សង្គមស៊ីវិលជាង២៧០ មិនគាំទ្រសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 13, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសមាគមប្រមាណជាង២៧០ ដែលធ្វើការលើវិស័យ សិទ្ធិមនុស្ស សុខាភិបាល វិស័យអប់រំជាដើម បានបង្ហាញ ការព្រួយបារម្ភ និងអំពាវនាវ ឲ្យរដ្ឋាភិបាល«បញ្ឈប់» ដោយលើកយកការពិគ្រោះយោបល់ ជាមួយអង្គការ សមាគមដែលពាក់ព័ន្ធ ជាមុនសិន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ប្រតិកម្មរបស់អង្គការ សមាគមជាង២៧០នេះ បានធ្វើឡើង បន្ទាប់ពីមានការប្រកាស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា និងថ្ងៃជាបន្តបន្ទាប់មក ថាសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវដាក់ជូន ទៅគណរដ្ឋមន្រ្តីអនុម័ត នាខែឧសភាខាងមុខនេះ។ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានចំនួន៩ជំពូក និង៣៤មាត្រា។
ថ្លែង ក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែឧសភា លោក សួន ប៊ុនស័ក្ក ប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការ នៃអង្គការ-សមាគម ការពារសិទ្ធិមនុស្ស កម្ពុជា បានលើកឡើងថា អង្គការសង្គមស៊ីវិល ស្នើឲ្យមានការផ្អាក ចំពោះការសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងងាកមករកការចរចារ និងពិគ្រោះយោបល់។ លោកបានបង្ហាញមូលហេតុថា តាមភាពជាក់ស្តែង ដែលផ្តល់សិទ្ធិដោយរដ្ឋធម្មនុញ្ញ លោកចង់បន្ត ឲ្យមានការចូលរួមជាសាធារណៈ ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ជាមួយនិងភាពសកម្ម ដែលច្បាប់តម្រូវឲ្យ។
លោក ប៊ុនស័ក្ដ បានថ្លែងឡើងថា៖ «យើងប្រើប្រាស់សិទ្ធិរបស់យើង ក្នុងការចូលរួម កិច្ចការសាធារណៈ តាមរយៈការធ្វើសេចក្តីព្រាងច្បាប់នេះ។ (...) យើងចូលរួមធ្វើ ដើម្បិបំពេញកាតព្វកិច្ច តាមផ្លូវច្បាប់របស់យើង និងស្របតាមគោលការណ៍ប្រជាធិបតេ្យ ដែលមានចែង និងធានានៅក្នុងច្បាប់។ (...) ច្បាប់ដែលមានការចូលរួម មតិយោបល់ពីអង្គការ សមាគម ជាច្បាប់ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ល្អ និងប្រពៃ ពិសេសជាច្បាប់ ដែលគោរពសិទ្ធិមនុស្ស។»
លើកឡើងប្រហែលគ្នានេះ អ្នកសម្របសម្រួលបច្ចេកទេស នៃអង្គការលីការដូ លោក អំ សំអាត បានអះអាងថា អ្វីដែលអង្គការសង្កមស៊ីវិលទាមទារ ឲ្យមានការពិគ្រោះយោបល់ ជាសាធារណៈ មុននឹងដាក់ច្បាប់មួយនេះ ទៅក្នុងការអនុម័ត របស់រដ្ឋសភានោះ គឺដើម្បីធានាសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ គ្រប់រូប ដើម្បីចូលរួមនៅក្នុងសង្គម ដើម្បីតែការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបានលើកឡើងថា ច្បាប់នេះ សម្រាប់បណ្តាប្រទេសមួយចំនួន ក៏មានដែរ តែច្បាប់របស់គេ ធ្វើឡើងដើម្បីការពារ និងលើកទឹកចិត្ត និងភាពអនុគ្រោះ ពីរដ្ឋាភិបាល ទៅលើអង្គការសមាគមទាំងនោះ ដែលធ្វើការ ដើម្បីបំរើប្រយោជន៍ពលរដ្ឋ និងសង្គមជាដើម។ លោកថា បើទោះជាអង្គការសមាគម នៅមិនទាន់បានចុះបញ្ជីក៏ដោយ ព្រោះនេះជាសិទ្ធិពលរដ្ឋ ដែលបានធានាដោយច្បាប់។
លោកបានលើកបញ្ហា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់កម្ពុជាថា បើទោះជាមានការពិគ្រោះយោបល់ រហូតដល់ទៅចំនួនបួនដង ក៏ពិតមែន តែអ្វីដែលមានការប្រែ ក្នុងសេចក្តីព្រាងច្បាប់នេះ ស្ទើតែគ្មានសោះតែម្ដង។ លោកថា៖ «ច្បាប់នេះបានដាក់កំហិត និងរឹតបណ្តឹងសម្រាប់សេរីភាព របស់អង្គការក្រៅរដ្ឋាភិបាល ទាំងអន្តរជាតិ និងជាតិ។ (...) មានការជ្រៀតជ្រែ កមកដល់អង្គការក្រៅរដ្ឋាភិបាល តាមរយៈរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុ ដែលនាំឲ្យបាត់បង់ ភាពឯករាជ្យ របស់អង្គការសង្គមស៊ីវិល។ (...) ច្បាប់នេះ ជាការពិតត្រូវធ្វើការបើកទូលាយ នូវសិទ្ធិសម្រាប់ប្រជាពលរដ្ឋ។»
អ្នកស្រី ចេត ចរិយា នាយកប្រតិបត្តិអង្គការស្តារកម្ពុជា បានលើកឡើងថា បើច្បាប់អង្គការសង្គមស៊ីវិលចេញមក តេមិនបានបង្កឱកាស ឲ្យអង្គការសង្គមស៊ីវិល ឬផ្តល់ឱកាស ឲ្យមានការពិគ្រោះយោបល់ បានទូលំទូលាយពីអង្គការសង្គមស៊ីវិលទេ នោះប្រាកដ ជាមានការប៉ះពាល់ ដល់កិច្ចដំណើរការ របស់អង្គការសង្គមស៊ីវិល។ អ្នកស្រីបញ្ជាក់ថា៖ «រដ្ឋាភិបាលត្រូវតែយកអនុសាសន៍ របស់សង្គមស៊ីវិល ដាក់ទៅក្នុងការពិគ្រោះ និងពិចារណា»។
រីឯលោក សឿង សារឿន នាយកប្រតិបត្តិ គណកម្មាធិការកិច្ច សហប្រតិបត្តិការកម្ពុជា បានលើកឡើងថា បណ្តុំអង្គការសង្គមស៊ីវិលបានរួមគ្នា ធ្វើសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបារម្ភ នូវច្បាប់នេះ ដែលមើលទៅឃើញថា គ្មានតម្លាភាព និងខ្វះការពិភាក្សា និងការទទួលយកអនុសាសន៍ របស់សង្គមស៊ីវិលជាដើម។ លោកថា អង្គារសង្គមស៊ីវិល បានស្នើឲ្យមានជំនួប ពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ តែគ្មានការឆ្លើយតបនៅឡើយ ពីសំណាក់រដ្ឋសភា ព្រឹទ្ធិសភា និងរដ្ឋាភិបាល។
សម្រាប់លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ អង្គការវេទិការ នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាវិញ បានចាត់ទុកថា ច្បាប់ដែលកំពុងត្រូវបានព្រាងឡើងនេះ អាចនឹងប៉ះពាល់ ដល់ប្រយោជន៍ប្រទេសកម្ពុជា។ លោកបានពន្យល់ថា៖ «អង្គការសមាគម ប្រមាណជាង១១០០អង្គការ ក្នុងនោះមានអង្គការអន្តរជាតិ មួយចំនួនធំ ដែលធ្វើការលើវិស័យសុខាភិបាល អប់រំ បរិដ្ឋានសិទ្ធិមនុស្ស។ (...) អង្គការទាំងនោះ បានផ្តល់ជាថវិការវិភាគទាន ប្រមាណ៧០០លានដុល្លាអាមេរិក សម្រាប់គាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។»៕