វត្តភ្នំ កន្លែងណាត់ជួបថ្មី នៃ«ពេស្យាកម្ម»
- ដោយ: មនោរម្យ.អាំងហ្វូ ដោយ៖ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មីនា ២០១៥
- កែប្រែចុងក្រោយ: March 24, 2015
- ប្រធានបទ: បទយកការណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វត្តភ្នំ កំពុងប្រែក្លាយជា កន្លែងណាត់ជួប នៃពេស្យាកម្ម រវាងអ្នករកស៊ីផ្លូវភេទ និងអ្នកត្រូវការសេវាបម្រើផ្លូវ? ទោះពិត ឬមិនពិតក៏ដោយ តែវាកំពុងតែកើតឡើង ក្នុងពេលនេះ។ ដោយចង់ដឹង ពីករណីនេះ កាលពីប៉ុន្មានថ្ងៃមុន អ្នកសារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរ ទៅកាន់ទីនោះ ហើយទទួលបានការស្វាគមន៍ ដូចអ្វីដែលគេបានលើកឡើងនោះមែន។
មិនទាន់បានជាន់ជើង នៅនឹងរមនីយដ្ឋានប្រវត្តសាស្រ្តនេះ បានស្រួលបួលផង តែបុរសៗជាច្រើន ដែលនៅតំបន់នោះ បានបែរភ្នែក សម្លឹងមើលមកនាងរួចជាស្រេច។ បន្ទាប់ពីអ្នកសារព័ត៌មាន បានទៅអង្គុយ នៅលើកៅអីវែងមួយ ដែលគេដាក់សម្រាប់ ឱ្យភ្ញៀវអង្គុយលេង មិនទាន់បាន១០នាទី ស្រាប់តែបុរសចំណាស់ម្នាក់ ក្នុងវ័យប្រមាណ៥០ឆ្នាំ បានដើរចូលមកជិតកញ្ញា ហើយបានផ្តើមនិយាយ មករកនាង ជាមួយនឹងការតថ្លៃ នូវតម្លៃខ្លួន បើព្រមទៅគេង ជាមួយបុរសនេះ។ បុរសវ័យចំណាស់នោះ បានអះអាងថា ខ្លួនទើបតែមកពីសហរដ្ឋអាមេរិក។
បន្ទាប់ពី បានបដិសេធជាមួយបុរសវ័យចំណាស់ តែនៅមានតណ្ហាក្រាសនេះរួច អ្នកយកព័ត៌មានទស្សនាវដ្តីស្ត្រីយើង បានដើរចេញ ទៅជួបស្រី្តម្នាក់ ដែលកំពុងអង្គុយរងចាំម៉ូយ។ ស្ត្រីវ័យប្រមាណជា៣០ឆ្នាំ ឈ្មោះ សកុណា (ឈ្មោះដែលអ្នកសារព័ត៌មាន ដាក់ជំនួស) ដែលបានអះអាងថា ខ្លួនជាអ្នកផ្តល់ នូវសេវាបម្រើផ្លូវភេទ បានប្រាប់អ្នកសារព័ត៌មានយើងថា៖ «បើអូនឯងមិនមែន ជាអ្នករកស៊ីអញ្ចឹងទេ កុំមកអង្គុយកន្លែងហ្នឹងអី ប្រយ័ត្នគេច្រឡំ ព្រោះថា នៅកន្លែងនេះ ឱ្យតែឃើញស្រីក្មេងមកអង្គុយម្នាក់ឯង នឹងមានម៉ូយ មកទាក់យកទៅហើយ។ បើមិនមានការអីសំខាន់ទេ គួរតែប្រញាប់ចេញទៅ។»។
នាង សកុណា បាននិយាយថា នាងបានប្រកបរបរ រកស៊ីផ្លូវភេទនៅតាមដងផ្លូវ រយៈពេលជិត៥ឆ្នាំហើយ ហើយក្នុងមួយថ្ងៃ នាងរកបានម៉ូយ ឬអ្នកមករកសេវាផ្លូវភេទ បានពីម្នាក់ ទៅពីរនាក់ ថ្ងៃខ្លះក៏បានលើសហ្នឹង ប៉ុន្តែគាត់មិនអាចទទួល ការដេកជាមួយភ្ញៀវ លើសពី៣នាក់បានទេ ក្នុងមួយថ្ងៃ។ នាងបានរកប្រាក់ ពីភ្ញៀវម្នាក់ៗ ក្នុងចំនួន១០ដុល្លារ។
មិនមែន តែអ្នកសារព័ត៌មាន របស់ទស្សនាវដ្តីទេ ដែលត្រូវបានគេមកតថ្លៃ ចង់យកចេញទៅ តែបើសូម្បីយុវតីម្នាក់ មានសម្លៀកបំពាក់ ឯកសណ្ឋានជាសិស្ស ដែលបានមកឈរក្បែររមនីយដ្ឋាន ក៏ត្រូវបានបុរសម្នាក់ មកឈប់ម៉ូតូនៅពីមុខនាង ដើម្បីតថ្លៃផងដែរ។ អ្នកសារព័ត៌មាន បានដើរទៅជិតយុវតី ដើម្បីសាកសួរ ហើយត្រូវបាននាង ឆ្លើយតបមកវិញថា នាងទើបនឹងចេញពីសាលារៀន នៅក្បែរនោះ ស្រាប់តែមកដល់ទីនេះ នាងត្រូវបានបុរសម្នាក់នោះ ជិះម៉ូតូមកឈប់ក្បែរ រួចធ្វើការតថ្លៃតែម្ដង។ នាងបានរៀបរាប់ថា នាងទើបនឹងមកភ្នំពេញ នាងមិនដឹងថា រមនីយដ្ឋានវត្តភ្នំ ដែលជាបេះដូងរបស់រាជធានី ក្លាយជាកន្លែងបែបហ្នឹងទេ។ ដោយសារហេតុនេះហើយ ទើបទៅឈរ រង់ចាំបងនៅទីនោះ។
ការប្រកបរបរ ផ្ដល់សេវាផ្លូវភេទ ត្រូវបានហាមឃាត់ នៅក្នុងប្រទេសកម្ពុជា ដោយអាជ្ញាធរចាត់ទុកថា បានប៉ះពាល់ដល់ប្រពៃណី ទំនៀមទំលាប់ និងជាពិសេស ដល់រូបភាពរបស់ស្ត្រីខ្មែរ។ កន្លងមក អាជ្ញាធរធ្លាប់បាន ចាត់វិធានការជាច្រើនដង ទៅលើក្រុមនារីដែលរកស៊ីផ្លូវភេទ នៅទីរមនីយដ្ឋានវត្តភ្នំ ប៉ុន្តែវិធានការទាំងនោះ ហាក់ពុំមានប្រសិទ្ធភាពទេ ដោយជារឿយៗ នារីៗដែលរកស៊ី បម្រើសេវាផ្លូវភេទ តែងត្រឡប់មកឈររងចាំម៉ូយ នៅទីនោះវិញ។ រីឯអ្នកដែលទៅរកសេវានេះវិញ ក៏នៅតែ ត្រឡប់ទៅទីនោះវិញ ដើម្បីតម្រូវការរបស់ខ្លួន មិនដែលដាច់ដែរ។
សំនួរសំខាន់បំផុត ដែលត្រូវសួរនៅពេលនេះ ថាតើគេត្រូវទុកឲ្យ «វត្តភ្នំ»រមនីយដ្ឋានជាបេះដូង និងជាតំបន់ទេសចរណ៍មួយនេះ មានឈ្មោះជាកន្លែង ដែលគេស្វែងរក ការបម្រើផ្លូវភេទឬ?
ប៉ុន្តែ គេនឹងមិនអាចបំបាត់ សេវាកម្មនេះទាំងស្រុងបានទេ ប្រសិនបើគេមិនយល់ ពីឫសគល់នៃបញ្ហា។ អ្នកជំនាញ ខាងបញ្ហាសង្គមមួយរូប បានលើកឡើងថា៖ «គេមិនអាចវែកចកចេញ ឲ្យបាត់ទៅបានរហូតទេ បើគេមិនដឹងពីមូលហេតុ ដែលធ្វើឲ្យចក ចេញតែវិញត្រឡប់មកវិញ»។ ចំពោះមូលហេតុ ដែលឈានទៅជ្រើសរើស ការបម្រើសេវាផ្លូវភេទទាំងនោះ មានករណីរួមផ្សំជាច្រើន ក្នុងនោះបញ្ហាសំខាន់ បណ្ដាលមកពីសង្គម និងអ្នកទទួលខុសត្រូវដឹកនាំសង្គម ដែលគ្មានសមត្ថភាព ក្នុងការរកដំណោះស្រាយ សព្វបើករណីតូចមួយនេះ។
ករណីនេះ បានស្ដែងច្បាស់ តាមរយៈស្ត្រីបម្រើសេវាផ្លូវភេទខាងលើ នាង សកុណា ដែលជាអ្នកមកពីខេត្តមួយរូប។ នាងនិយាយថា ដោយសារតែគ្មានមុខរបរ និងមានជីវភាពក្រីក្រ ទើបនាងបានសម្រេចចិត្ត ជ្រើសរើសយកមុខរបរនេះ។ សកុណា បានបន្តថា ការរកស៊ីរបស់នេះ មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែដោយសារតែគ្មានជម្រើស ទើបគាត់ធ្វើបែបនេះ ដើម្បីរកលុយចិញ្ចឹមគ្រួសារ ប៉ុន្តែក៏មាននារីក្មេងមួយចំនួនទៀត បានចាញ់បោកសង្សារ ហើយក៏ទៅប្រកប មុខរបរលក់ផ្លូវភេទនេះដែរ៕