RSS

ចុះឈ្មោះសេរី លេងល្បែងកំសាន្ដ

ចេញផ្សាយចុងក្រោយ

57 user(s) are online (53 user(s) are browsing ផ្នែកទស្សនាវដ្ដី)

Members: 1
Guests: 56

Monoroom, more...

សេចក្ដីស្នេហា ជាវត្ថុ ដែលមិនអាចអោយ នរណាម្នាក់បង្ខំបាន

| Updated on Sat 12 May, 2012 at 19:52 | 12082 views | Trackback
សេចក្ដីស្នេហា ជាវត្ថុ ដែលមិនអាចអោយ នរណាម្នាក់បង្ខំបាន
ចែករំលែក
អត្ថបទនេះ

សេចក្ដីស្នេហា ជាធម្មជាតិ គ្មានពណ៌គ្មានសម្បុរមួយ ដែលគ្រប់មនុស្សសត្វ នរណាៗក៏ត្រូវការវាដែរ។ មនុស្សសត្វដែល គ្មានសេចក្ដីស្នេហា គេច្រើនតែចាត់ទុកថា មនុស្សសត្វនោះគ្មានបេះដូង​។ ឬនិយាយសរុបអោយឆាប់យល់ គ្រប់មនុស្សសត្វ ដែលមានបេះដូង គឺសេចក្ដីស្នេហា បានកើតមកជាមួយរួចទៅហើយ រាប់តាំងពីទារកដែលទើបនឹងកើត រហួតដល់ ចាស់ឈឺស្លាប់។ បើអញ្ចឹង សេចក្ដីស្នេហា វាពិតជាមិនអាចកាច់ផ្ដាច់ចេញពី ជីវិតរបស់មនុស្សសត្វបានឡើយ។ ការកាត់ សេចក្ដីស្នេហា ចេញពីរូបរាយកាយ ហាក់ប្រៀបបានទៅនឹង ការកាត់បេះដូងអោយដាច់ចេញពីប្រអប់ទ្រូង​ ដ៏តូចចង្អៀត ក៏ព្រមទាំង ដូចជាការកាត់ចេញនូវដួងវិញ្ញាណដ៏សែនសំខាន់ ពីជិវិតរបស់មនុស្សសត្វផងដែរ។

មនុស្សសត្វដែលគ្មានបេះដូង គឺមនុសសត្វដែលស្លាប់។ មនុស្សសត្វដែលគ្មានដួងវិញ្ញាណ គឺជាមនុស្សដែលគ្មានព្រលឹង មិនអាចធ្វើអ្វីផ្សេងបាន មានតែដង្ហើមដក គ្រាន់តែនឹងរស់ រហូតមានមនុស្សសត្វដែលគ្មានព្រលឹងខ្លះ រស់រងចាំតែ សេចក្ដីស្លាប់ប៉ុណ្ណោះ។

ខ្ញុំនឹងមិនលើកយកមកបរិយ៉ាយទេ អំពីសេចក្ដីស្នេហា​ ដែលមានរវាងទារក និងម្ដាយ ឬរវាងវត្ថុពីរដែល គេអាចឆក់ ជាប់គ្នាបាន បណ្ដាលមកពីសភាវគតិរបស់វានោះទេ (ឧទាហរណ៍៖ ដូចជាដែកឆក់​ដែលមានប៉ូល វិជ្ជមាន និងអវិជ្ជមាន ជាដើម)។ តែខ្ញុំនឺងនិយាយបកស្រាយ ពីសេចក្ដីស្នេហា ឬការស្រឡាញ់រវាងមនុស្សសត្វទាំងឡាយ ដែលបានផ្ទុះបំបែក ដួងចិត្តរបស់ខ្លួន ដែលមានធម្មតាពីមុន ឬដូចជាបានជ្រុះរបូតបេះដូងរបស់ខ្លួន ចេញពីប្រអប់ទ្រូង ដោយហេតុមក ពីខ្លួនបានយល់ក្នុងឱរ៉ា នូវខ្សែរភ្នែកដ៏មុតថ្លា ឬរូបសម្ផស្សដ៏ល្អឯក ឬភាពក្លាហ៊ានរាបសារ ស្លូតបូត ... របស់មនុស្សសត្វ ម្នាក់ទៀត។ ការចាប់ផ្ដើមមានសេចក្ដីស្នេហា វាបានធ្វើអោយមនុស្សសត្វ ដែលមិនទាន់ដឹងក្ដីទាល់តែសោះ មានចិត្តមួយ ចំលែកប្លែកជាទីបំផុត ដែលនោះគឺជាចិត្តត្រេតត្រអាលនិង ធ្វើខ្លួនអោយធំមុនអាយុ។ សេចក្ដីស្នេហា​​ ដែលវាចាប់ផ្ដើម ពន្លកចេញពីឧត្តមគតិមួយដ៏ពិសេសថ្លៃថ្លា នៃការអោយតំលៃរបស់មនុស្សសត្វមួយ ទៅរកមនុស្សសត្វមួយទៀត។ មិនត្រឹម តែប៉ុណ្ណោះ សេចក្ដីស្នេហា បានបណ្ដាលអោយមនុស្សសត្វទាំងឡាយ ធ្វើខ្លួនក្លាយជាចំណីអគ្គីស្នេហ៍ ដែលមិនទាំងបាន ដឹងថា តើភ្លើងស្នេហ៍នោះមានចំហេះឆេះសន្ធោសន្ធៅ និងក្ដៅដល់កំរិតណា។

មានសេចក្ដីស្នេហា គឺដូចជាបានលូកដៃចូលទៅក្នុង ភ្នំភ្លើងដែលកំពុងតែផ្ទុះ មិនអាចនឹងរលត់។ ស្រវឹងនឹងសេចក្ដីស្នេហា ខ្លាំងក្លាជាស្រវឹងអាភៀន រាប់សិបពាន់ម៉ឺនដង។ មនុស្សសត្វខ្លះបានសុខចិត្ត ស្លាប់ខ្លួន ជាងជារស់នៅ ក៏ព្រោះតែ សេចក្ដីស្នេហា។ មនុស្សសត្វខ្លះទៀត សុខចិត្តពុះពារឧបសគ្គ ឆ្លងភ្នំឆ្លងសមុទ្រ ហាលភ្លៀងហាលខ្យល់ គ្រប់បែបគ្រប់យ៉ាង ក៏ដើម្បីតែសេចក្ដីស្នេហា។ រឺឯមនុស្សសត្វខ្លះទៀត ក៏សុខស៊ូទ្រាំចិត្ត រស់រងកម្ម  ប្រៀបបាននឹងមនុស្សគ្មានវិញ្ញាណ យ៉ាងវេទនាខ្លោចផ្សារ ធ្វើយ៉ាងណាអោយតែបាន រស់ជិត ឬឃើញមនុស្សសត្វដែលខ្លួនស្រឡាញ់ ដែលកំពុងរស់ យ៉ាងសុខក្សេមក្សាម។ ថែមទាំងមនុស្សសត្វខ្លះ បានទាំងស្លាប់ទៅហើយ កប់ឬដុតខ្លួនយកទៅជាមួយ ទាំងសេចក្ដី ស្នេហាផង ហើយដែលលុះចំណេរកាលក្រោយៗមក ទើបត្រូវបានគេរកឃើញមកវិញ ថាជាសេចក្ដីស្នេហាមិនរស់ តែថាវា ក៏មិនបានស្លាប់ជាមួយនឹងម្ចាស់វាដែរ។ល។

សេចក្ដីស្នេហា ដែលលើកមកជូនទាំងអំបាលម៉ាន ជាសេចក្ដីស្នហាដ៏សែនរំជួលចិត្ត​ របស់មនុស្សសត្វទាំងឡាយនោះ​ ជាសេចក្ដីស្នហា ដែលយើងបានដឹងបានលឺហើយកាលណា ទ្រាំចិន្តាមិនកោតសសើរមិនបាន។ ហើយដោយហេតុ ខ្ញុំនិយាយលើកយក ពាក្យទាំងមនុស្សទាំងសត្វ យកមកជំរាបជូនរៀបរាប់ពីសេចក្ដីស្នេហានេះ បើទោះជាសត្វ មិនមានការត្រិរិះ គិតពិចារណា និងសុភវិនិច្ឆ័យ ដូចជាមនុស្សយ៉ាងណាក៏ដោយចុះ ក៏សេចក្ដីស្នេហារបស់សត្វ មិនដែល បានបែកចែក នូវថានះ ទាបខ្ពស់ពណ៌សម្បុរ ឬក៏មានក្រអ្វីនោះទេ។ ខ្ញុំអាចនិយាយបានម្យ៉ាងទៀតថា​ ធម្មជាតិលោក បានបង្កើតសត្វមក អោយគ្នាមានសភាវគតិ ដើម្បីមានស្នេហារវាង ធាតុញ៉ី និងធាតុឈ្មោល​តែម្ដង ដោយគ្មានការ ពិចារណាវែងឆ្ងាយអ្វីទាំងអស់ តែយ៉ាងហោចណាស់ សេចក្ដីស្នេហារបស់សត្វ មានភាពបរិសុទ្ធ មិនមានភាពក្លែងបន្លំ ទៅតាមការបែងចែកអ្វីឡើយ។ តែសេចក្ដីស្នេហារបស់មនុស្ស ដោយហេតុតែមនុស្ស ជាសត្វដែលមានវិចារណញ្ញាណ ដែលចេះថ្លឹងថ្លែង​ ចេះគិតបែងចែក ពីហេតុនិងផល ល្អនិងអាក្រក់ ទាបនិងខ្ពស់ ... វាបានធ្វើអោយសេចក្ដីស្នេហា របស់មនុស្ស មានរូបរាងខុសប្លែកឆ្ងាយ ពីសេចក្ដីស្នេហារបស់សត្វ។

សេចក្ដីស្នេហានៅក្នុងសង្គមខ្មែរ

ការវិវត្តន៍របស់សង្គមមនុស្ស ពីមួយជំនាន់ទៅមួយជំនាន់ បានធ្វើអោយការចាប់ពន្លក និងដំណើរដើរទៅមុខ នៃសេចក្ដី ស្នេហា​ មានរូបរាងកាន់តែប្លែក និងកាន់តែសំបូរបែប។ ទោះបីមនុស្សខិតខំ ពន្យល់ថា សេចក្ដីស្នេហា វាកើតចេញពី បេះដូងបរិសុទ្ធពិត ឥតក្លែងក្លាយ យ៉ាងណាក៏ដោយ ក៏ភ្លើងអគ្គិនៃសេចក្ដីស្នេហា ដែលវាមានឥទ្ធិពលធំក្រៃលែង អាចឈានទៅធ្វើអោយមនុស្ស ហ៊ានធ្វើអ្វីៗទាំងអស់ ដូចដែលបាននិយាយរៀបរាប់ខាងលើ។ សេចក្ដីស្នេហា បែបនេះ បានបង្កអោយមានការព្រួយបារម្ភ ពីសំណាក់អ្នកដែលនៅខាងក្រៅសាច់រឿង ដូចជាអ្នកម្ដាយលោកឪពុក រឺក៏ញាតិមិត្ត ។ល។ ដែលអ្នកទាំងនោះ តែងតែគិតយ៉ាងជ្រាលជ្រៅ ពីអានាគត និងជាពិសេស ពីឈុតឆាតនៃសេចក្ដីស្នេហា ដែលកូនចៅរបស់ខ្លួនកំពុងតែដើរតួ ហើយមិនដឹងថាតើនឹងត្រូវបញ្ចប់នៅត្រឹមកំរិតណា ឬក៏វាសនាអាចមានភ័យសំណាង បានជាគូរគាប់ សំរាប់ជាគូអនាគតនៅក្នុងជីវិត។ ការភ័យខ្លាច នេះបង្កអោយមនុស្ស បង្កើតជាច្បាប់ ប្រពៃណី ទំនៀមទំលាប់ផ្សេងៗឡើង សំរាប់ត្រួតត្រាយ គ្រប់គ្រងទៅលើសេចក្ដីស្នេហា។ មិនត្រឺមជាច្បាប់ប្រពៃណី ទំនៀមទំលាប់ ប៉ុណ្ណោះទេ តែក៏មានអ្នកម្ដាយលោកឪពុកខ្លះ បានដាក់កំហិតបន្ថែម ទៅលើកូនចៅរបស់ខ្លួនថែមទៀតផង។ ដាក់កំហិតជារឿងមួយដូច្នេះហើយ តែអ្នកម្ដាយលោកឪពុក មិនបានបឈ្ឈប់នៅត្រឹមនេះនោះទេ លោកបានឈានទៅ កាន់តែឆ្ងាយជាងហ្នឹង គឺការរៀបចំ សេចក្ដីស្នេហាអោយកូនចៅរបស់ខ្លួននោះតែម្ដង។

ការរៀបចំ សេចក្ដីស្នេហាអោយកូនចៅរបស់ខ្លួន គឺជាឆាកល្ខោនមួយ​ ដែលគេបានចាប់យកមនោសញ្ចេតនា របស់មនុស្ស ពីរនាក់ខុសពីគ្នា អោយមកដើរតួ ដោយមិនទាំងដឹងថាតើត្រូវដើរតួ យ៉ាងដូម្ដេច។ អ្នកខ្លះបានបង្ខំចិត្តបោះបង់ចោល ស្នេហាចាស់របស់ខ្លួនដើម្បីធ្វើតាមអ្នកមានគុណ ហើយអ្នកខ្លះទៀត ត្រូវរងចាំមើលថាតើគូរអនាគតរបស់ខ្លួន នឹងមានចិត្ត បែបណា បេះដូងបែបណា។ តែបើទោះជាគូរស្នេហាដែលកើតចេញពីការរៀបចំនេះ មានចិត្តបែបណា ឬបេះដូងបែបណា ក៏ដោយ ក៏ត្រូវតែនាំគ្នាខាំមាត់សង្កត់ចិត្តទទួលយក ត្បិតជាបំណងដ៏ថ្លៃថ្លារបស់មាតាបីតា ឬញាតិមិត្ត និងនៅចំពោះមុខ គំនាបរបស់ច្បាប់ទំនៀមទំលាប់។ ទាំងនេះ មាននៅក្នុងឆាកល្ខោន អោយមានសេចក្ដីស្នេហា ជាការរៀបចំទុករបស់អ្នក ដែលគាត់មិនទាំងដែលបានប្រមើលគិតឃើញសូម្បីតែបន្តិចថា  ឆាកល្ខោននេះអាចក្លាយជា សោកនាដកម្មដ៏សែន ខ្លោចផ្សារទៅវិញនោះទេ។

សេចក្ដីស្នេហា មិនអាចនរណាម្មាក់បង្ខំបាន

ជាការពិតហើយ ដែលអ្នកម្ដាយលោកឪពុក លោកតែងតែគិតទៅដល់បុត្រាបុត្រធិតារបស់ខ្លួន។ អ្នកម្ដាយលោកឪពុក ភាគច្រើនណាស់ (ជាពិសេសនៅទ្វិបអាស៊ី) បានគិតថា ពួកគាត់បង្កើតកូនមកជារូបរាងហើយ គាត់ក៏បានបង្កើតមកជា មួយដូចគ្នាដែរនូវ មនោសញ្ចេតនារបស់កូន​ ហើយវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការដែលពួកគាត់បានគ្រប់គ្រង កូនរហូតពេញវ័យនោះ ។ ពួកគាត់ត្រូវតែសំលឹងមើលពីអនាគត អោយកូនជារៀងរហូតទៅ រហូតទាល់តែពួកគាត់បិតភ្នែក ជិតនោះថែមទៀតផង។

ខ្ញុំសូមលើកយក គោលគំនិតខ្លះៗដែល អ្នកម្ដាយលោកឪពុក គួរតែយល់ ហើយបើកចិត្តអោយទូលាយ សំលឹងមើល អោយបានឆ្ងាយ គិតវិភាគនិងពិចារណាឡើងវិញ ហើយជៀសវាងក្នុងការដាក់កំហិត និងការរៀបចំអោយមាន ឆាកល្ខោន នៃសេចក្ដីស្នេហា ទៅលើកូនចៅ។ តែខ្ញុំសូមមិនលើកមកនិយាយទេ ពីអ្វីដែលមានលក្ខណៈបរទេសនិយម ឬជាលក្ខណៈ ដែលខុសនឹងច្បាប់ប្រពៃណីទំនៀមទំលាប់។

យើងរាល់គ្នា រាប់ទាំងកូនចៅរបស់យើងតូចៗ ដែលគ្នានៅមិនទាន់ដឹងក្ដីនៅឡើយនោះក្ដី គឺជារូបធាតុដ៏សំខាន់ សំរាប់ គ្រួសារ និងសង្គមដែលយើងរស់នៅ។  រាល់ការគិត និងទង្វើអ្វីក៏ដោយ វាជាវិភាគទានដ៏មានសារសំខាន់ សំរាប់បំរើអោយ គ្រួសារ សង្គម និងប្រទេសជាតិរបស់យើង។ ហើយក៏មិនមាននរណាម្នាក់បង្ខំអោយយើង ធ្វើនូវអ្វី ដែលយើងគិតថា មិនមានប្រយោជន៍សំរាប់ខ្លួនឯង គ្រួសារ សង្ពម ឬប្រទេសជាតិនោះក៏ទេដែរ។ ផ្ទុយទៅវិញ យើងក៏មិនត្រូវធ្វើអ្វី ដែលអាចអោយមានលទ្ធផលអវិជ្ជមានដល់ ខ្លួនឯង ហើយរឹតតែមិនគួរធ្វើទៅទៀត នូវអ្វីដែល ដែលអាចបង្អាក់ដល់ដំណើរ ដើរទៅរកភាពល្អប្រសើរ នៃគ្រួសារ សង្គម និងប្រទេសជាតិរបស់យើង។

រាល់គ្រប់មនុស្សសត្វ គ្មាននរណាម្នាក់កើតមក យកមកជាមួយ នូវភាពមានក្រ សរខ្មៅ ឬក៏ពូជពង្សវង្សត្រកួលនោះទេ។ រាល់គ្រប់ទារក គ្នាមិនបានជ្រើសរើស មនុស្សឬគ្រួសារ ដើម្បីមកកចាប់កំណើតនោះទេ។ ប៉ុន្តែ គឺអ្នកម្ដាយលោកឪពុក គ្រួសារ ឬសង្គម ដែលទារកនោះរស់នៅជាមួយទៅវិញទេ ដែលបានបង្រៀន អោយទារកមានភាពមានក្រ សរខ្មៅ ឬមានពូជពង្សវង្សត្រកូលនោះ។ ណាវិញមួយទៀត រាល់ការរស់នៅ ក្នុងលោកដ៏ធំធេងនេះ ការប្រស្រ័យទាក់ទងគ្នា ទៅវិញទៅមក ត្រូវតែមានជៀសមិនផុត។ អ្នកលក់ត្រូវការអ្នកទិញ ហើយអ្នកទិញ ក៏មិនអាចទៅរកទិញអ្វីបាន បើគ្មាន អ្នកលក់នោះដែរ។ ដោយសារតែហេតុនេះ ទើបសង្គមមនុស្សបង្កើត អោយមានជាភាសារនិយាយឡើង។ អ្នកម្ដាយ លោកឪពុក ត្រូវការនិយាយទៅរកបុត្រាបុត្រធីតារបស់ខ្លួន ដើម្បីបញ្ជូននូវអ្វីដែលគាត់ចង់ដឹង ឬនិយាយប្រៀនប្រដៅ ទៅរកកូនរបស់ខ្លួន។ ហើយបុត្រាបុត្រធីតា ក៏ត្រូវតែមានឱកាសសួរ ឬឆ្លើយតបទៅកាន់ អ្នកម្ដាយលោកឪពុក ខ្លួនឯងវិញ ដែរ។ ការបង្ខាំងមិនអោយ បុត្ររបស់ខ្លួន មិនអាចនិយាយស្ដី ពន្យល់ ឬបកស្រាយអ្វីមួយ ការបង្ខាំងនេះ ជារឿងដែលខុស នឹងច្បាប់ ហើយគ្មានលក្ខណៈល្អប្រពៃអ្វីសោះឡើយ។ ការបង្ខាំង ឬការហាមកូនមិនអោយនិយាយស្ដី វាថែមទាំងធ្វើអោយ កូននោះ ក្លាយជាមនុស្សដែលមានវិបត្តិខាងផ្នែកស្មារតី និងគំនិត ហើយរាល់ការប្រឈមមុខគ្នាផ្សេងៗ នឹងធ្វើអោយគ្នា មានអារម្មណ៍ខ្លាចរអា រួញរា រួចជាមុននោះទៀតផង។  តែអ្នកម្ដាយលោកឪពុកណាមួយ ដែលចង់ឃើញ កូនរបស់ខ្លួន ស្ថិតក្នុងសភាពបែបនេះ?

បញ្ហាស្នេហារបស់ បុត្រាបុត្រធីតារបស់ខ្លួន ជារឿងមួយសំខាន់ណាស់​ នៅក្នុងជីវិតរបស់គ្នា ដែលអ្នកម្ដាយលោកឪពុក ត្រូវតែដឹងហើយ ត្រូវតែយល់ពីគ្នា ដូចដែលអ្នកម្ដាយលោកឪពុកធ្លាប់បានឆ្លងកាត់ ខ្លួនលោករួចមកហើយនោះ។ អ្វីដែល អ្នកម្ដាយលោកឪពុក ធ្លាប់ឆ្លងកាត់រួចមកហើយ បើជារឿងជូរចត់ គួរតែជួយអោយកូនរបស់ខ្លួនជៀស កុំអោយ ជួបឬកើត មានជាថ្មីទៀត តែបើជាជារឿងល្អ អ្នកម្ដាយលោកឪពុកនោះ ក៏គួរតែប្រាប់ទៅកូនដើម្បីទុកជាគំរូហើយ ហើយត្រូវបង្រៀន អោយកូន ចេះធ្វើការសំរេចចិត្តខ្លួនឯង នឹងហ៊ានទទួលខុសត្រូវ ហ៊ានទទួលយក នូវរាល់ការសំរេចចិត្តនោះ។

នៅមានត------

ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២



Agregar a BlinkList.com! Add to Del.icio.us! Digg It! Add to FaceBook! Add to Furl! Agregar a Reddit! Agregar a StumbleUpon! Tweet on Twitter Share on Linked In Add to Google Bookmarks Add to Yahoo! Bookmarks Share on Tuenti
 

យោបល់ និងមតិ