ចោរ​ជើង​ថ្មី ទៅ​លួច​ចំ​ស្ត្រី​អ្នក​ចំបាប់​អាជីព «គាបក​លៀន​អណ្ដាត»

ឃើញនាងដើរពីរនាក់ នៅតាមដងផ្លូវស្ងាត់ គិតថាបែបមិនអី... ហើយចង់សាកល្បងឆក់​របស់របរ​ពី​នាង... តែ​នេះ បែរ​ជា​ខក​ខ្លួន​អស់​មួយ​ជីវិត ព្រោះ​ក្នុង​ចំណោម​នាងទាំងពីរ មានម្នាក់​ជាអ្នក​ចំបាប់​អាជីព។ បន្ទាប់​ពី​ត្រូវ​នាង ដាក់​ឲ្យ​ដេក​នៅ​ផ្ទាល់​ដី យុវជន​ចោរ​ជើង​ថ្មី​បាន​ត្រឹម​តែ​ស្រែក៖ «ប៉ាប៉ា ជួយកូនផង»។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 06, 2015
  • ប្រធានបទ: ចំបាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចោរឆក់ជើងថ្មីឈ្មោះ «Wesley Sousa de Araujo» បានជិះម៉ូតូ ជាមួយយុវជនម្នាក់ទៀត ធ្វើសកម្មភាពឆក់ នារី​ពីរនាក់ នៅក្នុងកន្លៀតផ្លូវស្ថាត់មួយ នៃក្រុង «Acailandia» ភាគកណ្ដាលនៃប្រទេសប្រេស៊ីល។ ប៉ុន្តែ​ចោរ​ជើង​ថ្មី មិនបានព្រៀងទុក នូវហេតុការណ៍មួយ ដែលអាចធ្វើឲ្យចោរ ដែលកំពុងរៀនលួចឆក់ទាំងពីរ រាង​ចាល​អស់​មួយ​ជីវិត។ រាងចាល ព្រោះក្នុងចំណោមយុវតី ជាជនរងគ្រោះទាំងពីរ មានម្នាក់ជាកីឡាការិនី​ចំបាប់អាជីព ខ្សែ​ក្រវ៉ាត​ខៀវ ផ្នែក«jujitsu» នៃសហព័ន្ធប្រដាល់សេរី ពិភពលោក ដែលត្រូវបានស្គាល់ឈ្មោះ ម៉ូនិក បាស្តូស៍ (Monique Bastos)។

នាង ម៉ូនិក បាស្តូស៍ អាយុ២៣ឆ្នាំ បានថ្លែងប្រាប់គេហទំព័រ «iG» ក្នុងប្រទេសប្រេស៊ីលថា៖ «ម្នាក់ពីក្នុង​ចំណោម​ចោរទាំងនេះ បានឆក់ទូរស័ព្ទដៃ ដែលខ្ញុំកំពុងកាន់។ ខ្ញុំបានឃើញថា ពួកវាអត់មានកាំភ្លើងទេ។ អញ្ចឹង ខ្ញុំ​ផ្តួល​ម៉ូតូ​ពួកវាតែម្ដង។» ក្នុងជំនាញជាអ្នកចំបាប់ស្រាប់នេះ នាង បាស្តួស៍ បានបោកចោរប្រុសវ័យក្មេងម្នាក់ ផូស​ឲ្យ​ដួលនឹងដី មុននឹងយកជើងនាងទាំងពីរខ្ទាស់គ្នា ដើម្បីគាបក ចោរជើងថ្មី ក្នុងរយៈពេលជាង២០​នាទី។

នាង បាស្ដូស៍ បានថ្លែងឡើងទៀតថា៖ «ខ្ញុំអត់មានភ័យអ្វីទេ ព្រោះខ្ញុំដឹងថា ខ្ញុំអាចបង្ក្រាបម្នាក់នេះបាន»។

រីឯចោរជើងថ្មី យុវជន«Wesley Sousa de Araujo»វិញ ដែលទំនងជាទើបនឹងប្រទះ នូវហេតុការណ៍​ដ៏តក់​ស្លុត​របៀបនេះ ក្នុងជីវិតរបស់ខ្លួន មិនអាចធ្វើអ្វីផ្សេងកើត ក្រៅតែពីស្រែករកជំនួយ ពីម៉ែពីឪខ្លួន។ នៅក្នុងវីដេអូ ដែល​ត្រូវបានយកមកបង្ហោះ កាលពីថ្ងៃពុធសប្ដាហ៍មុន នៅលើគេហទំព័រយូធូប គេបានស្ដាប់ឮពាក្យតម្អូញ របស់​យុវជនដូច្នេះថា៖ «ប៉ាប៉ា! ប៉ាប៉ា! ជួយហៅនគរបាលផង... ប៉ាប៉ា! ជួយផង ព្រះយេស៊ូ។ ជាលើកទីមួយ​ហើយ ដែលខ្ញុំធ្វើដូច្នេះ។ ជួយខ្ញុំផង ព្រះជាម្ចាស់... នរណាក៏បាន សូមជួយខ្ញុំផង! នៅឯណា ម៉ែអើយ?»

នៅពេលនាំខ្លួន ទៅដល់ប៉ុស្ដ៍នគរបាល យុវជន«Wesley Sousa de Araujo» បាន​ស្បថ​ថា ខ្លួន​​មិន​បាន​ព្យាយាម លួចឆក់អ្វីពីនារីទាំងពីរនាក់នេះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏​នគរបាល​ប្រេស៊ីល បាន​​បើក ការស៊ើប​អង្កេត​មួយ​ឡើង​ហើយ ពីករណីនេះ៕


» សកម្មភាពបង្ក្រាបចោរជើងថ្មី របស់កីឡាការិនីចំបាប់ ជាវីដេអូ៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...