ព្ស៉ាយ នឹង​ចេញ​ចម្រៀង​ថ្មី នៅ​ខែ​មេសា​ខាង​មុខ

«ព្ស៉ាយ» អ្នកចម្រៀងដ៏ល្បី ជាអន្តរជាតិមួយរូបនេះ មិនបាននៅស្ងៀមទេ តាំងពីគាត់បានចេញបទចម្រៀងហ្គាំណាម ស្តាយ៍ (Gangnam Style) នោះមក។ បទចម្រៀង ដែលធ្វើអោយត្រូវគេអត់ទ្រាំមិនរាំតាមមិនបាន ហើយធ្វើអោយគេអញ្ជើញម្ចាស់បទ អោយទៅធ្វើការបកស្រាយ សម្ដែងនៅគ្រប់ទិសទី ក្នុងពិភពលោក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: March 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់បទ ហ្គាំណាម ស្តាយ៍ (Gangnam Style) បានប្រកាសបន្ថែមទៀត ថានឹងបង្ហាញខ្លួន នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៃ​ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលនឹងមានការផ្សាយបន្តផ្ទាល់ តាមអ៊ីនធើណែត។

«ព្ស៉ាយ» អ្នកចម្រៀងដ៏ល្បី ជាអន្តរជាតិមួយរូបនេះ មិនបាននៅស្ងៀមទេ តាំងពីគាត់បានចេញបទចម្រៀងហ្គាំណាម ស្តាយ៍ (Gangnam Style) នោះមក។ បទចម្រៀង ដែលធ្វើអោយគេអត់ទ្រាំមិនរាំតាមមិនបាន ហើយធ្វើអោយគេ​អញ្ជើញ​ម្ចាស់បទ អោយទៅធ្វើការបកស្រាយ និងសម្ដែងផ្ទាល់ នៅគ្រប់ទិសទី ក្នុងពិភពលោក។

អ្នកចម្រៀង ដែលមានឈ្មោះពិតថា ប៉ាក ជេ-សង់ (Park Jae-Sang) បានប្រកាសតាមវីដេអូមួយ ដាក់ផ្សាយលើយូធូប (YouTube) កាល​ពី​ថ្ងៃសុក្រទី០៨ខែមិនានេះថា លោកនឹងចេញចម្រៀងថ្មីមួយទៀត នៅអំឡុងខែមេសាខាងមុខ ហើយ​ទន្ទឹមនឹងនោះ លោក​ក៏នឹងចេញទៅសម្ដែង ក្នុងការប្រគុំតន្ត្រីដ៏ធំមួយ នៃទីក្រុងសេអ៊ូល។ ការប្រគុំតន្ត្រីនេះ នឹងមានការ​ផ្សាយបន្តផ្ទាល់ តាម​អាំងធើណែតផង។

«ថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៣ខាងមុខ ខ្ញុំនឹងចេញចម្រៀងថ្មីមួយបទទៀត សម្រាប់ពិភពលោកទាំងមូល។ ខ្ញុំនឹងមក​សម្ដែងក្នុងការប្រគុំតន្ត្រីដូចគ្នានៅកូរ៉េ ក្នុងពហុកីឡាដ្ឋាន សេអ៊ូល វើល ខាប់ (Séoul World Cup) ដែលអ្នកទាំងអស់គ្នា​អាចមើលឃើញតាម យូធូប។» ព្ស៉ាយ បាននិយាយយ៉ាងនេះ មុននឹងចេញក្បាច់រាំមួយភ្លែត ទៅលើចម្រៀង ហ្គាំណាម ស្តាយ៍ ដ៏ល្បីរបស់លោក។

ចម្រៀងហ្គាំណាមស្តាយ៍ នេះ បានក្លាយជាព្រឹត្តិការណ៍ដ៏ចម្លែកជាងគេ ប្រចាំឆ្នាំ២០១២ នៅក្នុងពិភពចម្រៀង​របស់​ពិភពលោក តាំងពីចម្រៀងនេះបានដាក់នៅលើយូធូប កាលពីថ្ងៃទី១៥កក្កដាកន្លងមក។ បណ្ដាជនល្បីៗ អ្នកចម្រៀង តារាភាពយន្ដ និងអ្នកនយោបាយក្នុងប្រទេសធំៗ ក្នុងលោក  រាប់តាំងពីអ្នកចម្រៀងអង់គ្លេសស្រី នាង ប្រ៊ីនីយ៍ ស្ពៀរ (Britney Spears) រហូតដល់លោក បាន គីម-មូន (Ban Ki-moon) អគ្គលេខានៃអ.ស.ប. ដោយមិនបានភ្លេចផងទេ លោកបារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក សុទ្ធតែបានចូលរួម និងតែងតែចិញ្ចឹមចិត្ត ចង់រាំ «ចង្វាក់ជិះសេះ» របស់ព្ស៉ាយ។

មកទល់នឹងថ្ងៃនេះ ចម្រៀង ហ្គាំណាមស្តាយ៍ បានទទួលការចុចចូលមកមើល ក្នុងគេហទំព័រចែកផ្សាយវីដេអូ យូធូប ប្រមាណជាជាង ១,៤ពាន់លាន ដងរួចមកហើយ។ តើជាមួយនឹងបទចម្រៀងចេញមកតាមក្រោយ ព្ស៉ាយអាចធ្វើល្អ ដូចមុនឬទេ? តាមមើលទំនង ដូចជាពិបាកបន្តិចហើយ ក្នុងការបំបែកឯកត្តកម្មនេះ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...