបស់ ឈ្មួញខ្លះ មានការលក់ដាច់ រហូតដល់ទៅ១០លានគ្រឿងនៅក្នុងថ្ងៃដំបូង។ នៅថ្ងៃចេញលក់ដំបូង អាយហ្វូន៥ បានដាក់ លក់នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសបារាំង សហរដ្ឋអាមេរិក និង កាណាដាជាដើម។ ប៉ុន្តែគេកត់សំគាល់ថា ការលក់ដាច់របស់អាយហ្វូន៥ មានសន្ទុះខ្ពស់ជាងអាយហ្វូនស៊េរីមុន (អាយហ្វូនហ្វស៊េរី៤អែស) ដែលបានលក់ចេញ តែ៤លានគ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលមួយចុងសប្តាហ៍ដំបូង។

ផលិតផលអស់ពីឃ្លាំង

លោក ប្រៀន វ៉ាយ(Brian White) ជាអ្នកវិភាគម្នាក់ទៀត មកពី តូពេកា កាពីតាល ម៉ាឃីត (Topeka Capital Market) បានលើកឡើងថា «ការលក់បានចំនួន៥លានគ្រឿង គឺនៅទាបជាងការរំពឹងទុករបស់យើង ហើយវាមិនទាន់ដល់កំរិត កំពូល ដែលទីផ្សារបានសង្ឃឹមទុកនោះទេ។» សំរាប់រូបលោក គឺវាអាស្រ័យទៅនឹងការស្នើរទិញ ហើយមានអតិថិជន ជាច្រើន បានជ្រើសរើសយកការបញ្ជាទិញទូរស័ព្ទនេះ តាមប្រព័ន្ធអ៊ិនធើរណែត។ ការបញ្ជាទិញទុកជាមុន នូវម៉ាស៊ីន ប្រភេទនេះ មានចំនួនជាង២លានគ្រឿង តែក្នុងរយៈពេល២៤ម៉ោងដំបូង ដែលវាតំរូវអោយក្រុមហ៊ុនអ័បផល ពន្យារការ ចែកចាយរហូតដល់ខែតុលា។

លោក ធីម ខុក (Tim Cook) ម្ចាស់ក្រុមហ៊ុន អ័បផល បាននិយាយថា «យើងបានបញ្ចេញលក់ផលិតផល អស់រលីង ពីឃ្លាំងដំបូងរបស់យើង។» ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកបានអះអាងថា «ហាងលក់ជាច្រើន នៅតែបន្ត ទទួលបានការចែកចាយដូចធម្មតា ហើយអតិថិជនក៏អាចបន្តបញ្ជាទិញ តាមប្រព័ន្ធអ៊ីនធើរណែតបានដដែលដែរ។»

ដោយសោកស្តាយនឹងដំណឹងមិនច្បាស់លាស់ សំរាប់ការចែកចាយក្នុងពេលអនាគត អ្នកជំនាញផ្សេងទៀតនៃធនាគារ បាកក្លេ (Barclays) បានវាយតំលៃថា «ក្រុមហ៊ុនផ្លែប៉ោម (អ័បផល) ពិតជាមានការពិបាក ក្នុងការឆ្លើយតបទៅនឹង សំណើរទិញរបស់អតិថិជន។» ពួកគេបានបន្តទៀតថា ការស្នើរទិញអាយហ្វូនដំបូង បានកំណត់ចំនួនយ៉ាងច្បាស់លាស់ មួយ ជាពិសេសសំរាប់ហាងលក់មួយចំនួន ផ្សេងក្រៅពីហាងលក់របស់អ័បផលផ្ទាល់ ដែលទទួលបានទូរស័ព្ទអាយហ្វូន នេះ ប្រមាណតែជា២០គ្រឿងប៉ុណ្ណោះ (ក្នុងមួយហាង) សំរាប់លក់។ ក្រុមអ្នកវិភាគនេះ បានវាយតំលៃបន្ថែមថា «ក្រុមហ៊ុន អ័បផលត្រូវប្រឈមមុខ នឹងផលវិបាកជាច្រើននៅក្នុងការផលិត» ជាពិសេស ទៅលើការផលិតអេក្រង់របស់ទូរស័ព្ទ ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី។


កម្មវិធីផែនទីថ្មី របស់អ័បផល ដើរមិនទាន់សូវស្រួល។

រោងចក្របិទទ្វា - ផែនទី អាយអូអេស (iOS Maps) គាំងមិនដំណើរការ - អ្នកវិភាគជាច្រើនខឹងសម្បា

ពត៌មានអាក្រក់មួយទៀតរបស់ អ័បផល បានធ្លាក់មកដល់ដំណាលគ្នានេះ។ សហគ្រាសមួយ ក្នុងចំនោមសហគ្រាស ម៉ៅការជាច្រើនទៀត មានឈ្មោះថា ហ្វកខន(Foxconn) របស់តៃវ៉ាន៉ ត្រូវគេបង្ខំអោយបិទជាបណ្តោះអាសន្ន នូវរោងចក្រ មួយ បន្ទាប់ពីមានជម្លោះទាស់ទែង រវាងកម្មករ២០០០នាក់កាលពីល្ងាចថ្ងៃអាទិត្យ ចុងខែកញ្ញា។ ហើយការបញ្ចេញមក ប្រើប្រាស់របស់ទូរស័ព្ទអាយហ្វូន៥នេះ ក៏មានបញ្ហាគាំងស្ទះជាច្រើនដែរ ទាក់ទងនឹងកម្មវិធីផែនទីថ្មី មាននៅក្នុងកម្មវិធីថ្មី ចុងក្រោយ របស់អ័បផល ជំនួសអោយកម្មវិធីចាស់ របស់ក្រុមហ៊ុនគូរប្រជែង ហ្គូហ្គើល។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន ស្ទើន អាជី (Sterne Agee) ជំនាញខាងសេដ្ឋកិច្ច និងវិនិយោគនៅអាមេរិក បាន បង្ហាញសុទិដ្ឋិនិយមថា «យើងនៅតែគិតថា អាយហ្វូន៥ នឹងបន្តផ្តល់នូវសំពាធជាខ្លាំង ទៅលើដៃគូប្រជែងរបស់គេ។» អ្នកជំនាញជាច្រើនបានព្យាករទុកថា អាយហ្វូន៥ នឹងក្លាយទៅជាផលិតផលបច្ចេកវិទ្យាដ៏ធំជាងគេ សំរាប់ដាក់អោយ ប្រើប្រាស់ប្រចាំរដូវកាលនេះ។ ពួកកេបានប៉ាន់ប្រមាណថា ទូរស័ព្ទដៃនេះ ចំនួន៥០លានគ្រឿង នឹងត្រូវបានលក់ដាច់អស់ ចាប់ពីពេលនេះរហូតដល់ចុងខែធ្នូខាងមុខ។

អាយហ្វូន៥ ត្រូវបានបញ្ចេញលក់នៅថ្ងៃទី ២៨ កញ្ញា នៅក្នុង២០ប្រទេសទៀត រួមមាន ប្រទេសប៊ែលហ្ស៊ីក អេសស្បាញ និងអ៊ីតាលីជាដើម ហើយនៅក្នុងបញ្ជីលក់របស់ក្រុមហ៊ុន នឹងមានគំរោងលក់ ក្នុង១០០ប្រទេសផ្សេងទៀត ដែលនឹងទទួល ការចែកចាយជាផ្លូវ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ៕

----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...