តើ​ផលិតកម្មចម្រៀង ឲ្យ​ហាង​ខារាអូខេ​បង់​លុយ ត្រឹម​ត្រូវ​ឬ​ទេ?

ការព្រមាន ពីសំណាក់ផលិតកម្ម សាន់ដេ​ តាមរយៈមេធាវី ទៅលើម្ចាស់ហាងខារ៉ាអូខេ ទាំងឡាយ ដែល​បាន​យក​ចម្រៀង​របស់​ខ្លួន ទៅធ្វើអាជីវកម្មបន្ត​ ដោយគ្មានបានសុំសិទ្ធិជាមុននោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យក​មក​រាយការណ៍ ជា​បន្ត​បន្ទាប់ និង​​យ៉ាង​​ព្រោង​ព្រាត។ ចម្ងល់​ប្រិយមិត្ត​ជា​ច្រើន បានចោទសួរថា តើចំណាត់​ការ​នេះ ពិតជាត្រឹមត្រូវឬទេ?
តើ​ផលិតកម្មចម្រៀង ឲ្យ​ហាង​ខារាអូខេ​បង់​លុយ ត្រឹម​ត្រូវ​ឬ​ទេ?
នាង សុខ ស្រីនាង តារាចម្រៀងសម្រស់បានមួយរូប របស់ផលិតកម្ម សាន់ដេ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 30, 2015
  • ប្រធានបទ: កម្មសិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រស់នៅក្នុងនិតិរដ្ឋដ៏ថ្លៃថ្នូរ ចាំបាច់ត្រូវដើរ ក្នុងគន្លងច្បាប់ ទោះអ្នកនោះ ជាអ្វីក៏ដោយ។ ដូច្នេះ​បើសិនជាផលិតកម្ម សាន់ដេ ដែលជំនាញ ខាងការផលិតចម្រៀង ឬការកំសាន្ដផ្សេងៗ ដ៏ល្បីឈ្មោះនៅកម្ពុជា បានស្នើសុំឲ្យមេធាវី​របស់ខ្លួន ធ្វើ​ចំណាត់​ការ ទៅលើម្ចាស់ហាងខារ៉ាអូខេ ជាច្រើន ដែលបានយកចម្រៀងរបស់ខ្លួន មកធ្វើ​អាជីវកម្ម​បន្ត ដោយមិនបានសុំសិទ្ធិ​ជាមុន​នោះ មិនមែនជាការធ្វើឡើង ដោយគ្មានអំណះអំណាង ត្រឹមត្រូវនោះឡើយ។

ចំពោះករណីនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមរយៈអ្នកស្រាវជ្រាវ ខាងច្បាប់របស់ខ្លួន សូមបំភ្លឺជូនប្រិយមិត្ត​អ្នកអាន នៅក្នុងអត្ថបទនេះ ជាសំនួរនិងចម្លើយ នូវករណីមួយចំនួន ដែលនៅជាប់ជាមន្ទិលនៅឡើយ។

១) ខ្ញុំរកសុី បើកហាងខារាអូខេ មកជាងម្ភៃឆ្នាំមកហើយ ខ្ញុំមិនបានដឹងសោះថា ខ្លួនរកសុីខុសច្បាប់ (ករណី​យក​ចម្រៀង មកធ្វើអាជីវកម្ម គ្មានការអនុញ្ញាត)?

ចម្លើយ៖ នៅប្រទេសកម្ពុជា ទម្លាប់ដ៏អាក្រក់មួយ កំពុងនៅបន្តដក់ជាប់ ក្នុងសន្ដានចិត្តរបស់បណ្ដាជនទូទៅ នោះ​គឺគេ​ចូលចិត្តអនុវត្តន៍ តាមទម្លាប់ តែគេមិនខ្វល់ពីច្បាប់ ដែលមានជាធរមាននោះទេ។ កំហុសនេះ ត្រូវ​ចង្អុល​ដាក់ ទៅអាជ្ញាធរ​គ្រប់គ្រងទឹកដី (ឬរដ្ឋាភិបាល និយាយឲ្យខ្លី) ដែលខ្វះវិធី ពន្យល់ដល់ពលរដ្ឋរបស់ខ្លួន ឲ្យ​យល់​ពីច្បាប់ ដែលទើបនឹង ត្រូវ​បាន​អនុម័តឲ្យប្រើប្រាស់ថ្មីៗ។

ចំពោះករណីខាងលើ ចម្រៀងកាយវិការ ដែលត្រូវបានយក មកធ្វើអាជីវកម្មបន្ត ដោយហាងខារ៉ាអូខេ​ ជាស្នាដៃ​រក្សាសិទ្ធិ​របស់អ្នកនិពន្ធ ដែលការពារដោយច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ​ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែលរដ្ឋ​សភា​កម្ពុជា បាន​អនុម័ត កាល​ពី​ឆ្នាំ​២០០៣។ ក្នុងពេលកន្លងមក គេតែងបានឃើញ សកម្មភាពចុះបង្ក្រាប ការចម្លង​ស៊ីឌី វីស៊ីឌី ឬឌីវីឌី នានា ពី​សំណាក់​អាជ្ញាធរ សហការជាមួយម្ចាស់ផលិតកម្មមួយចំនួន ហើយការចុះ​បង្ក្រាប​នោះ ត្រូវបានគេយល់ថា វាជាយុទ្ធនាការ នៃការថែរក្សាសិទ្ធិអ្នកនិពន្ធ អនុលោមតាមច្បាប់ ដែលមានជា​ធរមាន។

ចុះការចាក់ផ្សាយ នៅក្នុងហាងខារាអូខេ ខុសច្បាប់រក្សាសិទ្ធិឬទេ? ពិតជាខុសច្បាប់ ប្រសិនជាម្ចាស់ហាង​ខារាអូខេ មិន​បាន​ស្នើ​សុំ«សិទ្ធិ» ឬការ«អនុញ្ញាត»ជាមុន ពីម្ចាស់ផលិតកម្ម ដើម្បីយកចម្រៀងទាំងនោះ មក​ធ្វើ​អាជីវកម្មបន្ត។ សិទ្ធិមួយនេះ នៅ​ក្នុងច្បាប់ មានឈ្មោះហៅថា «សិទ្ធិបេតិកភណ្ឌ» ដែលជាសិទ្ធិ​ប្រកប​អាជីវកម្ម​​ លើ​ទ្រព្យ ដែល​ជាស្នាដៃ​របស់​ខ្លួន តាម​រយៈ​​​ការ​បោះផ្សាយ​ជាសាធារណៈ ឬ​ក៏​តាមរយៈ​​ការ​បង្កើត​ស្នាដៃ​​បន្ត។ នៅក្នុង​មាត្រា ២១ នៃ​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ អ្នក​និពន្ធ​មាន​សិទ្ធិ​ផ្តាច់មុខ ធ្វើ​ដោយ​ខ្លួន​ឯង ឬ​ក៏​អនុញ្ញាត​ឲ្យ​​គេ​​ធ្វើ​បន្ត នូវកិច្ចការ​ដូច​តទៅ៖

  • ចែកចាយ​ជា​សាធារណៈ តាម​ការលក់ ការជួល ឬ​តាម​មធ្យោបាយផ្សេង​ទៀត នូវច្បាប់ដើម ឬ​ច្បាប់​ចម្លង
  • ការបកប្រែ​ជា​ភាសា​បរទេស
  • ការយកលំនាំតាម ឬ​ការ​កែសម្រួល​ផ្សេងៗ​ទៀត ដូចជា ការ​យក​រឿងប្រលោមលោក និពន្ធ​ជាសៀវភៅ ទៅ​​ធ្វើ​ជា​ខ្សែ​ភាពយន្ត
  • ការផលិត​ស្នាដៃ​ឡើងវិញ ដូចជា ការ​យក​សៀវភៅ​ទៅ​បោះពុម្ពឡើងវិញ ឬក៏យក​ខ្លឹមសារ​ ទៅ​ផ្សព្វផ្សាយ​ តាមប្រព័ន្ធ​អ៊ីនធ័រណិត ។ល។

ដូច្នេះ ការយកស្នាដៃ (ចម្រៀង ឬចម្រៀងកាយវិការ) មកធ្វើអាជីវកម្មបន្ត ដោយគ្មានការអនុញ្ញាត ពីផលិកម្ម (អ្នកនិពន្ធ) ជាករណីល្មើសមួយ ទៅនឹងមាត្រាខាងលើ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ។ នៅក្នុងមាត្រានេះ ក៏បាន​រាប់បញ្ចូល ការចម្លង​ចម្រៀងទាំងនោះ ចូលមកក្នុងថាសរឹង (Hard disk) ដែលគ្មានការអនុញ្ញាត ពីម្ចាស់​ដើម​នោះ ថាជាករណីល្មើសច្បាប់​ដែរ។

២) ចុះ បើទិញស៊ីឌីចម្រៀង វីដេអូ ច្បាប់ដើមមួយ ដោយឲ្យប្រាក់ពេញថ្លៃ តើខ្ញុំអាចយកមកចាក់​ផ្សាយ​បន្ត ដោយ​មិនខ្វល់ពីសិទ្ធិអ្នកនិពន្ធ បានឬទេ?

ចម្លើយ៖ ចាក់ផ្សាយបាន ប្រសិនជាការចាក់ផ្សាយនោះ មានលក្ខណៈជាឯកជន ឬគ្រួសារ។ អនុលោមតាម​មាត្រា​​២១​ដដែល គេគប្បីយល់ថា ស៊ីឌី ច្បាប់ដើម ដែលមានលក់នៅតាម​ទីផ្សារ ឬនៅតាមហាងនានា មាន​ទិស​ដៅ​សម្រាប់តែ ការ​ប្រើប្រាស់ ឬការចាក់ផ្សាយ ជាលក្ខណៈឯកជន ឬគ្រួសារប៉ុណ្ណោះ។ ទោះជាបានទិញ ដោយ​ឲ្យប្រាក់ពេញថ្លៃក៏ដោយ ក៏ ស៊ីឌី ច្បាប់ដើមទាំងនោះ មិនអាចត្រូវបានយក ទៅចាក់ផ្សាយជាសាធារណៈ នៅ​តាម​វិទ្យុ ទូរស្សន៍ ឬតាមបណ្ដាញណា​ផ្សេង ដោយគ្មានការអនុញ្ញាត ពីម្ចាស់អ្នកផលិតស៊ីឌី ឬផលិតកម្ម ជា​មុន​ឡើយ។

៣) «ច្បាប់កម្មសិទ្ធបញ្ញា មិនបម្រើអោយពួកចោរ លួចចម្លងបទចម្រៀងលក់ ធ្វើអ្នកមានធុនពួក សាន់ដេ ហ្នឹង​នោះ​ទេ» ឃ្លានេះត្រឹមត្រូវឬទេ?

ចម្លើយ៖ ខុស ហើយគ្មានគុណធម៌ថែមទៀត។ បើយើងចោទគេថា ដើរតែចម្លងបទចម្រៀងអ្នកដទៃ មកធ្វើមាន​បាន​ខ្លួន​ឯង... ដូច្នេះតោងខ្លួនយើង កុំយកចម្រៀងទាំងនោះ មកធ្វើអាជីវកម្មបន្ត! ក្រែងខ្លួនយើង កំពុងធ្វើ​អាជីវកម្ម​​មានបាន ពី​ចម្រៀង«លួចចម្លង»គេដែរទេឬ?

ករណីនេះ ត្រូវបែងចែកឲ្យដាច់ពីគ្នា រវាងម្ចាស់ដើម ដែលផលិតកម្ម បានលួចចម្រៀង បទភ្លេង ឬទំនុកច្រៀង មកផលិត​ជាចម្រៀងខ្លួនឯង និងផលិតកម្ម ដែលហាងខារាអូខេ យកស្នាដៃរបស់ផលិតកម្មនោះ មកធ្វើ​អាជីវកម្ម​បន្ត។ ឧទាហរណ៍៖ ផលិតកម្ម A បានចម្លងស្នាដៃ ពីម្ចាស់ដើម B មកផលិតជាស្នាដៃ និងត្រូវបានហាងខារាអូខេ C យកមកធ្វើអាជីវកម្ម ដោយ​គ្មានការអនុញ្ញាត។ ប្រសិនបើម្ចាស់ដើម B មិនបានប្ដឹងរករឿង ផលិតកម្ម A ថា​បាន​លួចចម្លងស្នាដៃខ្លួនទេ នោះនៅចំពោះ​មុខ​ច្បាប់ ផលិតកម្ម A នៅតែមានសិទ្ធ ទៅលើស្នាដៃរបសខ្លួន ១០០​ភាគ​រយ ទោះជាស្នាដៃនោះ មានគេដឹងថា បាន​លួច​ចម្លង​ពីម្ចាស់ដើម B ក៏ដោយ។

តែបើមានករណីប្ដឹងផ្ដល់ ពីម្ចាស់ដើម B មកលើផលិតកម្ម A នោះហាងខារាអូខេ C ដែលយកស្នាដៃទាំងនេះ ទៅ​ធ្វើ​អាជីវកម្ម​បន្ត ដោយមិនសុំ«សិទ្ធិ»ជាមុន ក៏នៅតែប្រឈមមុខ នឹងច្បាប់កម្មសិទ្ធិបញ្ញានេះ ជាដដែល ដោយ​គ្រាន់​តែ​លើក​នេះ ហាងខារាអូខេ C នឹងត្រូវចាប់ ឲ្យប្រឈមដោយផ្ទាល់ ជាមួយនឹងម្ចាស់ដើម B វិញម្ដង។ នៅ​ក្នុង​ប្រទេសជឿន​លឿន​មួយ​ចំនួន និតិវិធីនេះ ត្រូវបានអនុវត្តន៍ដោយស្វ័យប្រវត្តិ បើទោះម្ចាស់ដើម B មិនបាន​ប្ដឹង​ហាងខារាអូខេ C ក៏ដោយ។

៤) ហេតុអ្វីបានជាមេធាវី មានសិទ្ធចេញលិខិតនេះ យកទៅដាក់តាមហាងខារាអូខេ ដោយគ្មាន​សាលក្រម​​សម្រេច របស់តុលាការ?

ចម្លើយ៖ ម្ចាស់ហាងខារាអូខេ គួរអរគុណផលិតកម្មទៅវិញទេ ដែលបានជូនដំណឹងរឿងនេះ តាមរយៈ​តំណាង​ផ្លូវច្បាប់ (មេធាវី) មកឲ្យខ្លួនបានដឹងជាមុន។ ព្រោះករណីនេះ ម្ចាស់ផលិតកម្ម អាចដាក់ពាក្យបណ្ដឹង ទៅ​តុលាការ ដោយមិន​ចាំ​បាច់​ជូនដំណឹង ទៅម្ចាស់ហាងខារាអូខេជាមុន បន្ទាប់ពីទទួលបានភស្ដុតាង ឬសាក្សី​គ្រប់​គ្រាន់រួចហើយ។

គប្បីយល់ថា លិខិតជូនដំណឹងនេះ ជានិតិវិធីទូទៅមួយ ដែលនៅក្នុងប្រទេសនិតិរដ្ឋនានា តែងយកមកប្រើ ដើម្បី​ឲ្យមាន​ការសម្រេបសម្រួលគ្នា នៅមុនការប្រើប្រាស់ នូវវិធានការ តាមផ្លូវតុលាការ។ ម្យ៉ាងទៀត អត្ថន័យនៅ​ក្នុង​លិខិតនេះ អាច​ជាការរំលឹក និងធ្វើ​ឡើង ដោយស្របទៅនឹងខ្លឹមសារ នៃច្បាប់ ដែលនៅជាធរមាន និងជាច្បាប់ ដែលមនុស្សគ្រប់គ្នា​ត្រូវ​អនុវត្តន៍ ដោយ​មិនចាំបាច់​មាន​ដីកា​សម្រេច ពីតុលាការអ្វីទេ។ ឧទាហរណ៍៖ ច្បាប់​ចរាចរណ៍ថ្មី តម្រូវឲ្យមនុស្សពាក់​មួក​សុវត្ថិភាព នៅពេលជិះម៉ូតូ​ទាំង​មុខ​ទាំងក្រោយ។ ដូច្នេះ នៅមុនពេល​ឡើង​ជិះ​លើម៉ូតូ អ្នកជិះម៉ូតូ ត្រូវដឹងពីកាតព្វកិច្ច​របស់​ខ្លួន នៅចំពោះមុខច្បាប់ ដោយ​មិន​ចាំ​បាច់​មាន​សាលក្រម ពី​តុលាការ​ឡើយ។

៥) តើសាមុីក្រសួង វប្បធម៌ និងវិចិត្រសិល្ប: លោកមានប្រតិកម្មយ៉ាងណា?

ចម្លើយ៖ តើក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ត្រូវយកជ័រភ្នៅ មកត្បៀបក្លៀកឬ? តើក្រសួងនឹងមានប្រតិកម្ម យ៉ាង​ដូចម្ដេច នៅពេលដែលករណីនេះ ជាការអនុវត្តន៍ច្បាប់ ទៅលើការធ្វើអាជីវកម្ម របស់ម្ចាស់ហាងខារាអូខេ ទៅលើស្នាដៃមួយ ដែល​គ្មានការអនុញ្ញាត ពីអ្នកនិពន្ធ ឬផលិតកម្មនោះ? វៀរលែង តែនៅពីក្រោយ​ឆាក ឬនៅ​ខាងក្រោមតុ មានអំពើពុករលួយ ឬ​អំពើ​បក្សពួកនិយម រវាងម្ចាស់ហាង«អន្ទ្រើសៗ» និងមន្ត្រីក្រសួងប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...