ទារក​តូច​រូប​នេះ​បាក់​ក​ហើយ តែ​បាន​ពេទ្យ​ជួយ​«ត​ឲ្យ​ជាប់»​វិញ

ប្រពន្ធផ្សព្វផ្សាយ ជាភាសាអង់គ្លេសជាច្រើន បានសម្ដែងការសាទរ ចំពោះលទ្ធផលជាវិជ្ជមាន ដែល​កើត​ចេញ ពី​ការ​វះ​កាត់​ដ៏​អស្ចារ្យ​មួយ ទៅ​លើ​ទារកអាយុ១៦ខែមួយរូប ដោយក្រុមគ្រូពេទ្យអូស្ត្រាលី។ ទារកបានរងគ្រោះ «បាក់ក» នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដ៏រន្ធត់មួយ ប៉ុន្តែបានរួចរស់មានជីវិតវិញ ដោយ​ការ​ជួយ​សង្គ្រោះ របស់​គ្រូពេទ្យ​ឯកទេស នៃមន្ទីរពេទ្យ «Brisbane»។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 11, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទារក «Jackson Taylor» មានអាយុទើបនឹងបាន ១៦ខែ តែមានជីវិតដើរមកដល់ «មាត់»ជ្រោះមរណារួច​ហើយ បន្ទាប់ពីកុមារបានរងគ្រោះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពី៤សប្ដាហ៍មុន។ នៅក្នុង​ហេតុ​ការណ៍​នោះ រថយន្ដដែលបើកបរ ដោយម្ដាយរបស់ទារក ក្នុងល្បឿនលឿនជាង ១១០គ.ម ក្នុងមួយម៉ោងនោះ បាន​បុក​ពេញមួយទំហឹង ចំពីមុខនឹងយានយន្ដមួយទៀត បង្កឲ្យរថយន្ដទាំងពីរ រួញចូលគ្នា និងធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ដ រងរបួស​ទាំង​សង​ខាង។

ទារក «Jackson Taylor» បានរងគ្រោះបាក់ក និងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ គ្មាន​នរណា​ម្នាក់​គិត​ថា ទារកអាចនៅមានជីវិតនោះទេ។ គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យ «Brisbane» (ភាគខាងកើត នៃ​ប្រទេស​អូស្ត្រាលី) លោកវេជ្ជបណ្ឌិត «Geoff Askin» ដែលបានធ្វើការវះកាត់កុមារ បានថ្លែងប្រាប់​ស្ថានីយ៍​ទូរទស្សន៍ «7 News Melbourne» ថា របួសរបស់ទារកមានសភាពធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់។ លោក​វេជ្ជបណ្ឌិត បាន​រៀបរាប់ថា ការប៉ះទង្គិចដ៏ខ្លាំង រវាងរថយន្ដទាំងពីរ បានធ្វើឲ្យទារកបាក់ក ផ្នែក​ខាង​ក្នុង ដែល​ចង់​មាន​ន័យ​ថា លលាដ៏​ក្បាល​ទារក បានដាច់ចេញពីឆ្អឹងកទៅហើយ។

ប៉ុន្តែជាសំណាងល្អ ដែលប្រព័ន្ធសរសៃប្រសាទ ដែលទាក់ទងនឹងជីវិតកុមារ មិនត្រូវបានប៉ះពាល់ ឬធ្វើឲ្យ​មាន​ការខូចខាតខ្លាំង។ លោកគ្រូពេទ្យ «Geoff Askin» ដែលល្បីខាងការ«តឆ្អឹង» នៅក្នុងប្រទេសអូស្ត្រាលី បាន​​ថ្លែង​ឲ្យ​ដឹង​ថា៖ «កុមារច្រើននាក់ណាស់ មិនមានជីវិតរស់រាន នៅក្នុងករណីរងគ្រោះយ៉ាងអញ្ចឹងទេ។ មនុស្ស​មុនៗ ដែល​យើងអាចសង្គ្រោះបាន មិនអាចដើរបានឡើងវិញ ឬដកដង្ហើមដោយខ្លួនឯង បាន​ឡើយ។»

បន្ទាប់ពីការវះកាត់ ដែលមានរយៈពេលប្រមាណជាង ៦ម៉ោង ក្បាលទារកតូច ត្រូវបានដាក់ឲ្យជាប់ ជាមួយ​នឹង​ឆ្អឹងកឡើងវិញ ដោយប្រើខ្សែចងភ្ជាប់ និងផ្នែកខ្លះនៃឆ្អឹងជំនី របស់ទារក។ នៅថ្ងៃនេះ កុមារ«Jackson Taylor» នៅពាក់ជាប់នឹងក្បាល នូវឧបករណ៍ការពារលំនឹង រវាងក្បាលមកទ្រូង ដើម្បីធានាដល់ការជាសះ នៃ​មុខ​តំណ (រវាងលលាដ៏ក្បាល មកឆ្អឹងក)។ នៅក្នុងរូបភាពទូរទស្សន៍ គេឃើញកុមារ អាចទះបាល់លេង​ជា​បណ្ដើរៗ មុន​នឹងឧបករណ៍ការពារលំនឹង អាចត្រូវដោះចេញ នៅក្នុងបួនសប្ដាហ៍ខាងមុខ៕


» រូបភាពបទយកការណ៍ របស់ទូរស្សន៍ «7 News Melbourne»៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...