បារ៉ាក់ អូបាម៉ា៖ ចន ឃែរី ជា​​«ជម្រើស​មួយ​សាក​សម​បំផុត» ដើម្បី​ជំនួស​ហ៊ីឡារី គ្លីនតុន

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសតែងតាំង កាលពីថ្ងៃសុក្រ ទី២១ធ្នូ ព្រឹទ្ធសមាជិក លោក ចន ឃែរី (John Kerry) មកកាន់តំណែង ជាប្រមុខការទូតរបស់ប្រទេស ជំនួសលោកស្រីហីឡារី គ្លីនតុន (Hillary Clinton) ខណៈលោកស្រីគ្លីនតុន មិនចង់បន្តអាណត្តិរបស់លោកស្រី ជាបន្តទៅទៀត។ លោកចន ឃែរី ជានិមិត្តរូបនៃនយោបាយសម្របសម្រួលមួយ លោកចេះនិយាយ និងសរសេរភាសាបារាំង ហើយជាពិសេសជាងនេះ គឺលោកបានប្រតិបត្តិកិច្ចការងារ ក្នុងវិស័យការទូតតាំងពីច្រើនឆ្នាំមកហើយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ចន ឃែរី ដែលធ្លាប់ជាប្រធានគណកម្មាធិការកិច្ចការបរទេស នៅព្រឹទ្ធសភាអាមេរិក ជាបុរសម្នាក់ ដែលមានបទ​ពិសោធន៍យ៉ាងជ្រៅជ្រះ ទៅលើសំនុំរឿងការទូតទាំងឡាយ ក្នុងពិភពលោក។ លោកធ្លាប់ជាបេក្ខជនប្រធានាធិបតី​ នៅឆ្នាំ២០០៤ តែបានចាញ់សម្លេងឆ្នោតតែបន្តិច ទល់នឹងប្រធានាធិបតីផុតតំណែងលោក ហ្សក ប៊ូស។


លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងពេលប្រកាសតែងតាំង ព្រឹទ្ធសមាជិក ចន ឃែរី
ជាប្រមុខការទូតអាមេរិក។ រូបថត AP/ Carolyn Kaster។

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា (Barack Obama) បានប្រកាសតែងតាំង ពីថ្ងៃសុក្រ ទី២១ធ្នូ ព្រឹទ្ធសមាជិក លោក ចន ឃែរី (John Kerry) មកកាន់តំណែង ជាប្រមុខការទូតប្រទេស ជំនួសលោកស្រីហីឡារី គ្លីនតុន (Hillary Clinton) ខណៈលោកស្រីគ្លីនតុន មិនចង់បន្តអាណត្តិរបស់លោកស្រី ជាបន្តទៅទៀត។ លោកចន ឃែរី ជានិមិត្តរូបនៃ​នយោបាយសម្របសម្រួលមួយ លោកចេះនិយាយ និងសរសេរភាសាបារាំង ហើយជាពិសេសជាងនេះ គឺលោកបាន​ប្រតិបត្តិកិច្ចការងារ ក្នុងវិស័យការទូតតាំងពីច្រើនឆ្នាំមកហើយ។

«ជម្រើសមួយសាកសមបំផុត»

តាមពិតទៅ លោកចន ឃែរី ធ្លាប់ត្រូវបានស្នើអោយឡើងមកកាន់តំណែងនេះ តាំងពីឆ្នាំ២០០៩មកម្លេះ តែពេលនោះ ប្រធានាធិបតីទើបនឹងជាប់ឆ្នោតថ្មី លោកបារ៉ាក់ អូបាម៉ា មានទំនោរចិត្តទៅរក លោកស្រីហ៊ីឡារី គ្លីនតុនជាង។ ប៉ុន្តែ​បួន​ឆ្នាំកន្លងទៅ មិនជាយូរទេ សម្រាប់ប្រជាជនអាមេរិកាំង ដែលបានដឹងពីអ្វី ដែលលោកស្រីគ្លីនតុនបានធ្វើកន្លងមក។

ក្នុងពេលតែងតាំង លោកឃែរី លោកប្រធានាធិបតី បានបន្លឺនូវពាក្យ «ជម្រើសមួយសាកសមបំផុត» យ៉ាងដូច្នេះ ដោយជឿជាក់លើថា «គាត់ទទួលបាននូវការគោរព និងភាពទុកចិត្ត ពីសំណាក់មេដឹកនាំ ក្នុងពិភពលោក។ គាត់មិន​ចាំបាច់ត្រូវការ ហ្វឹកហ្វឺនបន្ថែមទៀតទេ។» វាពិតជាមិនខុសទេ ព្រោះតាំងពីចាញ់ឆ្នោតនៅឆ្នាំ ២០០៤មក លោកឃែរី បានខិតខំយ៉ាងខ្លាំង នៅក្នុងការងារសភា​ និងការងារព្រឹទ្ធសភា ដែលជាហេតុនាំអោយលោក មានឈ្មោះបោះសម្លេង ថាជា«អ្នកជំនាញ»នៅក្នុងបញ្ហាអន្តរជាតិ។

«យើងអាចនិយាយបានថា មានមនុស្សតិចណាស់ ដែលស្គាល់យ៉ាងច្រើន នូវប្រធានាធិបតី នាយករដ្ឋមន្ត្រីនានាក្នុង​ពិភពលោក ឬដឹងយ៉ាងច្បាស់ថាត្រូវធ្វើយ៉ាងដូម្ដេច នូវនយោបាយការបរទេស ដូចលោកចន​ ឃែរី។» លោកអូបាម៉ា បានបន្ថែមយ៉ាងដូច្នេះ។

បញ្ហាមួយ៖ មិនសូវស្និតនឹងប្រធានាធិបតី

កាលពីឆ្នាំ២០០៩ សមាជិកព្រឹទ្ធសភា ជំនាញខាងការទូតរូបនេះ បានទៅធ្វើទស្សនកិច្ច នៅតំបន់ហ្គាស្សា គ្រប់គ្រង​ដោយពួកហាម៉ាស ដែលសហរដ្ឋអាមេរិក ចាត់ទុកជាក្រុមភេវរជន។ នៅខែឧសភា ឆ្នាំ២០១១ លោកឃែរី ដដែល​ជា​អ្នកទៅជួបសម្រួលទីក្រុង អ៊ីស្លាម៉ាបាដ ខណៈដែលកងទ័ពអាមេរិក វាយសម្រុកទៅសម្លាប់ អ៊ូសាម៉ា ប៊េនឡាដេន (Oussama Ben Laden) អតីតមេដឹកនាំបណ្ដាញភេវរកម្ម អាល់ កៃដា (Al-Qaïda) ក្នុងប្រទេសប៉ាគីស្តង់ ដោយ​មិនបាន​អោយដំណឹងជាមុន។

តែបើទោះជាបទពិសោធន៍របស់លោក មានយ៉ាងក្រាស់ក្រែល យ៉ាងនេះក៏ដោយ ក៏លោកចន ឃែរី នៅតែមិនមែនជា​ជម្រើសតំបូង របស់លោកប្រធានាធិបតី នៅក្រោយការលាឈប់របស់ លោកស្រី គ្លីនតុននោះដែរ។ លោក អូបាម៉ា ចង់ងាកទៅរក លោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) បច្ចុប្បន្នជាអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ។  លោកស្រី រ៉ៃស៍ បានប្រកែកមិនព្រមទទួលយកតំណែងនេះ ដោយទំនងជាលោកស្រី នៅក្រោមសម្ពាធរិះគន់ មិនចេះ​ស្រាកស្រាន្ដ ពីសំណាក់ពួកសាធារណរដ្ឋ ដែលចោទលោកស្រី ថាមានគោលជំហរមិនច្បាស់លាស់ ខណៈមាន​ភេវរកម្មនៅទីក្រុងប៊ែនហ្គាស៊ី (Benghazi) ប្រទេសលីប៊ី ដែលបានសម្លាប់ជីវិត អ្នកការទូតអាមេរិកាំង ចំនួនបួននាក់​នៅ​ពេលនោះ។

ទីប្រឹក្សាម្នាក់របស់លោក បារ៉ាក់ អូបាម៉ា  បានបង្ហើបពីបញ្ហាមួយរបស់លោក ឃែរី៖ គាត់មិនសូវស្និត នឹងប្រធានាធិបតី ដែលខុសពីលោកស្រី រ៉ៃស៍។ បុរសទាំងពីរ លោកអូបាម៉ា និងលោកឃែរី បានជួបគ្នា​​ ជាលើកទីមួយ នៅឆ្នាំ២០០៤ ក្នុង​ពេលដែលលោកឃែរី បានឡើងនិយាយក្នុងវេទិការ ជ្រើសរើសប្រធានាធិបតី នៅទីក្រុងប៊ូស្តុន រដ្ឋម៉ាស្សាឈូសេត។

សំនុំរឿងដែលពិបាក៖ ស៊ីរី

លោកឃែរី ត្រូវដើរតាមផ្លូវដែលលោកស្រី ហ៊ីឡារី គ្លីនតុន បានត្រួសត្រាយ លាបពណ៌ និងបិតមាសអោយអាមេរិក នៅ​លើឆាកអន្តរជាតិ។ គំនិត និងចរិយាសម្បត្តិរបស់លោកឃែរី ជារឿងដ៏សំខាន់ជាងអ្វីៗទាំងអស់ ប្រសិនបើលោកចង់​អោយមានសន្តិភាព នៅតំបន់មជ្ឈឹមបូព៌ា។ គេត្រូវចាំមើលបន្តិចសិន ថាតើលោកអូបាម៉ា ចង់លូកដៃចូលក្នុងសំនុំរឿង​នេះ ឬយ៉ាងណា និងតាមរបៀបម៉េច។ តែទោះជាយ៉ាងណា ក៏លោកឃែរី ច្បាស់ជានឹងឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពី​ថ្វី​ដៃ​របស់លោក។

គម្រោងអភិវឌ្ឍន៍នុយក្លេអ៊ែរ របស់អៀរ៉ង់ និងជម្លោះនៅស៊ីរី ជាសំនុំរឿងធំពីរ ដែលលោកឃែរី ត្រូវទទួលបន្ទុកមុនគេ។ បដិវត្តន៍នៅស៊ីរី ជាសំនុំរឿងដ៏ពិបាកមួយ ដោយហេតុថា លោកឃែរី ធ្លាប់ត្រូវបានរិះគន់ ពីការធ្វើមិនដឹងមិនលឺ ហើយ​នៅបន្តគាំទ្រលោកបាល់ឆា អាល់ អាសាដ (Bachar al-Assad) តាំងពីជម្លោះបានផ្ទុះក្នុងសប្ដាហ៍ដំបូងមកម្លេះ។ ប៉ុន្តែ​យើងនឹងរងចាំមើល តើសកម្មភាពជាបឋម របស់ប្រមុខការទូតអាមេរិកនេះ នឹងចាប់ផ្តើពីកំរិតណា និងមានប្រសិទ្ធិភាព​បែបណា៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...